ព្រះសីហនុ: លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានចាត់ទុកការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្សដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចាំបាច់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ។
ការចាត់ទុករបស់លោកហ៊ុនម៉ាណែតបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)ចំនួន៥២៥អង្គ/នាក់នៅខេត្តព្រះសីហនុនាថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៣បន្ទាប់ ពីពួកគេយកចិត្តទុកដាក់រៀនសូត្រនិងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកលោកហ៊ុនម៉ាណែតកោតសរសើរដល់សាកលវិទ្យាល័យUME ដែលបានវិនិយោគលើវិស័យ អប់រំក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះដោយបានអភិវឌ្ឍខ្លួនឈានឡើងជាបន្តបន្ទាប់រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូ ទាំងប្រទេស។ នេះគឺជាការចូលរួមចំណែកមិនអាចខ្វះបានជាមួយនឹងរាជរដ្ឋាភិបាលដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។
លោកថ្លែងថា៖«សូមសិស្ស-និស្សិតកម្ពុជាគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍិពិតប្រាកដច្បាស់លាស់ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើងក្នុងចរន្តសកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាងអភិវឌ្ឍប្រទេសទៅមុខ»។
លោកហេងវ៉ាន់ដាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែឧសភាថា ការលើកឡើងរបស់លោកហ៊ុន ម៉ាណែត ពិតជាត្រឹមត្រូវ និងមានសារៈសំខាន់បំផុត ព្រោះបើប្រទេសមួយមិនមានការវិនិយោគលើការអបរំនេះទេ នឹងធ្វើឱ្យសង្គមសម្បូរទៅដោយបញ្ហា និងអនាធិបតេយ្យមិនខានឡើយ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល បានចំណាយដើមទុនរាប់រយលានដុល្លារ វិនិយោគលើវិស័យអប់រំនេះ។
លោកបានថ្លែងថា៖«បើនិយាយពាក្យអប់រំនេះ គឺមានភាពទូលំទូលាយដោយក្តោបទៅលើចរិយាធម៌ គុណធម៌ សីលធម៌ និងសុជីវធម៌ជាដើម។ ក្នុងន័យនេះ និស្សិតដែលទទួលបានអប់រំកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតជាដើម ពីសាលារៀន ហើយចេញទៅរកការងារធ្វើនានានឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងការវិនិយោគផ្សេងៗ»។
លោកហេង វ៉ាន់ដា បានសង្កត់ធ្ងន់បន្ថែមថា តាមរយៈចំណេះដឹងរបស់ពួកគេដែលទទួលបានការអប់រំពីសាលា នឹងជួយជំរុញកំណើននៃការអភិវឌ្ឍប្រទេសជាតិបានលឿន៕