ព្រះវិហារ: លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនាថ្ងៃទី ៨ ខែឧសភាថា កូនដើមឈើនៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាច្រើនរយដើម ត្រូវបានបំផ្លាញពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកសុខ ទូច បានលើកឡើងលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា លោកមានគម្រោងដាំដើមឈើឱ្យបាន ១លានដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប៉ុន្តែត្រូវបានបំផ្លាញគ្រប់ទិស ដូចជា ដុតព្រៃ រានយកដី លែងសត្វពាហនៈឱ្យចូលស៊ីបំផ្លាញជាដើម។
លោកសុខ ទូច បានលើកឡើងថា៖ «ទីតាំងមួយកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កន្លងមកបានចូលរួមដាំ រួមមានគណៈអភិបាលខេត្តព្រះវិហារ គណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សិស្ស និស្សិត និងមន្ត្រីមូលដ្ឋានជាច្រើននាក់ តែពេលនេះមានអ្នកមកកាប់បំផ្លាញចោល ហើយដាំដំឡូង»។
លោកបានបន្តថា៖«យើងមិនបន្តឱ្យដាំទៀតទេ គឺយើងនៅអភិរក្សដើមឈើដែលមាន»។
បើតាមលោក សុខ ទូច កូនឈើដាំ ដែលត្រូវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់នោះបំផ្លាញចោលនេះ បានដាំតាំងពី៣ឆ្នាំមុន។ លោកបានសង្កត់ធ្ងន់ដែរថា វាមិនត្រឹមតែបំផ្លាញដើមឈើប៉ុណ្ណោះទេ តែវាក៏បានបំផ្លាញទាំងលុយរដ្ឋដែលចំណាយទៅលើការដាំនេះផងដែរ។
លោកសុខ ទូច បានបញ្ជាក់តាមរយៈវីដេឃ្លីបថា លោកមិនបានចុះទៅត្រួតពិនិត្យតែក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ ដើមកូនឈើទាំងនោះ ត្រូវបានគេបំផ្លាញអស់គ្មានសល់។ រីឯទីតាំងខ្លះត្រូវបានគេដកកូនឈើចេញ ដែលជំនួសមកវិញនូវការដាំស្វាយចន្ទីហើយដើមឈើខ្លះទៀត ត្រូវបានគេក្រៀវ សម្លាប់ចោល ដើម្បីរានយកដីធ្វើជាកម្មសិទ្ធិជាដើម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ត្រូវបានលោក និងរាជរដ្ឋាភិបាលរៀបចំឱ្យមានទីតាំងដីរស់នៅ និងធ្វើស្រែចម្ការរួចហើយ ដើម្បីកុំឱ្យមកបំផ្លាញ និងធ្វើអាជីវកម្មព្រៃឈើនៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបន្តទៀត ប៉ុន្តែពួកគេហាក់ដូចជាមិនបានយកចិត្តទុដាក់អនុវត្តទេ។ នៅពេលដែលលោកមានវិធានការក្តៅ ពួកគេបានលើកយកហេតុផលថា ជំពាក់មីក្រូហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗទៀត។
ទាក់ទងនឹងករណីនេះ លោកស្រី ហ៊ួរ ម៉ាប៊ុននី មន្ត្រីអង្គការអាដហុកប្រចាំខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែឧសភាថា លោកស្រីមិនទាន់ទទួលបានព័ត៌មានជាក់លាក់ជុំវិញការលើកឡើងរបស់លោកសុខ ទូច នៅឡើយទេ ព្រោះលោកស្រីកំពុងជាប់រវល់ចុះទៅធ្វើការនៅតាមមូលដ្ឋាន។
លោកស្រីបានថ្លែងថា៖«ដូច្នេះ ខ្ញុំមិនហ៊ានធ្វើអត្ថាធិប្បាយថាយ៉ាងណានៅឡើយទេ តែយ៉ាងណាខ្ញុំនឹងចុះប្រមូលព័ត៌មាន ឱ្យបានជាក់លាក់លើបញ្ហានេះ»។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទំហំ ១១៤,៣៥គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងឃុំឆែបកើត និងឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ៕