ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាតម្រង់ទិសស្តីពី «យន្តការអនុវត្តកម្មវិធីសាលាគំរូ» ទៅដល់គណៈគ្រប់គ្រងវិទ្យាល័យធនធានចំនួន ៥០ ក្នុង ២៥ រាជធានី-ខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការបង្រៀនសិស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា តាមរយៈការវិនិយោគរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ក្រសួងបានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីយន្តការអនុវត្តកម្មវិធីសាលាគំរូ ជូនគណៈគ្រប់គ្រងមកពីវិទ្យាល័យធនធានសរុបចំនួន ៥០។
ពិធីបើកសិក្ខាសាលានេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង USESDP-II ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីថ្នាក់ជាតិ មន្ត្រីអនុវត្តគម្រោង លោកនាយក លោកស្រីនាយិកានៃវិទ្យាល័យធនធានគោលដៅទាំង ៥០ និងទីប្រឹក្សាគម្រោងរួមមានអង្គការ VSO និងអង្គការ KAPE ផងដែរ។
ក្រសួងអប់រំ បានបញ្ជាក់ថា ៖ «សិក្ខាសាលានេះ គឺជាការបោះជំហានទៅមុខទៀតនូវការធ្វើឱ្យប្រសើរឡើងនៃការអនុវត្តនៅកម្រិតសាលារៀនដោយអ្នកចុះជួយគាំទ្រសាលារៀន អ្នកអនុវត្តផ្ទាល់នៅសាលារៀន និងអ្នកពាក់ព័ន្ធផ្សេងទៀតបានចេះទ្រឹស្តី ការអនុវត្តផ្ទាល់ និងការគាំទ្របច្ចេកទេសអនុវត្តកម្មវិធីសាលារៀនគំរូ (SBM)»។
ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានឱ្យដឹងនៅថ្ងៃទី៨ ខែឧសភា ថា សាលាគំរូជាសាលាមួយដែលមានបរិស្ថានស្អាត ដែលនៅក្នុងនោះ ក៏មានវិទ្យាល័យចំនួន៥០ ក្នុងបណ្ដា២៥រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោកបានបន្តថា វិទ្យាល័យទាំងនេះមានអគារធនធាន ដែលជាកន្លែងពិសោធ ខណៈក្រសួងអប់រំកំពុងជំរុញឱ្យវិទ្យាល័យដែលមានអគារធនធាននេះ ក្លាយជាសាលារៀនជំនាន់ថ្មី ឬជាសាលារៀនគំរូនៅក្នុងខេត្តនីមួយៗ។
បើតាមលោក លី ម៉េងសាន ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២(USESDP-II)ដែលបានវិនិយោគមកលើវិទ្យាល័យដែលមានអគារធនធាន ដើម្បីធ្វើយ៉ាងណាត្រូវបង្រៀនសិស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ជាគំរូក្នុងខេត្តនីមួយៗ។
លោកលើកឡើងថា ចំពោះខេត្តកំពង់ចាម វិទ្យាល័យដែលមានអគារធនធាន គឺមានចំនួនសរុបទាំងអស់ ៨វិទ្យាល័យដែលតម្រូវឱ្យវិទ្យាល័យទាំងនោះត្រូវធ្វើយ៉ាងណាប្រែក្លាយទៅជាវិទ្យាល័យមួយដែលបង្រៀនសិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព ខណៈដែលមានការរៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពីយន្តការអនុវត្តកម្មវិធីសាលាគំរូជូនដល់គណៈគ្រប់គ្រងមកពីវិទ្យាល័យដែលមានអគារធនធាននេះ។
លោក លី ម៉េងសាន បានបញ្ជាក់ថា៖ «ដូច្នេះការអនុវត្តកម្មវិធីសាលាគំរូខេត្តកំពង់ចាម យើងបានចាប់ផ្តើមនៅវិទ្យាល័យព្រះសីហនុយើងហ្នឹងដែលធ្វើយ៉ាងណាដើម្បីឱ្យនាយកហ្នឹងគាត់រឹងមាំសហការជាមួយនាយករង ហើយយើងក៏រៀបចំឱ្យមានបន្ទប់ពិសោធន៍ និងរួមទាំងបន្ទប់បង្រៀនតាមមុខវិជ្ជាផងដែរ»។
ជុំវិញរឿងនេះ លោកយង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វាពិតជាមានចាំបាច់ដែលក្រសួងអប់រំ យុវជន និងកីឡា បង្កើតសាលារៀនគំរូទាំងនេះដើម្បីជាការកែទម្រង់នៅក្នុងមធ្យមសិក្សា ពីព្រោះកន្លងមកមធ្យមសិក្សា គឺជាគ្រឹះសំខាន់ណាស់សម្រាប់វិស័យអប់រំ។
លោកថា៖«ហេតុដូច្នេះកម្ពុជាគឺត្រូវមានកំណែទម្រង់ប្រាកដនិយមមួយ ដែលមានលក្ខណៈជារបស់ខ្លួនឯង ហើយទំនើបទាន់សម័យ ខណៈដែលសកលលោកកំពុងដំណើរការវិវឌ្ឍន៍ផងដែរ»។
លោក យង់ ពៅ បានបន្តថា ក្រសួងអប់រំ ក៏ត្រូវតែចាំបាច់បង្កើតការអប់រំថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីជាការឆ្លើយតបទៅនឹងបរិបទសកលលោក ហើយក៏ដើម្បីយុវជន និងក្មេង អាចដើរឱ្យទាន់បរិបទសម័យបច្ចេកវិទ្យាផងដែរ។
លោកបញ្ជាក់ថា៖ «យើងក៏គាំទ្រនូវការអនុវត្តរបស់ក្រសួងអប់រំដែលផ្ដោតទៅលើទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅកម្រិតចំណេះទូទៅនៃសាលាគំរូនេះ ជាពិសេសក្រសួងត្រូវតែជំរុញបន្ថែមក្នុងការធ្វើកិច្ចការងារទាំងនេះឱ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅនៅថ្ងៃអនាគត»។
សូមបញ្ជាក់ផងដែរថា អគារធនធានត្រូវបានក្រសួងអប់រំកសាងនៅទូទាំងប្រទេសដើម្បីផ្សារភ្ជាប់មុខវិជ្ជាវិទ្យាសាស្ត្រទាំង៤ គឺ គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងផែនដីវិទ្យា ទៅនឹងការអនុវត្តពិសោធន៍ជាក់ស្តែង ព្រោះអគារនេះមានបន្ទប់ពិសោធន៍ និងឧបករណ៍ពិសោធន៍គ្រប់គ្រាន់សម្រាប់មុខវិជ្ជាទាំង៤ផងដែរ៕