ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យពី ១ ដំណាក់កាលទៅ ១ ដំណាក់កាលមានការចាប់អារម្មណ៍ខ្ពស់ និងបង្ហាញការចូលរួមគាំទ្រពីអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងភ្ញៀវទេសចរដែលចូលទស្សនាក្នុងតំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី៨ ខែឧសភា។
លោកបានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យនឹងធ្វើនៅខេត្តកំពង់ស្ពឺនៅថ្ងៃទី៩ ខែឧសភា ដើម្បីចូលរួមកាត់បន្ថយអន្ទាក់ និងលុបបំបាត់ឱ្យបានទាំងស្រុងនូវអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងផ្តល់សុវត្ថិភាពទៅដល់សត្វព្រៃ។ លោកបន្តថា គេមិនដឹងថា មានចំនួនអន្ទាក់ច្រើនប៉ុនណាទេដែលត្រូវបានដាក់នៅក្នុងព្រៃក្នុង១ឆ្នាំៗ ប៉ុន្តែជាក់ស្តែងមានអន្ទាក់តែប្រមាណ២០ភាគរយប៉ុណ្ណោះដែលមន្ត្រីបរិស្ថានខិតខំដោះបាន។
លោកបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង គឺស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ និងជាតំបន់ដែលត្រូវបានដឹងថា ដោះអន្ទាក់បានច្រើនជាងគេនៅក្នុងចំណោមបណ្តាខេត្តផ្សេងៗទៀតនៅកម្ពុជា ដែលមានតំបន់ការពារធម្មជាតិ។ លោកថ្លែងថា៖«អន្ទាក់ដែលបានដាក់នោះគឺធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជាច្រើន ជាពិសេសប្រភេទសត្វក្រចកចំពាម ដែលដើររកស៊ីនៅលើដី ហើយអន្ទាក់នេះគឺបានធ្វើឱ្យសត្វស្លាប់ជារៀងរាល់ថ្ងៃគឺមន្ត្រីឧទ្យានុរក្សរបស់យើងជាមួយនឹងសហគមន៍ និងអង្គការដៃគូបានសហការគ្នាក្នុងការដោះអន្ទាក់ជាច្រើនរយពាន់អន្ទាក់នៅក្នុងតំបន់ជួរភ្នំក្រវាញ»។
បើតាមលោកនេត្រ ភក្ត្រា ទិសដៅដែលក្រសួងបរិស្ថានឆ្ពោះទៅខេត្តកំពង់ស្ពឺ ដោយសារខេត្តនេះជាខេត្ត១ ភ្ជាប់ជាមួយនឹងជួរភ្នំក្រវាញនិងជាតំបន់ដែលសម្បូរទៅដោយសត្វព្រៃ។ជាមួយគ្នានោះខេត្តនេះក៏ដូចជាខេត្តតំបន់ការពារផ្សេងៗទៀតដែលមានការលក់សាច់សត្វព្រៃនៅតាមភោជនីយដ្ឋាន និងភូមិស្រុក ។ លោកបន្តថា តាមរយៈយុទ្ធនាការនេះ ក្រសួងបរិស្ថានខិតខំដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋដែលទី១ អ្នកនៅជុំវិញតំបន់ការពារធម្មជាតិ និងធ្លាប់តែប្រកបរបរចិញ្ចឹមជីវិតដោយការដាក់អន្ទាក់ ឱ្យបញ្ឈប់សកម្មភាពនោះ។
លោកបន្ថែមថា ចំណុចទី២ដើម្បីឱ្យប្រជាពលរដ្ឋដែលចូលចិត្តបរិភោគសាច់សត្វព្រៃ និងគិតថា សត្វព្រៃជាឱសថ ជាថ្នាំប៉ូវកម្លាំង ប្តូរការគិត និងយល់ថា នោះមិនដូចអ្វីដែលពួកគាត់គិតនោះទេ តែផ្ទុយទៅវិញសាច់សត្វព្រៃធ្វើឱ្យគាត់អាចរងគ្រោះថ្នាក់ដល់ជីវិត នៅពេលសត្វមានជំងឺនិងមិនបានព្យាបាលត្រឹមត្រូវតាមវេជ្ជសាស្ត្រ។ បើតាមលោកនេត្រ ភក្ត្រា មានភោជនីយដ្ឋានជាង ៧០ កន្លែងនៅខេត្តចំនួន ៧ រួមមាន រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ពោធិ៍សាត់ និងកំពង់ធំ ដែលបានប្តេជ្ញាមិនលក់មុខម្ហូបធ្វើពីសត្វព្រៃ។ ដោយឡែកនៅខេត្តកំពង់ស្ពឺមានភោជនីយដ្ឋាន៧កន្លែងទៀតទើបបានប្រកាសមិនលក់ម្ហបធ្វើពីសត្វព្រៃ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានមន្ត្រីឧទ្យានុរក្សចំនួន៧៩នាក់ ដែលការពារអភិរក្សតំបន់ការពារធម្មជាតិនៅស្រុកចំនួន៣គឺស្រុកថ្ពង ឱរ៉ាល់ និងស្រុកភ្នំស្រួច។ នៅក្នុងឆ្នាំ២០២២ កន្លងទៅ មន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ស្ពឺបានចុះល្បាតចំនួន២៥៦លើក ក្នុងនោះបានដោះអន្ទាក់បានចំនួន៨០០ រឹបអូសរណារយន្ត ៣៦គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៥ករណី។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ថ្លែងថា ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបានដាក់ឱ្យប្រើប្រាស់ QR កូដ១ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ។ លោកបញ្ជាក់ថា QR កូដថ្មីនេះបានដាក់ឱ្យប្រើប្រាស់៣ខែមកហើយ ដែលក្នុងរយៈពេលនេះមានអ្នកចូលរួមប្តេជ្ញាឈប់បរិភោគសាច់សត្វព្រៃជាង៤ពាន់នាក់ហើយ។
លោកថ្លែងថា៖«ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវឱ្យទាំងអស់គ្នាកុំប៉ះពាល់សាច់សត្វព្រៃ ហើយយើងទាំងអស់គ្នាគួរតែរក្សាសត្វព្រៃឱ្យរស់នៅក្នុងព្រៃបានសុខ ដើម្បីវិស័យទេសចរណ៍ក្នុងប្រទេសរបស់យើង»៕