ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តឱ្យភាគីកម្ពុជា និងសិង្ហបុរីពិនិត្យមើលលទ្ធភាពក្នុងការជំរុញលើវិស័យថាមពល ទីផ្សារកាបូននិងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។
លោកថ្លែងដូច្នេះក្នុងជំនួបនាថ្ងៃទី៨ ខែឧសភា ជាមួយលោក ធាវ ឈីហ៊ាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសលោកមក
បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាបពីថ្ងៃ៦ ដល់ថ្ងៃទី៩ ឧសភា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យឈានឡើង១ជំហានទៀត។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ក្រោយជំនួបនេះថា លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជាក្នុងឱកាសដែលកម្ពុជារៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា៖ «សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំង២ ទំនាក់ទំនងរវាងប្រទេសទាំង២ ហើយក៏បានលើកទឹកចិត្តឱ្យភាគីទាំង២ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបូន។ ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៅទៀត ដែលអាចធ្វើទៅបាន»។
បើតាមហ្វេសប៊ុកដដែល លោក ធាវ ឈីហ៊ាន បានអបអរសាទរដល់លោក ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន បានយ៉ាងអស្ចារ្យ និងជោគជ័យ ហើយលោកត្រូវបានស្រង់សម្ដីថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖«ឯកឧត្តម[លោក ធាវ ឈីហ៊ាន]ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជោគជ័យ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ»។
លោកហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ហើយបានញ៉ាំងឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាកាន់តែមានភាពអធិកអធម។
ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី៧ ខែឧសភាថា លោក ធាវ ឈីហ៊ាន ក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងតួនាទីជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម។
បើតាមស្ថានទូតសិង្ហបុរី រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន លោក Edwin Tong និងលោក Tan Chuan-Jin ប្រធានរដ្ឋសភាសិង្ហបុរី និងប្រធានក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី ក៏បានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីគាំទ្រក្រុមសិង្ហបុរី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះផងដែរ។
គួររំឭកថា ក្នុងជំនួបជាមួយ លោក Frederick Choo នាយសេនាធិការកងទ័ព ជើងគោកសិង្ហបុរី កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឯប្រទេសសិង្ហបុរី លោកម៉ៅ សុផាន់ បានស្នើសុំដល់ភាគីសិង្ហបុរីបន្តជួយផ្តល់វគ្គបណ្តុះបណ្តាលដល់កងទ័ពជើងគោកកម្ពុជា និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា តាមរយៈការបង្កើតទំនាក់ទំនងរវាងអង្គភាពចំណុះកងទ័ពជើងគោកប្រទេសទាំង២។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា វាជារឿងសំខាន់ដែលប្រទេសទាំង២ប្តេជ្ញាអនុវត្តរាល់កិច្ចព្រមព្រៀង និង MoU ដែលបានចុះហត្ថលេខាពីមុន ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំង២។ ប្រទេសទាំង២មានសក្តានុពល និងលទ្ធភាពជាច្រើនទៀតសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់ខ្លួន រួមមានពាណិជ្ជកម្ម ទេសចរណ៍ ភ័ស្តុភារ នយោបាយ និងសន្តិសុខ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី៨ ខែឧសភាថា ដោយសារប្រទេសសិង្ហបុរីមានភាពជឿនលឿនជាងប្រទេសកម្ពុជាក្នុងវិស័យឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង(ICT) និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក៏ដូចជាការអប់រំចំណេះទូទៅ វាគឺជាការល្អ ប្រសិនបើសិង្ហបុរីអាចជួយកម្ពុជាក្នុងវិស័យទាំងនោះ៕