កំពង់ស្ពឺៈ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានចុះទៅពិនិត្យព្យាបាលប្រជាជននៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងអប់រំបណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋម និងផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ និងវិធានការសុខាភិបាលផងដែរ។
ការចុះពិនិត្យព្យាបាលដល់ប្រជាជននេះ ធ្វើឡើងដោយមានការសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។
លោកលេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការបានឱ្យដឹងថា នាថ្ងៃទី៧ ខែឧសភា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៥២២នាក់ បានចុះទៅពិនិត្យព្យាបាលប្រជាជនចំនួន ៧ ៨៧៩នាក់ នៅក្នុងវត្តទួលស្គរ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកលេង ផាលី បានសរសេរលើហ្វេសប៊ុករបស់លោកថា ជាមួយគ្នានោះ ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលជំងឺកុមារចំនួន៦៨នាក់ ជំងឺស្ដ្រី៨៥នាក់ ជំងឺផ្លូវចិត្ត១២៦នាក់ ជំងឺឫសដូងបាត២១៨នាក់ ជំងឺសន្លាក់ឆ្អឹង៣៤៧នាក់ ជំងឺផ្លូវដង្ហើម៨២៨នាក់ ជំងឺទឹកនោមផ្អែម និងលើសឈាមចំនួន២៤៨នាក់។
ក្រុមគ្រូពេទ្យក៏បានពិនិត្យអេកូសាស្ត្រដល់ស្ដ្រីចំនួន៧៤នាក់ វាស់និងពិគ្រោះជំងឺបេះដូងចំនួន៦៧នាក់ ពិនិត្យព្យាបាលត្រចៀក ច្រមុះ បំពង់ក ដល់ប្រជាជន ២៩៩នាក់ វះកាត់តូច១៩នាក់ វិភាគឈាម៣៤៨នាក់ ជំងឺទូទៅ៣៦៤៩នាក់ ពិនិត្យព្យាបាលផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់៤៥០នាក់ បណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋម២៣០នាក់ ពិនិត្យជំងឺភ្នែក៤៧២នាក់ និងពិនិត្យសុខភាពមាត់ធ្មេញដល់ប្រជាជនចំនួន៣៥១នាក់។
ក្រៅពីការពិនិត្យព្យាបាលជំងឺដល់ប្រជាជន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី ក៏បានចែកឱសថដល់ប្រជាជនផងដែរ។ នេះបើតាមការលើកឡើងរបស់លោក លេង ផាលី។
លោកលេង ផាលី បានបញ្ជាក់ថា៖«ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាលជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ»។
លោកបន្តថា៖«ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ»។
ទាក់ទងនឹងការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី៨ ខែឧសភា ថា នេះជាសកម្មភាពដ៏ប្រសើរមួយដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅព្យាបាលជំងឺជូនប្រជាជន ពីព្រោះពួកគេនៅទីនោះពេលខ្លះហាក់ដូចមិនសូវយកចិត្តដាក់ទុកដាក់លើការពិនិត្យសុខភាពផ្ទាល់ខ្លួនទេ ទោះបីជាសេវាឥតគិតថ្លៃក៏ដោយ។
លោកថ្លែងថា៖ «នៅពេលដែលមានការទៅព្យាបាលបន្ថែមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដូចនេះ ខ្ញុំថានេះជាសេវាបន្ថែមមួយទៀតដែលជាការគិតគូរពីសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋលើអ្វីដែលរដ្ឋយើងមានស្រាប់»។
សូមជម្រាបដែរថា បើតាមលោក លេង ផាលី ក្នុងរយៈពេល១១ឆ្នាំ (២ធ្នូ ឆ្នាំ២០១២ ដល់៧ ឧសភា ឆ្នាំ២០២៣)ក្រោមការដឹកនាំដោយផ្ទាល់និងការចង្អុលបង្ហាញជាប្រចាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី បានចូលរួមអប់រំផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្កាកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្តបានចំនួន ១ ០១១លើក។
លោកបន្តថា ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១១ ៧០៨ ៥២៤នាក់ ដោយគិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានចំនួន២ភាគ៣នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួនជាង១៧លាននាក់ ដែលទទួលបានការពិនិត្យព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ។
ជាមួយគ្នានេះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី ចំនួន៤ ៦០១នាក់បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅទូទាំងប្រទេសដោយឥតគិតថ្លៃនិងឥតគិតថវិកាបេសកកម្ម។បើគិតសេវាជាមធ្យមប្រជាពលរដ្ឋក្នុងម្នាក់ចំណាយអស់៥០ដុល្លារសរុបត្រូវចំណាយទាំងអស់ប្រហែលជាង៥៨៥លានដុល្លារអាមេរិក៕