ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងតខ្សែកាបអុបទិក និងអ៊ីនធឺណិត ឱ្យទៅដល់សេវារដ្ឋបាលមូលដ្ឋាននៅត្រឹមឆ្នាំ ២០២៧ ខណៈដែលក្រសួងកំពុងពន្លឿនគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមគ្រប់វិទ្យាល័យនានានៅទូទាំងប្រទេស ដើម្បីផ្តល់ឱកាសឱ្យសិស្សនៅគ្រប់ទីកន្លែងបានរៀនជាមួយគ្រូល្បីៗ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងក្នុងពេលថ្មីៗនេះថា ក្រសួងនឹងរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលបំពាក់ដោយសម្ភារបច្ចេកទេសបម្រើដល់ការលើកកម្ពស់សមត្ថភាពរៀន និងបង្រៀនសំដៅទៅរកបច្ចេកវិទ្យាឌីជីថល នៅតាមវិទ្យាល័យនានាទាំង៥៥៨នៅទូទាំងប្រទេសក្នុងពេលខាងមុខ។
លោកបានពន្យល់ថា មជ្ឈមណ្ឌលឌីជីថលនេះ ដើរតួនាទីសំខាន់ ដោយបង្រៀនកូនសិស្សឱ្យចេះប្រើប្រាស់កុំព្យូទ័រ ដោយសារតែបច្ចុប្បន្ននេះ នៅតាមវិទ្យាល័យទាំងអស់កូនសិស្សរៀនត្រឹមតែទ្រឹស្តីប៉ុណ្ណោះ និងពុំមានការអនុវត្តជាក់ស្តែងនោះទេ។ លោករដ្ឋមន្ត្រី បានលើកឡើងថា មជ្ឈមណ្ឌលនេះគឺមានឧបករណ៍ឌីជីថលគ្រប់ទាំងអស់ មានទូរទស្សន៍ដែលមានអេក្រង់ធំ ដើម្បីដាក់ឱ្យកូនសិស្សរៀន។ ទោះជាបែបណា លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការអនុវត្តបែបនេះនៅក្របខ័ណ្ឌទូទាំងប្រទេសឡើយដោយគ្រាន់តែបញ្ជាក់ពីការចាប់ផ្តើមដំបូងក្នុងវិទ្យាល័យមួយនៅស្រុកបាទី ខេត្តតាកែវ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា៖ «ឥឡូវនេះ ខ្ញុំចាប់ផ្តើមពី ១ វិទ្យាល័យនៅស្រុកបាទីមុន បន្ទាប់មកនៅខេត្តតាកែវ បន្ទាប់មកអនុវត្តនៅទូទាំងប្រទេស គឺក្នុងវិទ្យាល័យ ១ មានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ១»។
លោកបន្ថែមថា៖ «ធម្មតាកូនសិស្សនៅតាមតំបន់ជនបទគ្មានឱកាសរៀនជាមួយគ្រូល្បីៗនៅរាជធានីភ្នំពេញនោះទេ។ ដូចនេះ យើងថតគ្រូល្បីៗនៅរាជធានីភ្នំពេញ ដែលគាត់បង្រៀនមេរៀន រួចឱ្យកូនសិស្សទៅមើល ហើយ គ្រូដែលបង្រៀនពួកគាត់ដែលពុំទាន់មានចំណេះដឹងដល់កម្រិត ក៏អាចរៀនសូត្រពីគ្រូល្បីៗទាំងនោះដែរ»។
លោក ស៊ឹម រ៉ុង នាយកវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យដំបូងគេបំផុតសម្រាប់ការអនុវត្តសាកល្បងនៃមជ្ឈមណ្ឌលឌីជីថលសហគមន៍ដែលផ្តួចផ្តើមឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិយាយថា រហូតមកដល់ពេលនេះ គម្រោងនេះស្ថិតក្នុងដំណាក់កាលនៃការសាងសង់អគារសាល ១ ហើយគ្រោងនឹងបំពាក់សម្ភារក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា៖ «គម្រោងនេះស្ថិតនៅក្នុងដំណាក់កាលដេញថ្លៃសម្ភារបំពាក់ ដែលស្ថិតនៅក្រោមមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ។ ខ្ញុំគិតថា ប្រហែលនៅក្នុងខែមិថុនាអាចចាប់ផ្តើមដំណើរការសាកល្បងបាន»។
លោកបញ្ជាក់ថា៖«ទាំងសាលា និងសហគមន៍ពិតជាមានសេចក្តីរំភើបណាស់ដែលវិទ្យាល័យនេះទទួលបានការអនុវត្តមុនគេនៅទូទាំងប្រទេស»។
លោក ជា វ៉ាន់ដេត បាននិយាយថា តាមរយៈការបង្កើតមជ្ឈមណ្ឌលឌីជីថលនេះ ទាំងគ្រូបង្រៀន និងកូនសិស្សនៅតាមទីតាំងនានាទោះនៅជនបទ ឬនៅតាមទីក្រុងក៏នឹងទទួលបានឱកាសរៀនសូត្រពីគ្រូល្បីៗដូចគ្នា ដែលពួកគេអាចពង្រឹងសមត្ថភាពបន្ថែម។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ជាលទ្ធផល កូនសិស្សក៏ចេះពីគ្រូបង្រៀនដែលល្បីៗនៅភ្នំពេញ គ្រូបង្រៀនបង្រៀននៅទីនោះក៏អាចសង្កេតមើលពីគ្រូល្បីៗដើម្បីរៀនតាមវិធីសាស្ត្រដែលធ្វើដូចម្តេចដើម្បីឱ្យកូនសិស្សបានយល់ដឹងច្បាស់។ ដូចនេះ កូនសិស្សក៏រៀនបានប្រសើរជាងមុន គ្រូក៏មានចំណេះដឹងក្នុងការបង្រៀន មានវិធីសាស្ត្របង្រៀនកូនសិស្សបានល្អជាងមុនដែរ»។
បន្ថែមពីនេះលោក ជា វ៉ាន់ដេត ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្រសួង និងភ្ជាប់ខ្សែកាបអុបទិក និងអ៊ីនធឺណិត ទៅដល់គ្រប់ឃុំសង្កាត់ សាលារៀន ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព នៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៧ ខាងមុខ៕