ឧត្តរមានជ័យៈ សហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន ព្រះសង្ឃគណៈកម្មការសង្ឃរុក្ខវ័នទាំង ៥ ឃុំសង្កាត់ គ្រោងរៀបចំប្រារព្ធធ្វើបុណ្យខួបព្រៃសង្ឃសហគមន៍រុក្ខវ័នលើកទី២៣ នៅទីស្នាក់កណ្តាលក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង នៅថ្ងៃទី ២៦ និង ២៧ ខែឧសភា ខណៈមន្ត្រីអះអាងថា បទល្មើសព្រៃឈើនិងបទល្មើសសត្វព្រៃមានការថយចុះ។
ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន បានឱ្យដឹងនៅថ្ងៃទី៩ ខែឧសភាថា បុណ្យខួបព្រៃសង្ឃរុក្ខវ័ននេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន ៥គឺ ទី១ចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រង ថែរក្សាព្រៃឈើរវាងព្រៃសង្ឃរុក្ខវ័នជាមួយអ្នកពាក់ព័ន្ធ និងសហគមន៍ដទៃទៀត។ទី២ ដើម្បីផ្សព្វផ្សាយពីសារប្រយជន៍ព្រៃឈើ សត្វព្រៃ និងធនធានជីវចម្រុះដល់ប្រជាសហគមន៍គោលដៅ។
ព្រះតេជគុណបន្ថែមថា គោលបំណងសំខាន់ទី៣ គឺដើម្បីទាញចំណាប់អារម្មណ៍សាធារណជន ឱ្យមានការសហការចូលរួមការពារព្រៃឈើ សត្វព្រៃ និងដើម្បីបង្កើនគម្របផ្ទៃដីព្រៃឈើ ឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ។ ចំណែកទី ៤ គឺដើម្បីកៀរគរថវិកាទ្រទ្រង់សកម្មភាព អភិរក្សព្រៃឈើ ការពារធនធានធម្មជាតិនិងសត្វព្រៃ និងទី ៥ដើម្បីជួយរក្សាលំនឹងអាកាសធាតុ ខ្យល់អាកាសបរិសុទ្ធ ជួយទប់ទល់ខ្យល់ព្យុះ និងទឹកជំនន់។
ព្រះតេជគុណបញ្ជាក់ថា៖«សូមនិមន្តនិងអញ្ជើញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ចូលរួមចាប់មគ្គផលក្នុងកម្មវិធីបុណ្យនេះឱ្យបានអធិកអធមតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។
បើតាមព្រះសង្ឃ ថូ ធូរស់ កម្មវិធីបុណ្យខួបនេះនឹងមានផ្សព្វផ្សាយការអប់រំផ្លូវចិត្តដោយសម្តែងធម៌ទេសនា ចម្រើនព្រះបរិត្ត ការសន្ទនាធម៌នាពេលរាត្រីនៅជំរំក្រោមតង់ព្រៃសង្ឃសហគមន៍រុក្ខវ័ន និងការធ្វើទានជាមួយព្រះសង្ឃផងដែរ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ថ្លែងនៅថ្ងៃទី៩ ខែឧសភាថា ការប្រារព្ធពិធីបុណ្យខួបព្រៃសង្ឃរុក្ខវ័នគឺជាការរំឭកដល់ការបង្កើតសហគមន៍នេះពីដំបូងផង និង១ផ្នែកទៀតជាការចូលរួមបំផុសគំនិតឱ្យប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាអ្នកផ្សេងៗទៀត ចូលរួមការអភិរក្សព្រៃឈើសត្វព្រៃ និងជីវចម្រុះទាំងផ្ទាល់ និងដោយប្រយោលផង។
លោកប្រាប់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបរិស្ថានក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣ នេះ ជាលទ្ធផលឃើញថា បទល្មើសធនធានធម្មជាតិមានការថយចុះច្រើន ទាំងការកាប់រានដីព្រៃ ទាំងការលបលួចយកឈើចេញពីព្រៃ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។
លោកលើកឡើងថា ចំពោះបញ្ហាបរបាញ់សត្វព្រៃ នៅតែបន្តកើតមាន ប៉ុន្តែតាមរយៈការចុះល្បាតជាប្រចាំកត់សម្គាល់ឃើញថា បទល្មើសសត្វព្រៃក៏មានការថយចុះច្រើនផងដែរទោះបីជាមិនទាន់បានធ្វើការបូកសរុបលទ្ធផលក្តី។ លោកបញ្ជាក់ថា ថ្មីៗនេះមន្ត្រីឧទ្យានុរក្សក្នុងខេត្តឧត្តរមានជ័យទើបល្បាតប្រទះឃើញកូនសត្វទន្សោង១ក្បាលជាប់អន្ទាក់ នៅក្នុងព្រៃ ប៉ុន្តែត្រូវបានជួយសង្គ្រោះនិងដោះលែងឱ្យមានសេរីភាពវិញ។
លោកថ្លែងថា៖«យើងសង្គេតឃើញថា បទល្មើសមានការថយចុះច្រើន ដោយសារយើងមានយន្តការចុះល្បាតជាប្រចាំ ទាំងចុះល្បាតរួមគ្នា ក៏ដូចជាធ្វើទៅតាមសកម្មភាពនៃថ្នាក់ខេត្តមួយៗ។យើងអត់ទាន់បូកសរុប[ចំនួនបទល្មើស]នៅឡើយទេ ប៉ុន្តែបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំនេះយើងឃើញថាថយចុះច្រើន»។
លោកប្រធានមន្ទីរបរិស្ថានលើកឡើងថា ក្នុងពេលថ្មីៗនេះមន្ត្រីជំនាញបរិស្ថានក៏បានកសាងសំណុំរឿងបទល្មើសជាច្រើនករណីពាក់ព័ន្ធនឹងបទល្មើសសត្វព្រៃ និងព្រៃឈើ បញ្ជូនទៅតុលាការផងដែរ៕