ភ្នំពេញៈ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាគ្នាទាក់ទងនឹងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី។
ភាគីទាំងពីរបានលើកឡើងដូចនេះ ក្នុងជំនួបរវាងលោក ស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងជំនួបនោះ លោក ស ខេង ក៏បានប្រាប់លោក ធាវ ឈី ហាន ផងដែរថា ភាគីទាំង២កំពុងតែជជែកពាក់ព័ន្ធទៅនឹងការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។
ក្រសួងបានបញ្ជាក់ថា ៖ «សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា ការរៀបចំឱ្យមាននូវឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំង២ មានការធ្វើដំណើរទៅវិញទៅមកកាន់តែមានច្រើនឡើងផងដែរ»។
មួយវិញទៀត លោកបានបន្តថា វាសមស្របតាមកាលៈទេសៈ ស្ថានភាពប្រែប្រួល នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសមិនប្រពៃណីដែលកំពុងមានការកើតឡើង។
នាឱកាសនោះដែរ លោក ស ខេង និងលោក ធាវ ឈី ហាន ក៏បានជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់ទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺមានទាំងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី។
ប្រភពដដែលបានបញ្ជាក់ទៀតថា ៖ «ភាគីទាំង២ នឹងខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការនេះ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ តាមរយៈអាស៊ានណាប៉ូ (ASEANAPOL) និងក្របខណ្ឌអន្ដរជាតិតាមរយៈ អ៊ីនធឺបូ (INTERPOL) ផងដែរ សំដៅទប់ស្កាត់នូវបទល្មើសធំៗមួយចំនួន ជាពិសេស គឺបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងថា វាជារឿងមួយដែលកម្ពុជាត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការទៅក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាករណីជួញដូរមនុស្ស ករណីគ្រឿងញៀន និងករណីលាងលុយកខ្វក់ និងករណីផ្សេងៗទៀតផងដែរ។
លោកបានថ្លែងថា៖ «កម្ពុជាយើងមិនមែនត្រូវបង្កើនតែកិច្ចសហប្រតិបត្តិការជាមួយនឹងសិង្ហបុរីមួយទេ តែត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅក្នុងអាស៊ាន ក៏ដូចជានៅក្នុងតំបន់ ក្នុងអន្ដរជាតិដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននោះ»៕