ភ្នំពេញៈ ក្រសួងយុត្តិធម៌ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា (UN OHCHR) បានជួបពិភាក្សាការងារប្រចាំខែដើម្បីបង្កើនការយល់ពីគ្នាពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបញ្ហាសិទ្ធិមនុស្សក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងកំណត់គោលដៅបង្កើនប្រសិទ្ធភាពកាងារលើវិស័យទាំងនេះ។
ជំនួបពិភាក្សាការងារប្រចាំខែឧសភានេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ រវាងលោកជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
តាមការប្រកាសរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ការពិភាក្សានេះ ផ្តោតលើរបៀបវារៈសំខាន់ៗដូចជា បញ្ហាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងច្បាប់ ការអនុវត្តច្បាប់និងសិទ្ធិមនុស្សនៅកម្ពុជា ការវិវឌ្ឍនៃដំណើរការស៊ើបអង្កេត និងករណីសំណុំរឿងមួយចំនួននៅតុលាការដែលពាក់ព័ន្ធនឹងសកម្មជន។
លោកជិន ម៉ាលីន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ថា ក្រសួងយុត្តិធម៌ និងការិល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាតែងតែមានជំនួបជារៀងរាល់ខែជាមួយគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងកិច្ចសហការនៃស្ថាប័នទាំង២។
លោកបានបន្តថា ស្ថាប័នទាំង២បានពិភាក្សាពិនិត្យទៅលើកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឱ្យភាគីអង្គការសហប្រជាជាតិបានជ្រាប និងត្រួតពិនិត្យមើលក្នុងន័យអាចចូលរួមសហការជាមួយភាគីកម្ពុជា។
លោកជិន ម៉ាលីន បានថ្លែងថា៖ «ក្នុងនោះយើងក៏បានជជែកពីករណីជាក់ស្តែងនីមួយៗដែលខាងឧត្តមស្នងការយល់ឃើញថា ជាការរំលោភបំពានសិទ្ធិមនុស្ស ហើយគេមានរបាយការណ៍ដែលជាការរកឃើញរបស់គេ ហើយគេចែករំលែកព័ត៌មាននេះមកខាងក្រសួង ហើយក្រសួងក៏ធ្វើការផ្ទៀងផ្ទាត់ថា អ្វីដែលកើតឡើងវាដូចទៅនឹងភាគីឧត្តមស្នងការរកឃើញមែនឬអត់?»។
លោកបានបន្តថា ជំនួបជារៀងរាល់ខែនេះជាមធ្យោបាយដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ព្រមទាំងអាចចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីអាចធ្វើបច្ចុប្បន្នភាពចំពោះស្ថាប័នរៀងៗខ្លូនក្នុងគោលដៅបង្កើនកិច្ចសហការ និងការយល់ពីគ្នា។
ក្រសួងយុត្តិធម៌ និងUN OHCHRតែងតែមានជំនួបពិភាក្សាការងារគ្នាជារៀងរាល់ខែទៅតាមការឯកភាពរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកកើត រិទ្ធ និងការស្នើសុំរបស់UN OHCHR ផ្ទាល់ ដើម្បីឱ្យភាគីទាំង២អាចសហការ និងស្វែងយល់ពីគ្នាបានស៊ីជម្រៅពាក់ព័ន្ធការអនុវត្តច្បាប់របស់សមត្ថកិច្ច និងស្ថាប័នតុលាការ បញ្ហាសិទ្ធិមនុស្ស និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៕