ភ្នំពេញៈ កម្ពុជាស្នើវៀតណាមឱ្យជួយសម្រួលដល់ការអូសចរន្តអគ្គិសនីក្រោមបាតសមុទ្រ ដើម្បីកម្ពុជាអាចលក់ថាមពលអគ្គិសនីឱ្យសិង្ហបុរីបាន ស្របតាមកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ១ ពាន់មេហ្គាវ៉ាត់ រវាងក្រុមហ៊ុនកម្ពុជានិងសិង្ហបុរីកាលពីខែមីនា កន្លងទៅ។
ការស្នើនេះធ្វើឡើងតាមរយៈ ជំនួបពិភាក្សាទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី អំឡុងថ្នាក់ដឹកនាំនៃប្រទេសទាំង២ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្នាំ២០២៣នេះ។
យោងតាមប្រភពពីគេហទំព័រផ្លូវការរបស់លោកហ៊ុន សែន បានប្រាប់មេដឹកនាំវៀតណាមពីបំណងដែល កម្ពុជាចង់ទិញយកថាមពលអគ្គិសនីពីប្រទេសឡាវ ចេញមកកម្ពុជា ហើយបន្តលក់ឱ្យទៅប្រទេសសិង្ហបុរី ដែលត្រូវការកិច្ចសហការពីប្រទេសវៀតណាម ព្រោះខ្សែចរន្តអូសអគ្គិសនីត្រូវឆ្លងកាត់ភូមិសាស្ត្រទឹកដីវៀតណាម។
លោកហ៊ុន សែន បញ្ជាក់ថា៖ «ដើម្បីទទួលបានកិច្ចការងារជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី»។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើនាយករដ្ឋមន្ត្រីវៀតណាមឱ្យជួយសម្របសម្រួលដល់កិច្ចការអូសចរន្តអគ្គិសនីក្រោមបាតសមុទ្រឆ្លងកាត់ទឹកដីវៀតណាមនេះ ខណៈកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធនានាទៅកាន់ស្ថាប័នវៀតណាមរួចរាល់ហើយដែរ។
ជាការឆ្លើយតប លោកផាម មិញជិញ បញ្ជាក់ថា លោកបានទទួលព័ត៌មាននេះហើយ ហើយលោកនឹងបញ្ជូនព័ត៌មាននេះទៅដល់ក្រុមការងារជំនាញដើម្បីត្រួតពិនិត្យលើកិច្ចការនេះ។
ក្រៅពីនេះ លោកផាម មិញជិញ ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមខាងមុខផងដែរ។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែមីនាកន្លងទៅ ក្រុមហ៊ុន Royal Group Power Co.,Ltd របស់លោកគិត ម៉េង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញដល់ក្រុមហ៊ុនសិង្ហបុរី Kappel Energy Pte Ltd ដែលធ្វើឡើងតាមរយៈបណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរី។
លោកស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលមានវត្តមានក្នុងពិធីនោះបានលើកឡើងថា កិច្ចសហប្រតិបត្តិការទិញលក់ថាមពលអគ្គិសនីរវាងក្រុមហ៊ុនទាំង២ជាផ្នែកមួយ ក្រោមក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់ «ស្ដីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សិង្ហបុរី»ដែលជាគម្រោងគាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពលនិងសមាហរណកម្មលើវិស័យថាមពលអគ្គិសនី ស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ានឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកគី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភាថា កិច្ចសហប្រតិបត្តិការផ្នែកទិញ-លក់ថាមពលអគ្គិសនីរវាងសិង្ហបុរីនិងកម្ពុជានេះមានលក្ខណពិសេសមួយដែលជួយបង្កើនចំណូលថវិកាជាតិ ពិសេសសម្រាប់ចំណូលរដ្ឋ ហើយអាចជួយឱ្យកម្ពុជាបន្ស៊ាំខ្លួនទៅនឹងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលជានិន្នាការសកល។
លោកបានបញ្ជាក់ថា៖ «បើយើងលក់ថាមពលនេះបានជាថាមពលស្អាត(clean energy) កេរ្តិ៍ឈ្មោះកម្ពុជានៅក្នុងអង្គការសហប្រជាជាតិកាន់តែល្អគឺការបង្កើតថាមពលស្អាត ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ជាច្រើនពីនោះដែរ គឺក្រៅពីលក់ឱ្យសិង្ហបុរី យើងក៏នៅសល់ចំណែកប្រើប្រាស់ដែរ»។
លោកសង្កត់ធ្ងន់ថា កិច្ចវិនិយោគនេះអាចទទួលបានផលប្រយោជន៍ធំធេងដល់ភាគីទាំងសងខាង ដោយខាងកម្ពុជាខ្លួនឯងពិបាកមានលទ្ធភាពយកថវិកាខ្លួនទៅសាងសង់រោងចក្រអគ្គិសនីដ៏ធំបែបនេះ ហើយចំណែកសិង្ហបុរីក៏គ្មានទឹកដីនិងដែនសមុទ្រធំធេង និងទីធ្លាដីសម្រាប់បម្រើដល់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនីសូឡាលើលម្ហសមុទ្រដូចគ្នានេះដែរ។
សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាវិញ វិញក៏បានឱ្យដឹងដែរថា កិច្ចព្រមព្រៀងថាមពលអគ្គិសនីរវាងកម្ពុជានិងសិង្ហបុរីនេះបានបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការល្អចំពោះបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ពីលើទិដ្ឋភាពប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជាទិញថាមពលពីឡាវ ហើយបន្តលក់ឱ្យសិង្ហបុរី ហើយត្រូវមានកិច្ចសហការជាមួយវៀតណាម និងម៉ាឡេស៊ី។
សូមជម្រាបថា តាមរយៈគម្រោងលក់ថាមពលអគ្គិសនីដល់សិង្ហបុរីនេះកម្ពុជានឹងធ្វើការនាំចេញថាមពលអគ្គិសនីកកើតឡើងវិញចំនួន១ពាន់មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រ ទៅកាន់សិង្ហបុរី ដែលនេះជាជំហានដំបូង ក្រុមហ៊ុនវិនិយោគទាំង២ Royal Group Power Co.,Ltd និង Kappel Energy Pte Ltd នឹងធ្វើការសិក្សាលើការតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រដែលបានចាប់ផ្តើមពីខែមីនា ដល់ដំណាច់ឆ្នាំ២០២៣ ដែលទទួលបានការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំង២៕