ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ថា លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់នៅឡើយទេ ដោយសារបុគ្គលរូបនេះពុំទាន់ផុតរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចនៅឡើយ។
លោកបានបន្តថា លោក រ៉ុង ឈុន ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា ៥៣៤ និងមាត្រា ៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។ ការបញ្ជាក់របស់លោក កើត រិទ្ធ ធ្វើឡើងតាមរយៈលិខិត ១ ច្បាប់ចុះនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ផ្ញើជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីលោក ប្រាជ្ញ ចន្ទ បានដាក់សំណើសុំការបញ្ជាក់ពីភាពមាន ឬមិនទាន់មាននីតិសម្បទាឡើងវិញរបស់លោក រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល។ ការស្នើនេះ បន្ទាប់ពីគណបក្សភ្លើងទៀន បានដាក់លោក រ៉ុង ឈុន ជាបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ នៅមណ្ឌលខេត្តកណ្តាល។
ក្រោយទទួលបានសំណើពីលោក ប្រាជ្ញ ចន្ទ, លោក កើត រិទ្ធ បានចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងបានបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ ឆ្នាំ ៣ ខែ ១១ ថ្ងៃ។ ចំណែកទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល ៣ ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១.រ ចុះថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។
តាមរយៈលិខិតដដែលនេះ លោក កើត រិទ្ធ បញ្ជាក់ថា ៖ «ទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដោយតុលាការអាចមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ហើយការសម្រេចលើការស្នើសុំឱ្យមាននីតិសម្បទាឡើងវិញបានលុះត្រាតែផុតរយៈពេល ៣ ឆ្នាំចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្តើមគិត ពីការអនុវត្តទោសរួច»។
លោករដ្ឋមន្ត្រីលើកឡើងថា បើផ្អែកតាមមាត្រា ៥៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ, នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចហើយឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។
លោកបានបញ្ជាក់ថា ៖ «ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថា លោក រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពររបស់តុលាការកំពូលដូចនេះ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល ៥ ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច»។
ក្រោយពីទទួលបានលិខិតនេះ គ.ជ.ប បានជូនដំណឹងទៅគណបក្សភ្លើងទៀនកាលពីថ្ងៃទី ៩ ខែឧសភា បញ្ជាក់ថា លោក រ៉ុង ឈុន មិនអាចឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាលបានទេ ព្រោះលោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ។ ជាមួយគ្នានោះដែរ គ.ជ.ប ក៏តម្រូវឱ្យគណបក្សភ្លើងទៀន ប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ នេះ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានប្រាប់នៅថ្ងៃទី ១០ ខែឧសភាថា គណបក្សបានឯកភាពជាមួយនឹង គ.ជ.ប ដោយនឹងត្រូវដាក់បេក្ខជនបន្ទាប់នៅក្នុងលំដាប់លេខរៀងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជំនួស លោក រ៉ុង ឈុន ដើម្បីស្របទៅនឹងច្បាប់ និងនីតិវិធីរបស់គ.ជ.ប។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្តីពី «ពីនេះពីនោះពាក់ព័ន្ធកម្ពុជា» នៅថ្ងៃទី ១០ ឧសភា ថា បេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន អាចមានសុពលភាព អាស្រ័យលើតុលាការកំណត់ស្របតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ។ «ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលតែងតែនិយាយពីបេក្ខជន រ៉ុង ឈុន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ គឺមានន័យថា បក្សភ្លើងទៀន និងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ»៕