ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជំរុញដល់តួអង្គអ្នកអនុវត្តន៍កម្មវិធីជំនួយសង្គមឱ្យអប់រំណែនាំផ្សព្វផ្សាយដល់ពលរដ្ឋដែលទទួលបានសេវាជំនួយសង្គមឱ្យប្រើប្រាស់ថវិកាដែលទទួលបានឱ្យមានប្រសិទ្ធភាព បើមិនដូច្នោះទេ ទោះជារដ្ឋផ្តល់ជំនួយច្រើនប៉ុនណា ក៏មិនអាចចេញផុតពីបន្ទាត់ក្រីក្របានដែរ ខណៈជិត៤ឆ្នាំមកនេះរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភប្រមាណជាង ១ ០០០ លានដុល្លារ។
លោក វង សូត្រ បានថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារនៃការអនុវត្តកម្មវិធីជំនួយសង្គមប្រចាំឆ្នាំ ២០២២ និងទិសដៅ ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទានៅព្រឹកថ្ងៃទី ១០ ខែឧសភា។
លោកថ្លែងថា៖ «ខ្ញុំអាយុច្រើនដែរហើយ ប៉ុន្តែអត់ដែលឃើញរបបណា រាជរដ្ឋាភិបាលបើកលុយអ្នកក្រ អ៊ីចឹងទេ ធ្លាប់ដឹងតែគេបើកលុយឱ្យអ្នករាជការ អ្នកធ្វើការឱ្យរដ្ឋ តែនេះមិនមែនទេណា មនុស្ស ៤-៥ លានលាននាក់ជាង ១ លានគ្រួសារ អ្នកទាំងនោះមានធ្វើការរដ្ឋឯណាផ្ទុយទៅវិញរងផលប៉ះពាល់ទាំងអស់គ្នាទេ តែរដ្ឋបេះពីមាត់បេះពីកលុយកាក់ដែលខំបានសន្សំជួយដល់ប្រជាពលរដ្ឋ»។
លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងហានិភ័យ និងងាយរងគ្រោះ ដែលជំនួយនោះមិនមែនសុទ្ធតែផ្តល់ជូនជារៀងរហូតនោះទេ។ លោកថា ការផ្តល់ជំនួយនេះ គោលបំណងសំខាន់ទី១ ដើម្បីពលរដ្ឋអាចផ្គត់ផ្គង់ជីវភាពគ្រួសារដែលពួកគាត់កំពុងជួបការលំបាក ទី២ បង្កលក្ខណៈឱ្យគ្រួសារប្រជាពលរដ្ឋក្រីក្រមានដើមទុន ដើម្បីអភិវឌ្ឍខ្លួនរៀបចំដំណើរឱ្យបានចាកចេញពីភាពក្រីក្រ។
លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមថ្លែងឱ្យដឹងថា ក្នុងកម្មវិធីជំនួយសង្គមជួយដល់ប្រជាពលរដ្ឋក្រីក្ររួមមាន ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ ២០១៩ មកទល់បច្ចុប្បន្ន មានរយៈពេល ៣ ឆ្នាំ ៩ ខែ មានអ្នកទទួលផលសរុបចំនួន ៣១៤ ០៣២ នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភ ២៣,៩៧ លានដុល្លារ ដែលកម្មវិធីនេះនៅកំពុងអនុវត្តបន្ត។
ទី២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ ១៩ ដែលចាប់ផ្តើមអនុវត្តចាប់ពីខែមិថុនា ឆ្នាំ ២០២០ គិតមកទល់បច្ចុប្បន្ន មានរយៈពេល ២ ឆ្នាំ ៩ ខែ ដែលមានគ្រួសារទទួលផលជាមធ្យមមានចំនួនជាង ៧៥ ម៉ឺនគ្រួសារ មានសមាជិកគិតជាមធ្យម ៣ លាននាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១ ០០០ លានដុល្លារ ហើយកម្មវិធីនេះក៏កំពុងបន្តអនុវត្តនៅជុំទី ១៤ លើកទី ១ ផងដែរ។
ចំណែក ទី៣ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ដែលកម្មវិធីនេះឧបត្ថម្ភជូនរយៈពេល៣លើក ស្មើនឹង ៣ ខែជាប់គ្នា ដែលលើកទី១ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លើកទី២ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ និងលើកទី៣ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ១៦ នៅក្នុងភូមិសាស្ត្ររងគ្រោះទឹកជំនន់។
ពលរដ្ឋដែលទទួលផលសរុបមាន ៩៩ ១៦៩ គ្រួសារ មានសមាជិកជាអ្នកទទួលផលចំនួន ៣៧២ ៨៥៩ នាក់ និងបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១១,៧០ លានដុល្លារដែលកម្មវិធីនេះបានចប់តាំងពីថ្ងៃទី ១០ ខែមីនា ឆ្នាំនេះ។
ទី៤កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យពេលមានសម្ពាធអតិផរណា ដែលកម្មវិធីនេះរៀបចំជា ៣ ដំណាក់កាល ទី១ បានចាប់បើកផ្តល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ និងទី២ ចាប់ផ្តើមការបើកផ្តល់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ ដែលពលរដ្ឋសរុបគិតទាំង ២ លើករហូតមកទល់ពេលនេះមាន ៤៩៥ ៣១៤ គ្រួសារ មានសមាជិកអ្នកទទួលផល ៣,៣៤ លាននាក់ ដោយបានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៦,៣៦ លានដុល្លារ ហើយកម្មវិធីនេះនឹងបន្តដំណាក់កាលទី៣ ដែលត្រូវបញ្ចប់នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣។
ទី៥គម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ ១៩ ប្រកបដោយបរិយាប័ន្នដែលមកទល់ពេលនេះគម្រោងបានគាំទ្រ និងជំរុញសមាជិកគ្រួសារក្រីក្រដែលជាអ្នកទទួលផលអនុវត្តកម្មវិធីឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ១ ដូសមាន ២,៩៦ លាននាក់ស្មើនឹង ៨៦ ភាគរយធៀបនឹងគ្រួសារដែលមានបណ្ណសមធម៌ ក្នុងនោះមានជនពិការ ១៣៥ ០៥៣ នាក់ ស្មើនឹង ៧៣ ភាគរយនៃជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្ម។
លោកស្រី អឺណា រីបា ប្រធានផ្នែកគោលនយោយបាយសង្គម គោលនយោបាយហិរញ្ញវត្ថុសាធារណៈដើម្បីកុមារនៃអង្គការ UNICEF ប្រចាំកម្ពុជាបានថ្លែងថា កម្មវិធីនៃការផ្ទេរសាច់ប្រាក់បានជួយរួមចំណែកក្នុងការបង្កើនចំនួនអ្នកដែលបានទទួលការគាំទ្រ ក្នុងនោះរួមមាន ប្រជាជនកម្ពុជាទូទៅក៏ដូចជា ក្រុមជនងាយរងគ្រោះ និងកុមារកម្ពុជាផងដែរ។
លោកស្រីបានថ្លែងថា៖ «យើងបានប៉ាន់ប្រមាណឃើញថាប្រជាជនកម្ពុជាប្រហែលជា ៤ លាននាក់ រួមទាំងកុមារ ស្ត្រីមានផ្ទៃពោះ និងជនចាស់ជរាផងដែរ គឺបានទទួលការគាំទ្រអំពីកញ្ចប់គាំពារសង្គមរបស់យើង ហើយយើងឃើញថា នេះជាការវិនិយោគដ៏ធំដែលមិនធ្លាប់មានពីមុនមក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយលើវិស័យសង្គមក្នុងការជួយការពារអ្នកក្រីក្រ និងក្រុមងាយរងគ្រោះ»៕