ភ្នំពេញៈ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីស្រូវត្រយ៉ងរួចមក សមាជិកស្រូវត្រយ៉ងចំនួន ៨២៧ នាក់ បានបញ្ឈប់ការដុតសំណល់កញ្រ្ចាំងស្រូវនៅក្នុងស្រែរបស់ពួកគេ ដែលជាការរួមចំណែកក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែមេសារបស់ USAID មរតកបៃតងដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា។
គម្រោងនេះបានលើកឡើងថា ការដុតសំណល់កញ្រ្ចាំងស្រូវបន្ទាប់ពីច្រូតកាត់រួច គឺជាការអនុវត្តជាទូទៅសម្រាប់កសិករ នៅទូទាំងប្រទេសកម្ពុជា ដែលវាបានរួមចំណែកដល់ការបំពុលបរិយាកាស និងការបម្រែបម្រួលអាកាសធាតុក្នុងទម្រង់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ នៅតាមតំបន់គោលដៅរបស់ USAID មរតកបៃតង ការអនុវត្តនេះក៏អាចបណ្តាលឱ្យមានភ្លើងឆេះព្រៃនៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ដែលបំផ្លាញព្រៃឈើ សម្លាប់សត្វព្រៃ និងអាចបំភាយ ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនទៅក្នុងបរិយាកាសទៀតផង។
ដើម្បីទប់ស្កាត់គ្រោះមហន្តរាយបែបនេះកុំឱ្យកើតមានឡើង អង្គការសន្សំម្លប់ព្រៃ ដែលជា ដៃគូរបស់ USAID មរតកបៃតង បានរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹងជាច្រើន អំពីផលប៉ះពាល់ និងផលវិបាកដែលបណ្ដាលមកពីការដុតសំណល់កញ្រ្ចាំងនេះ។ ជាការលើកទឹកចិត្តបន្ថែម កម្មវិធីស្រូវត្រយ៉ងក៏បានតម្រូវឱ្យកសិករទាំងអស់បញ្ឈប់ការដុត សំណល់កញ្រ្ចាំងរបស់ពួកគេ ដើម្បីចូលរួមក្នុងកម្មវិធីដែលផ្ដល់បុព្វលាភលើសពី ៥០ % សម្រាប់អង្ករសរីរាង្គ និងមានការចូលរួមក្នុងការអភិរក្ស។
កសិករក៏ត្រូវបានលើកទឹកចិត្ត ឱ្យប្រើបច្ចេកទេសផ្សេងទៀត ដើម្បីប្រើប្រាស់សំណល់កញ្រ្ចាំងនៅក្នុងស្រែរបស់ពួកគេឱ្យ មានប្រយោជន៍វិញដែលរួមមាន ការភ្ជួរដីស្រែត្រលប់ដើម្បីកប់សំណល់កញ្រ្ចាំងដែលអាចធ្វើឱ្យដីស្រែរបស់ពួកគេមានគុណភាពប្រសើរឡើងផងដែរ។
ក្រុមការងារអង្គការសន្សំម្លប់ព្រៃក៏ធ្វើការត្រួតពិនិត្យក្រោយការប្រមូលផល ជាផ្នែកមួយ នៃប្រព័ន្ធត្រួតពិនិត្យ (Internal Control System) របស់កម្មវិធីស្រូវត្រយ៉ង ពីខែមករា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលវាលស្រែរបស់កសិករស្រូវត្រយ៉ង និង ដើម្បីធានាថាកសិករទាំងអស់អនុវត្តតាមគោលការណ៍របស់កម្មវិធីបានយ៉ាងត្រឹមត្រូវ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែដដែលនេះ៕