ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងថ្នាក់ដឹកនាំបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឆែក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១១ ខែឧសភានេះ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការវិស័យជំនួញកសិកម្ម ដោយបានស្នើភាគីឆែកធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មខ្មែរ ដូចជាផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្តានុពល ទៅកាន់ទីផ្សារប្រទេសឆែក។ នេះបើយោងតាមក្រសួងកសិកម្ម។
សម្រាប់ការអភិវឌ្ឍធនធាន លោករដ្ឋមន្ដ្រីបានស្នើឱ្យមានការបញ្ជូនគ្រូបណ្តុះបណ្តាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ វគ្គបណ្តុះបណ្តាលខ្លី ដើម្បីផ្តល់និងពង្រឹងសមត្ថភាពនិងជំនាញពិតប្រាកដ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងឱកាសនោះថា ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខនិងសុវត្ថិភាពស្បៀងសកលលោក។ ជាគោលនយោបាយ ក្រសួងផ្តោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូរដល់និរន្តរភាពបរិស្ថាន Eco-Friendly៕