ភ្នំពេញៈ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី ១១ ខែឧសភា បានអនុម័តគម្រោងគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា ដែលមានតម្លៃទឹកប្រាក់ ៦០ លានដុល្លារអាមេរិកខណៈសំណល់រឹង និងប្លាស្ទិក បានកើនបរិមាណច្រើនសន្ធឹកសន្ធាប់។
គម្រោងនេះក៏បានបន្ថែមនូវទឹកប្រាក់ ៣ លានដុល្លារអាមេរិកទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។
World Bank បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ១១ ខែឧសភាថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយរីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ ក៏នៅខ្វះខាត។
សេចក្តីប្រកាសព័ត៌មានបន្តថា ការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។
WB បានដកស្រង់សម្តីលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «រាជរដ្ឋាភិបាល កម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើងជាកិច្ចការដែលមានអាទិភាពខ្ពស់នៅ ក្នុងរបៀបវារៈរបស់ថ្នាក់ជាតិដូចមានចែងក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០»។
WB បានដកស្រង់សម្តីលោក ស ខេង ថា ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈបរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។
គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជាគាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិកជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួននិងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថានហិរញ្ញវត្ថុ និងសង្គមថែមទៀត។
គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួមត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួនឱ្យបានទៀងទាត់។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) តំណាង WB ប្រចាំកម្ពុជា ថ្លែងថា ការកែលម្អការងារគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ។
លោកស្រីថ្លែងថា៖ «បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិនៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ»។
លោកស្រី បន្តថា៖ «លើសពីនេះ គម្រោងនេះនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាមការកែច្នៃសំរាមនិងការយកសំរាមធ្វើកំប៉ុសត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើងវាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈបរិស្ថាន និងទេសចរណ៍ ជាមិនខាន»។ គម្រោងនេះនឹងអនុវត្តរួមគ្នាដោយក្រសួងមហាផ្ទៃក្រសួងបរិស្ថាន និងក្រសួងសាធារណការ៕