ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធនៅតាមបណ្តាខេត្តក្នុងគោលដៅអភិវឌ្ឍលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល ក៏ដូចជាចែករំលែកចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យា។
កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារ(ជំហានទី២)សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍( ប.ទ.) ទាំង២៤ខេត្ត បាននិងកំពុងរៀបចំចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ៤ទីតាំងផ្សេងៗគ្នា។
យោងតាមក្រសួងបានឱ្យដឹងថា ការបណ្តុះបណ្តាលនេះបានចាប់ផ្តើមនៅខេត្តសៀមរាបពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ខេត្តប៉ៃលិនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា និងខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
តួយ៉ាងកម្មវិធីបណ្តុះបណ្តាលដែលធ្វើឡើងនៅខេត្តប៉ៃលិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា មានការចូលរួមពីលោកខាយ ឃុនហេង និងលោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងមានការចូលរួមពីគ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ និងសិក្ខាកាមចំនួន៨៤រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍១៤ខេត្ត។
ឆ្លៀតក្នុងឱកាសនោះ លោក ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិដែលបានចំណាយពេលដ៏មានតម្លៃក្នុងការមកចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យា។
លោកក៏បានលើកទឹកចិត្តថា៖«សូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀតសម្រាប់បំពេញតួនាទីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត»។
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីបណ្ដុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញនិងបទពិសោធន៍ពាក់ព័ន្ធវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរប.ទ.ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់៕