ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ ដោយលោកកំណត់យកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ដោយលោកបញ្ជាក់ថា លោកជាប់រវល់និងថា ជំនួបនេះនៅមិនទាន់មានភាពច្បាស់លាស់។
ការឆ្លើយរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានផ្ញើសំណើសុំជួបសម្តែងការគួរសមជាមួយរូបលោកតាមរយៈលិខិតចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ និងជជែកពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
ក្នុងលិខិតនេះ មានសមាសភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ៥ រូប សម្រាប់សុំជួបនាយករដ្ឋមន្ត្រីរួមមាន លោក ទាវ វណ្ណុល ជាប្រធាន, លោក ចេប គឹមអ៊ាង អនុប្រធាន, លោក សុក ហាច អនុប្រធាន, លោក កែត ឃី និងលោកជា ប៉ូច ដែលជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សភ្លើងទៀន។
នៅយប់ថ្ងៃទី ១៣ ខែឧសភា លោក ហ៊ុន សែន បានឆ្លើយតបជាសំណេរនៅលើទំព័រឆាណែលតេឡេក្រាមផ្លូវការ របស់លោកដូច្នេះថា៖ «ថ្ងៃនេះជាមួយនឹងសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិដោយសេចក្តីប្រកាសព័ត៌មានផងនិងដោយការប្រកាសរបស់រ៉ុង ឈុន ផង ខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀន សុំជួបសម្តែងការគួរសមដែលនាំមកដោយ ជា ប៉ូច»។
លោកបានចោទជាសំណួរថា តើភ្លើងទៀនចង់បានអ្វីពិតប្រាកដ បានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កបំផ្លាញការបោះឆ្នោត?ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឱ្យ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំង ២ បដិសេធមិនឱ្យចុះឈ្មោបោះឆ្នោត ឬដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
លោកបានសង្កត់ធ្ងន់ថា ៖ «ខ្ញុំក៏ចង់បានការពន្យល់ពីជា ប៉ូច តើរបៀបទម្លាក់ហ៊ុន សែនដោយវិធីណា? អាស្រ័យដោយភាពមិនច្បាស់លាស់ និងដោយខ្ញុំជាប់រវល់ផង ខ្ញុំសូមកំណត់យក ម៉ោង ៩ ថ្ងៃ ៣០ កក្កដា ២០២៣ នៅវិមានសន្តិភាពគឺជួបគ្នាក្រោយការបោះឆ្នោត»។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀន បានអំពាវនាវឱ្យមានការប្រមូលផ្តុំថ្នាក់ដឹកនាំសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនេះនៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធីបើសិនជាគណបក្សភ្លើងទៀនត្រូវបានគ.ជ.ប បដិសេធ មិនចុះបញ្ជីគណបក្សខ្លួន សម្រាប់ការបោះឆ្នោតខែកក្កដាខាងមុខ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សចុះនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។
ការណ៍នេះធ្វើឱ្យលោក ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋកុំជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននេះ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលត្រូវការសណ្តាប់ធ្នាប់សង្គមរៀបរយ។
លោកក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមខ្លួនបង្ការកុំឱ្យមានការប្រមូលផ្តុំអ្នកគាំទ្រគណបក្សភ្លើងទៀននេះជាយថាហេតុណាមួយនោះដែរ ព្រមទាំងព្រមានធ្ងន់ៗនិងចាត់វិធានការច្បាប់លើជនណាដែលប៉ុនប៉ងបង្កចលាចលសង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានឱ្យដឹងថា សំណើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីគណបក្សភ្លើងទៀន គឺចង់ជួបក្នុងពេលឆាប់ៗនេះ មិនមែនក្រោយការបោះឆ្នោតឡើយដែលខ្លួនលោកផ្ទាល់ មិនយល់ពីបំណងដែលលោក ហ៊ុន សែន ធ្វើការឆ្លើយតបនេះឡើយ។
ពាក់ព័ន្ធនឹងការអំពាវនាវឱ្យមានការប្រមូលផ្តុំអ្នកគាំទ្រ លោក រ៉ុង ឈុន គូសបញ្ជាក់ដូច្នេះថា៖ «គោលជំហររបស់គណបក្សភ្លើងទៀន គ្មានបំណងផ្តួលរំលំនរណា ឬគណបក្សណាដោយកម្លាំងបាយនោះទេ យើងគ្រាន់តែចង់ប្រកួតប្រជែងតាមរយៈការបោះឆ្នោតឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តតាមរយៈសន្លឹកឆ្នោត ហើយការបោះឆ្នោតហ្នឹងគឺត្រូវសេរី និងយុត្តិធម៌ ជាគោលការណ៍របស់គណបក្ស»។
បន្ថែមពីនេះ នៅថ្ងៃទី ១៤ ខែឧសភា គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយចំពោះសេចក្តីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី ១២ ខែឧសភាដែលនាំឱ្យមានការយល់ថា គណបក្សភ្លើងទៀន មានផែនការប្រមូលផ្តុំកម្លាំង គំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ។
សេចក្តីថ្លែងការណ៍គណបក្សនេះបញ្ជាក់ថា៖ «គណបក្សភ្លើងទៀនសូមបញ្ជាក់ជំហររបស់ខ្លួនជាឱឡារិកថា គណបក្សភ្លើងទៀន បានធ្វើសកម្មភាពនយោបាយទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាល ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយ អហិង្សា និងសន្តិវិធី ផ្អែកលើមូលដ្ឋានបង្រួបបង្រួមជាតិផ្សះផ្សាជាតិ និងឯកភាពជាតិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ជាធរមាននានាពិសេសសច្បាប់ស្តីពីគណបក្សនយោបាយហើយមានឆន្ទៈក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឱ្យដឹងថា ចំណោទបញ្ហាកើតចេញពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀនផ្ទាល់ ដែលមានកង្វះឯកសារច្បាប់ ដើម្បីយកទៅចុះបញ្ជីឈរឈ្មោះបោះឆ្នោតសកលខាងមុខជាមួយ គ.ជ.ប ដែលទាមទារសំណៅឯកសារច្បាប់ដើម ព្រោះគេមិនអាចទទួលសំណៅឯកសារថតចម្លង ឬហ្វូតូកូពីបានឡើយ ក្នុងកិច្ចការរដ្ឋបាល។
លោកបញ្ជាក់បន្ថែមថា៖ «ការចង់ជួបសម្តេចតេជោ ហ៊ុន សែន ចង់ជួបសម្តេចក្រឡាហោម ស ខេង ដើម្បីពិភាក្សារឿងចុះបញ្ជីទៅ គ.ជ.ប នេះ គឺគ្មានបញ្ហាដែលត្រូវជួបទេ ព្រោះវាមិនមែនជាកំហុសរបស់ប្រមុខរដ្ឋាភិបាលឡើយ ដោយខ្លួនឯងខ្វះឯកសារចង់ឱ្យគេជួយសម្របសម្រួលយកសំណៅឯកសារថតចម្លង ម៉េចទៅរួច ប្រទេសណាយកឯកសារថតចម្លងជាឯកសារផ្លូវការកើត?»។
ទាក់ទងនឹងការចុះបញ្ជីបោះឆ្នោតលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា បញ្ហាចុះបញ្ជីរបស់គណបក្សភ្លើងទៀននិងកង្វះខាតរបស់គណបក្សផ្សេងៗទៀតត្រូវបំពេញនឹងត្រូវលើកឡើងក្នុងអង្គប្រជុំរបស់ គ.ជ.ប នៅថ្ងៃទី ១៥ ខែឧសភា៕