ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា សាធារណរដ្ឋឆែកប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យបណ្តុះបណ្ដាលធនធានមនុស្ស និងជំនាញបច្ចេកទេស និងវិជ្ជាជីវៈកែច្នៃផលិតផលកសិកម្មដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងដូចនេះពីថ្ងៃទី ១៥ ខែឧសភា ក្នុងជំនួបជាមួយលោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍និងជំនួយមនុស្សធម៌តំណាងក្រសួងការបរទេសសាធារណរដ្ឋឆែកនិងលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា។
បើតាមក្រសួងការងារជំនួបនេះធ្វើឡើងដើម្បីពិភាក្សាការងារដែលផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំកន្លងមក(២០១៨-២០២៣)និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេសការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)។
នាឱកាសនោះ លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋឆែកក្នុងការពង្រឹងនិងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកលើវិស័យការងារជាពិសេសវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីនឬPIN(People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨»។នេះបើតាមលោក អ៊ិត សំហេង។
លោកបានបញ្ជាក់ថា៖ «ក្រសួងក៏បានស្វាគមន៍ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសសាធារណរដ្នឆែកក្នុងការចូលរួមផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផងដែរ»។
ក្នុងជំនួបនោះដែរ លោក Petr Gandalovicបានលើកឡើងដែរថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)នៅកម្ពុជា។
តាមរយៈក្រសួងការងារដដែលនេះលោកក៏បានបញ្ជាក់ដែរថា៖ «ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពទៀតនោះ ភាគីទាំង២គួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជាផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម»។
លោក Petr Gandalovic បានបន្តថា ការកែច្នៃម្ហូបអាហារនេះគឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ៕