ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនដល់ពលករប្រមាណ ១,៣ លាននាក់ ដែលអាចផ្ញើប្រាក់មកគ្រួសារប្រមាណ ២,៧ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំៗ។
លោកថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាសជាង ៣ ៧០០ នាក់ មកពីរោងចក្រសហគ្រាសចំនួន ៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី ១៤ ខែឧសភា។
លោកបញ្ជាក់ថា៖ «ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ ១,៣ លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ ២,៧ ពាន់លានដុល្លារអាមេរិកក្នុង ១ ឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ»។
បន្ថែមពីនេះ លោក អ៊ិត សំហេង ថ្លែងថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានរោងចក្រចំនួន ១ ៣២៥ ហើយតម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង ១២,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ដោយមានកម្មករនិយោជិតចំនួនជាង ៨៥ ម៉ឺននាក់។ កម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។
លោកបន្តថា ការអនុវត្តច្បាប់ស្តីពីសហជីព បានបន្តលើកកម្ពស់សេរីភាព អង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦ ០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥ ៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។
លោកថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១,៥ លាននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។
បើតាមរដ្ឋមន្ត្រីការងារ បច្ចុប្បន្ន សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារមានចំនួន ១៧ ១០២ សហគ្រាសដែលមានកម្មករនិយោជិតចំនួន ១,៥ លាននាក់បានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៤,៥៥ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ ហើយមានប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់ទទួលផលដោយប្រយោលពីវិស័យនេះ។
នៅក្នុងពិធីនេះ លោកក៏រំឭកផងដែរថា ក្នុងពេលដែលវិបត្តិជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរក្សាបាននូវជីវភាពរស់នៅ លំនឹងផលិតកម្ម អាជីវកម្មរបស់រោងចក្រ សហគ្រាស រក្សាបាននូវការងារ ប្រាក់ចំណូលកម្មករនិយោជិតរហូតដល់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
កាលពីខែមុន លោក អ៊ិត សំហេង ថ្លែងថា នៅឆ្នាំ ២០២៣ នេះ ដោយសារតែពលករខ្មែរនៅប្រទេសកូរ៉េ ខិតខំធ្វើការងារបានល្អ ហើយបានធ្វើឱ្យការវាយតម្លៃរបស់ពលករខ្មែរឈរនៅលំដាប់ថ្នាក់ទី ១ ក្នុងចំណោមពលករមកពីប្រទេសផ្សេងទៀត ដែលបាននិងកំពុងធ្វើការនៅកូរ៉េនេះ។
លោកថ្លែងក្នុងពិធីបុណ្យចូលឆ្នាំថ្មីខ្មែរនៅសាធារណរដ្ឋកូរ៉េថា៖ «ភាគីកូរ៉េ បានសន្យានឹងបង្កើនចំនួនពលករ ១ ម៉ឺននាក់បន្ថែមទៀត ឬលើសពីនេះដែលនេះជាព័ត៌មានដ៏ល្អបំផុតសម្រាប់បងប្អូនពលករយើង»៕