ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្នុងមរតកនយោបាយរបស់លោក លោកបានចូលរួមចំណែកលើកស្ទួយរបបរាជានិយម ដោយបាននាំមកវិញ នូវរបបរាជានិយម ព្រមទាំងការពាររបបនេះយ៉ាងហ្មត់ចត់ ហើយលោកប្តេជ្ញាការពារព្រះមហាក្សត្រ រាជបល្ល័ង្ក និងរបបរាជានិយមជានិរន្តន៍។
ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
លោកហ៊ុន សែនបានលើកឡើងថា ៖ «ត្រកូលហ៊ុន របស់ខ្ញុំ មិនមែនជាត្រកូលក្បត់រាជានិយមឡើយ តែជាត្រកូល ការពាររបបរាជានិយម»។
លោកក៏បានផ្តាំផ្តាំដែរថា បើមានវត្តមានលោក និងត្រកូលហ៊ុនរបស់លោក នោះនឹងមិនអនុញ្ញាតឱ្យនរណាប្រមាថចេស្តាព្រះមហាក្សត្របានឡើយ ដែលក្រុមរបស់លោក ជាស្នូលកម្លាំងការពាររបបរាជានិយមនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
លោកហ៊ុន សែន គូសបញ្ជាក់ដូច្នេះថា៖ «ត្រកូលនេះ[ត្រកូលហ៊ុន] មិនមែនជាត្រកូលក្បត់ស្តេចទេ តែត្រកូលនេះជាត្រកូលការពារមហាក្សត្រ ត្រកូលការពាររាជបល្ល័ង្ក ត្រកូលការពាររាជានិយម។ ខ្ញុំបានចូលរួមចំណែកក្នុងការនាំមកវិញ នូវរបបរាជានិយម ហើយឥឡូវជាកម្លាំងតែមួយគត់ ដែលធំក្នុងការពាររបបរាជានិយម»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ បានអះអាងថា លោកហ៊ុន សែន ពិតជាអ្នកស្រឡាញ់របបរាជានិយមម្នាក់ពិតប្រាកដ។ ក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត លោកហ៊ុន សែន បានដង្ហែព្រះបាទនរោត្តម សីហនុ ឱ្យយាងចូលក្នុងប្រទេសវិញ នៅមុនការបោះឆ្នោតក្នុងឆ្នាំ១៩៩៣។
លោកបានថ្លែងថា៖ «ពីឆ្នាំ១៩៩៣មក ប្រសិនគ្មានវត្តមានសម្តេចហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាទេ ការបង្កើត ឬថែរក្សារបបរាជានិយមឱ្យនៅគង់វង្សអាចជារឿងលំបាក ព្រោះកន្លងមក អ្នកនយោបាយខ្លះ ហាក់នៅតែមានគំនុំ ឬមិនសប្បាយចិត្តជាមួយរាជានិយម ថែមទាំងប្រមាថព្រះមហាក្សត្រទៀតផង»។
លោកពៅ សុខ បានបន្ថែមថា ជាមរតកនយោបាយរបស់លោកហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃរាប់ទសវត្សរ៍ និងបង្កើតឱ្យមានសន្តិភាពពេញលេញ រហូតមានរដ្ឋធម្មនុញ្ញ មានអង្គព្រះមហាក្សត្រតែមួយ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងមានគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ស្រដៀងគ្នានេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា ឯកភាពចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ចំពោះកិច្ចខិតខំការពាររបបរាជានិយមនៅកម្ពុជា។
លោកថ្លែងថា របបរាជានិយមរបស់កម្ពុជា ធ្លាប់បានផុតរលត់តាំងពីក្រោយរដ្ឋប្រហារដោយសេនាប្រមុខ លន់ នល់ នៅឆ្នាំ១៩៧០ រហូតមកមានការបង្រួបបង្រួមឡើងវិញ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនបានកំណត់ឡើយ នូវអាទិភាពរបបរាជានិយម ឬរបបសាធារណរដ្ឋនិយម តែដោយស្មារតីអ្នកនយោបាយ នៃគណបក្សនយោបាយក្រោយឆ្នាំ១៩៩៣ នោះដោយស្រុះស្រួលគ្នាបង្កើតឱ្យមានរបបរាជានិយមឡើងវិញ ដែលនេះសបញ្ជាក់ពីការចូលរួមចំណែករបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដើម្បីអនុម័តរដ្ឋធម្មនុញ្ញកម្ពុជា ដែលមានរបបរាជានិយម។ នេះបើតាមការបញ្ជាក់ពីលោក គិន ភា។
លោក គិន ភា ថា ៖ «លោកនាយករដ្ឋមន្រ្តីផ្ទាល់ ក៏ធ្លាប់ជាយុវជនដែលស្ម័គ្រចូលព្រៃម៉ាគីតស៊ូ ក្នុងឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចសីហនុ ដើម្បីដណ្តើមអំណាចជូនព្រះករុណាព្រះបាទនរោត្តម សីហនុ វិញ។ ជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ និងគោលគំនិតរបស់លោក និងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលតែងបង្ហាញយ៉ាងមុតមាំពីការប្តេជ្ញាចិត្តខ្ពស់លើកស្ទួយ និងការពាររបបរាជានិយម និងរាជបល្ល័ង្ក»៕