ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យនាយកប្រចាំតំបន់អាស៊ីរបស់វិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ (IRRI ) សហការជាមួយ CARDI សិក្សាស្រាវជ្រាវអំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index Low GI)។
ការណែនាំនេះធ្វើឡើងក្នុងអំឡុងជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា និងនាយកប្រចាំតំបន់នៃ IRRI លោក Jongsoo Shin នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។
យោងតាមក្រសួងកសិកម្ម នាឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្ម ពិតជាអរគុណនូវកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួង ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវស្របតាមគោលនយោបាយរបស់ក្រសួង។
សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index Low GI) លោករដ្ឋមន្ត្រីបានណែនាំថា៖ «សូម IRRI សហការជាមួយ CARDI និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ»។
លោកបានបន្តថា៖ «លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។ គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព»។
ទាក់ទងនឹងចំណុចនេះ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៦ ខែឧសភាថា ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ( IRRI ) កាលពីពេលកន្លងទៅ ខាងវិទ្យាស្ថានធ្លាប់បានលើកឡើងពីពូជស្រូវចំនួន២ប្រភេទ គឺ Japanica និង Low GI នេះ។
លោកបានបន្តថា សព្វថ្ងៃនេះ មានក្រុមហ៊ុនឯកជន និងកសិករមួយចំនួនបាននិងកំពុងធ្វើការដាំដុះពូជ Japanica នៅក្នុងស្រុក ខណៈដែលលោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យ CARDI សហការជាមួយ IRRI បន្ថែមទៀត លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវនេះ។
លោក ឡោ ប៊ុណ្ណា បញ្ជាក់ថា ៖ «CARDI បានធ្វើការងារនេះអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ហើយទាក់ទងនឹងពូជ Japanica យើងបាន ធ្វើតាមរយៈគម្រោងមួយ ដែលយើងសហការជាមួយកូរ៉េ ដោយក្នុង ១ ឆ្នាំយើងយក ១០០ ពូជ។ ឆ្នាំនេះជាឆ្នាំទី ២ ហើយ ដែលយើងយក ១០០ ពូជទៀត ដោយកំពុងធ្វើតេស្តនៅវិទ្យាសា្ថនផ្ទាល់។ ក្នុងចំណោម ១០០ ពូជនេះយើងរកឃើញ ៣០ ពូជ ដែលមានលក្ខណៈសមស្របសម្រាប់ដាំដុះនៅក្នុងប្រទេសកម្ពុជាយើង»។
លោកថា វិទ្យាស្ថាននឹងបន្តតាមដាននៅឆ្នាំក្រោយ ១ ឆ្នាំទៀតទើបវិទ្យាស្ថានរាយការណ៍ទៅក្រសួងកសិកម្ម ដើម្បីឱ្យក្រសួងបញ្ចេញឱ្យកសិករដាំដុះសាកល្បង។ ការងារនេះត្រូវការអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ដោយគិតចាប់ពីពេលនេះនៅសល់ ៣ ឆ្នាំទៀត។
ដោយឡែកសម្រាប់ពូជ Low GI លោកថា៖ «យើងកំពុងតែធ្វើការសិក្សាលើពូជក្នុងស្រុកយើង ដោយយើងបានធ្វើការត្រៀមនឹងបញ្ចេញនៅចុងឆ្នាំនេះ ចំនួន ៦ ពូជ ហើយយើងក៏កំពុងធ្វើបន្តទៀតទៅលើ Low GI ហ្នឹង ដោយតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី គឺឱ្យខាង IRRI នាំយកពូជដែលបានប្រើប្រាស់នៅខាង IRRI យកមកធ្វើតេស្តនៅយើង។ យើងនឹងប្រៀបធៀបគ្នាថាតើ ពូជស្រូវ Low GI មានលក្ខណៈល្អជាងពូជស្រូវយើង ឬដូចពូជយើង?»។
បើតាម CARDI បច្ចុប្បន្ន ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ក្នុងនោះពូជដែល CARDI បានប្រមូលមកទុកនិងស្រាវជ្រាវមានជាង ២ ពាន់ពូជខណៈពូជមានការពេញនិយមក្នុងការដាំដុះមានជាង ១ ពាន់ពូជ៕