ស្ទឹងត្រែងៈ គម្រោងអច្ឆរិយភាពទន្លេមេគង្គ និងរដ្ឋបាលជលផលថ្នាក់ជាតិសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលែងត្រីមេពូជធំៗ ១០០ ក្បាល ជាប្រភេទត្រីកម្រ និងជិតផុតពូជចូលក្នុងទន្លេមេគង្គ។ នេះបើតាមមន្ត្រីជលផល។
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងចំណោមត្រី ១០០ ក្បាល ដែលលែងចូលក្នុងតំបន់អន្លង់អភិរក្សត្រីមេពូជ និងបបែលយក្សក្នុងភូមិសាស្ត្រឃុំកោះព្រះ ស្រុកសៀមបូក កាលពីថ្ងៃទី ១៥ ខែឧសភា នោះ មាន ៣០ ក្បាលជាប្រភេទត្រីគល់រាំង និង ៧០ ក្បាលទៀតជាប្រភេទត្រីប្រាធំ។
លោកថ្លែងថា៖ «នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រីទាំង ២ ប្រភេទនេះ គឺជាប្រភេទត្រីកម្រនិងរងការគំរាមកំហែងជិតផុតពូជ។ តាមរយៈកម្មវិធីនេះ យើងរំពឹងថា បរិមាណផលត្រីនៅក្នុងស្តុកធម្មជាតិនឹងមានកំណើនឡើងវិញ ជាពិសេសប្រភេទត្រីកម្រ និងជិតផុតពូជទាំងនេះ»។
យោងរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបត្រីគល់រាំងទាំង ៣០ ក្បាល ដែលត្រូវបានលែងចូលក្នុងតំបន់អន្លង់អភិរក្សត្រីបបែលយក្សនោះ មាន ៤ ក្បាលជាមេពូជ និងក្នុង ១ ក្បាលមានទម្ងន់ ៦៨ គីឡូក្រាម និង ២៦ ក្បាលទៀតនៅតូចៗ គឺក្នុង ១ ក្បាលទើបតែមានទម្ងន់ពី ១,៥ គីឡូក្រាមដល់ ៣ គីឡូក្រាមខណៈត្រីដែលជានិមិត្តរូបនៃអត្តសញ្ញាណជាតិរបស់កម្ពុជានេះមានទម្ងន់ដល់ ៣០០ គីឡូក្រាម និងមានប្រវែងរហូតដល់ ២ ម៉ែត្រ។
ចំណែកត្រីប្រាធំ ៧០ ក្បាល ដែលត្រូវបានលែងក្នុងទីតាំង និងថ្ងៃតែ ១ នោះ មានទម្ងន់ចន្លោះពី ២-៣,៥ គីឡូក្រាមក្នុង ១ ក្បាល ដែលតាមឯកសារត្រីប្រាធំមានទម្ងន់ពី ៣០-៥០ គីឡូក្នុង ១ ក្បាល។
នៅមុនពេលលែងត្រីទាំងនោះក្រុមមន្ត្រីជំនាញបានបំពាក់ឧបករណ៍តាមដានការបំផ្លាស់ទី និងស្លាកសញ្ញាសម្គាល់ទៅលើខ្លួនរបស់ពួកវា។ នេះបើតាមអ្នកស្រី ជា សីលា អ្នកគ្រប់គ្រងកម្មវិធីអច្ឆរិយភាពទន្លេមេគង្គ។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ត្រីគល់រាំងគឺយើងបំពាក់ឧបករណ៍តាមដានការបំផ្លាស់ទី (Tag/GPS) ក្នុងដងខ្លួនវាចំនួន ១៤ ក្បាល ហើយក្រៅពីនេះមានកិបស្លាកលេខសម្គាល់។ ចំណែកត្រីប្រាធំវិញ គឺយើងបំពាក់បានតែមួយចំនួនតូច មួយចំនួនធំទៀតគឺបានបំពាក់ត្រឹមតែស្លាកលេខសម្គាល់ប៉ុណ្ណោះ»។
អ្នកស្រីបានបន្តថា តាមរយៈឧបករណ៍ទាំងនោះ គឺអាចឱ្យអ្នកសិក្សាស្រាវជ្រាវបានដឹងពីការបំផ្លាស់ទី និងការវិវឌ្ឍរបស់ត្រីទាំងនោះបានដោយស្វ័យប្រវត្តិ។ ទោះជាបែបណាក្ដី អ្នកស្រីបានអំពាវនាវដល់ប្រជានេសាទបង្កើនការប្រុងប្រយ័ត្ន និងចូលរួមការពារ និងអភិរក្សត្រីទាំងនោះ ដោយត្រូវដោះលែងវាភ្លាម ក្នុងករណីនេសាទបានវា ហើយនៅមានជីវិត។ ក្នុងករណីនេសាទបានវា តែងាប់ត្រូវផ្ដល់សេចក្ដីរាយការណ៍ជាបន្ទាន់មកកាន់ក្រុមការងារនៃគម្រោងអច្ឆរិយភាពទន្លេមេគង្គឬឆ្មាំទន្លេ ដើម្បីចុះទៅពិនិត្យ និងដោះយកឧបករណ៍ទាំងនោះត្រឡប់មកវិញ។
អ្នកស្រីថ្លែងថា៖ «ការលែងប្រភេទត្រីកម្រ និងរងការគំរាមកំហែងជិតផុតពូជទៅក្នុងទន្លេមេគង្គនេះ គឺយើងមានគោលបំណងសំខាន់ៗចំនួន ២ ក្នុងនោះគឺយើងចង់ឱ្យសាធារណជន បានស្គាល់ប្រភេទត្រីកម្រ និងជិតផុតពូជដែលកំពុងមានវត្តមាននៅកម្ពុជាដើម្បីឱ្យមានការចូលរួមការពារ ថែរក្សាសម្រាប់មនុស្សជាតិជំនាន់ក្រោយបានឃើញបានស្គាល់ផងនិងដើម្បីបង្កើនចំនួននៃប្រភេទត្រីកម្រទាំងនោះនៅក្នុងស្តុកធម្មជាតិឡើងវិញផង»៕