ព្រះវិហារៈ ក្រុមហ៊ុន អេមរូ រាយស៍ (AMRU Rice) បានផ្តល់ពូជស្រូវផ្ការំដួល៥៩តោនដល់សហគមន៍កសិកម្មចំនួន ១៤ នៅខេត្តព្រះវិហារ ខណៈក្រសួងកសិកម្មកំពុងជំរុញការអនុវត្តការចុះកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្មផលិតស្រូវដើម្បីប្រមូលទិញស្រូវដែលកសិករផលិតបាន។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៧ ខែឧសភាថា ក្រសួងកសិកម្ម កំពុងខិតខំជំរុញការអនុវត្តកិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុនកិនកែច្នៃអង្ករ និងសហគមន៍កសិកម្មផលិតស្រូវ ដោយការជំរុញផលិតកម្មស្រូវជាមួយការប្រើប្រាស់ពូជសុទ្ធល្អ។
ការលើកឡើងរបស់លោក យ៉ង សាំងកុមារ ធ្វើឡើងបន្ទាប់ពីសហគមន៍កសិកម្មចំនួន១៤ក្នុងខេត្តព្រះវិហារ បានធ្វើការផ្លាស់ប្តូរពូជស្រូវ ដោយយកប្រភេទស្រូវផ្ការំដួលទៅដាំដុះបង្កបង្កើនផល ដើម្បីទទួលបានភាពសុទ្ធល្អ និងទិន្នផលខ្ពស់ ដោយក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd នឹងប្រមូលទិញក្រោយប្រមូលផលរួច។
លោក យ៉ង សាំងកុមារ និយាយថា៖«ជាបណ្តើរៗ យើងរៀបឱ្យមានការចុះកិច្ចសន្យា រវាងក្រុមហ៊ុន និងសហគមន៍។ កន្លងមក យើងរៀបចំឱ្យមានការចុះកិច្ចសន្យាកសិកម្មនេះ នៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ហើយ យើងកំពុងរៀបជាបន្តបន្ទាប់ទៀតនៅខេត្តផ្សេងទៀត»។
សហគមន៍កសិកម្មទាំង១៤ក្នុងខេត្តព្រះវិហារ បានទទួលពូជស្រូវប្រភេទផ្ការំដួលជាង ៥៩តោនដែលជាពូជសុទ្ធល្អ និងមានទិន្នផលខ្ពស់ ផ្តល់ដោយក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd ដើម្បីធ្វើការដាំដុះក្នុងរដូវវស្សាឆ្នាំ២០២៣នេះ។
នៅក្រោយពេលប្រមូលផលដែលដាំដុះពីពូជស្រូវផ្ការំដួលនេះ ក្រុមហ៊ុន នឹងប្រមូលទិញស្រូវទាំងអស់។ នេះបើយោងតាមមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។
លោក កាន់ គន្ធី អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា៖«ចង់បានលទ្ធផលល្អ ត្រូវផ្តើមចេញពីគ្រាប់ពូជល្អ។ គ្រាប់ពូជជាកក្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ៗមួយចំនួន ដើម្បីឈានទៅរកទិន្នផលល្អ និងគុណភាពល្អ ក្នុងការបម្រើការនាំចេញអង្ករល្អទៅក្រៅប្រទេស»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីខែមីនាកន្លងទៅ បានឱ្យដឹងថា ការរៀបចំកិច្ចសន្យាកសិកម្មនេះ គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយគុណភាព និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយនាំចេញអង្ករ ក្នុងបរិមាណ១លានតោនក្នុង ១ឆ្នាំ៕