ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ប្រកាសច្រានចោល ចំពោះការធ្វើអត្ថាធិប្បាយដែល «បង្កឱ្យមានការយល់ច្រឡំ និងធ្វើឡើងក្រោមហេតុផលនយោបាយ» របស់ក្រុមអ្នករិះគន់មួយចំនួនតូចជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា ដោយផ្អែកលើការពន្យល់ និងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី ១៦ ខែឧសភា បានសរសេរថា ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ចំពោះច្បាប់ និងបទប្បញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប។
សេចក្តីប្រកាសព័ត៌មានលើកឡើងថា តាមមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តី ជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ និងចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ បង្ហាញថា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការគឺ «គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មក្នុងចំណោមឯកសារផ្សេងទៀត»។
កាលពីថ្ងៃទី ១៥ ខែឧសភា គជប បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី-ខេត្ត ដោយមូលហេតុ គណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី ២ និងចំណុចទី ១ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន នាព្រឹកថ្ងៃទី ១៦ ខែឧសភាថា គណបក្សភ្លើងទៀនមិនអាចទទួលយកបាននូវសេចក្តីសម្រេចរបស់ គជប ដោយសារការបញ្ជាក់ក្នុងប្រការ ១ នៃសេចក្តីសម្រេចរបស់ គជប គណបក្សភ្លើងទៀនបានធ្វើអស់លទ្ធភាព និងមានឯកសារគ្រប់គ្រាន់ដាក់ជូនទៅ គជប។
លោកថ្លែងថា៖ «យើងមានឯកសារគ្រប់គ្រាន់ ដើម្បីជូនទៅ គជប ដូច្នេះបានជាយើងមិនអាចទទួលយកបាន ព្រោះវាអត់មានហេតុផលសមរម្យណាមួយដែលថា យើងខ្វះខាតអីទៀតទេ វាមានសព្វគ្រប់អស់ហើយ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែឧសភាថា នីតិវិធីបន្តគណបក្សភ្លើងទៀននឹងដាក់ពាក្យប្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់ គជប ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
លោកបញ្ជាក់ថា៖ «យើងកំពុងរៀបចំឯកសារ ដើម្បីបន្តនីតិវិធីដាក់បណ្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយយើងប្រហែលជាដាក់ទៅនៅថ្ងៃទី ២០ ខែឧសភា»។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសបញ្ជាក់ថា ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត គឺដោយសារ ពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ដូចដែលអនុប្រធាន ១ រូប នៃគណបក្សនោះបានថ្លែងទទួលស្គាល់ថា ការអំពាវនាវឱ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាព សេចក្ដីសម្រេចបច្ចេកទេសរបស់ គ.ជ.ប អាចធ្វើការប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា គ្រប់គណបក្សនយោបាយទាំងអស់ មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្ដីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេល ១ ឆ្នាំមុន។
ក្រសួងបន្តថា៖ «សេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយលើសគណបក្សចូលរួមប្រកួតចំនួន ១៨ ផ្សេងទៀតបានឡើយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា គជប មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀន ដោយផ្អែកលើមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលពាក់ព័ន្ធនឹងសេចក្តីចម្លងលិខិតបញ្ជាក់ចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
លោកលើកឡើងថា គណបក្សភ្លើងទៀនហាក់មានការធ្វេសប្រហែសព្រងើយកន្តើយខ្ជីខ្ជាបណ្តែតបណ្តោយឱ្យខកខានពេលវេលា។ ការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់គណបក្សនេះសុទ្ធតែជាសេចក្តីថ្លែងការណ៍ដែលមិនមាន មូលដ្ឋាន និងធ្វើឱ្យសភាពការណ៍ពិបាកឈានទៅរកការស្រោចស្រង់បាន។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា គណបក្សភ្លើងទៀនហាក់ដូចជាមានចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការចុះបញ្ជីគណបក្ស ហើយធ្វើឱ្យខូចដល់ប្រយោជន៍គណបក្សខ្លួនឯងផ្ទាល់ ក៏ដូចជាធ្វើឱ្យខូចដល់ទឹកចិត្តអ្នកគាំទ្រគណបក្សដែលខំប្រឹងធ្វើការជាច្រើនដើម្បីរួមចំណែកការបោះឆ្នោត បែរជាថ្នាក់ដឹកនាំគណបក្សគាត់សម្រេចចិត្តខុសធ្វើឱ្យខកខានឱកាសសម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោត»។
បើតាមលោក គិន ភា ទោះបីជាមាន ឬគ្មានគណបក្សភ្លើងទៀនក៏ដោយ ក៏ការបោះឆ្នោតនីតិកាលទី៧ ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនៅតែប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីទាំងអស់ ហើយដំណើរការប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តទៅមុខតែបែបកម្ពុជា ដែលឆ្លុះបញ្ចាំង និងស៊ីគ្នាទៅនឹងទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ផ្នត់គំនិត អត្តសញ្ញាណជាតិ ពិសេសវប្បធម៌នយោយបាយនៃកម្ពុជា៕