ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៦ ​ឆ្នាំ ២០២៣ ​នៅ​ពាក់​កណ្តាលខែ​មិថុនា ខាងមុខ ដោយ​កំណត់​យក​ប្រធានបទ ​«TVET ​ផ្តល់​ជំនាញ​និង​ការងារ​សមរម្យ​» ​ឱ្យស្រប​តាម​បរិបទ​នៃ​សង្គម​បច្ចុប្បន្ន​ដើម្បី​ធានាថា ប្រជាពលរដ្ឋ​ម្នាក់​ត្រូវមាន​ជំនាញ​ ១​ យ៉ាងតិច​ប្រចាំជីវិត​។​

​លោក ​ថង សាម៉ុន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ឧសភា​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិ​ជា្ជ​ជីវៈ នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ​៦ ឆ្នាំ ​២០២៣ ក្រោម​ប្រធានបទ TVET ផ្តល់​ជំនាញ និង​ការងារ​សម​​រម្យ​រយៈពេល​ ២ ​ថ្ងៃ នៅ​ថ្ងៃទី ​១៥ និង ១៦ ខែមិថុនា​។​

​លោក​បាន​ឱ្យដឹងទៀតថា ទិវា​ជាតិ​នេះ នឹងធ្វើ​ឡើង​នៅ​អគារ​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្ស និស្សិត យុវជន មាតាបិតា អាណា​ព្យា​បាល សាធារណជន និង​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុន​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​នឹង​រៀបចំ​ដាក់តាំង​បង្ហាញ​ស្នាដៃ​សិស្ស​និ​ស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​នានា​។ ជាពិសេស​ក្នុង​ថ្ងៃ​បើក​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​លើក​ទី ​៦ ឆ្នាំ ​២០២៣ នេះ នឹង​ទទួលបាន​ការអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​​យក​ថ្ងៃទី ​១៥ ខែមិថុនា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បន្ទាប់ពី​ទិវា​នេះ​ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង កាលពី​ឆ្នាំ ​២០១៨ ដើម្បី​ផ្សព្វផ្សាយ​ជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​

​សារាចរ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមេសា បានឱ្យដឹងថា ដើម្បីឱ្យ​ការ​រៀបចំ​ទិវា​ជាតិ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​ប្រកបដោយ​ភាព​អធិកអធម រាជរដ្ឋាភិបាល​ណែនាំ​ឱ្យ​រៀបចំ​ផលិត​ជា​វីដេអូ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថា​ប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​។​

​សារាចរ​ដដែល​នេះ​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​នានា​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​ ៦ ឆ្នាំ​ ២០២៣ តាម​បណ្ដា​អង្គភាព​រៀងៗ​ខ្លួន និង​ត្រូវ​ចង​ជា​ពាក្យស្លោក បដា​នៅតាម​ទីសាធារណៈ​នៅក្នុង​ដែនដី​របស់ខ្លួន​។​

​សារាចរ​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​នីមួយៗ ត្រូវ​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​ ៦ ឆ្នាំ ​២០២៣ ដោយមាន​ការចូលរួម​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិ​ជា្ជ​ជីវៈ​សាធារណៈ ឯកជន និង​អង្គការ សមាគម​ដែល​ស្ថិតក្នុង​ដែនដី​របស់ខ្លួន​។ ទន្ទឹមនឹងនេះ ត្រូវមាន​ចលនា​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន ក្រុមហ៊ុន រោង​​ចក្រ សហគ្រាស គ្រឹះស្ថាន​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​សារាចរ​នោះ​ថា​៖ «​រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណា​​ព្យាបាល កម្មករនិយោជិត និយោជក អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ​ទាំង​អស់ សូម​ចូលរួម​និង​ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឱ្យបាន​ផុលផុស ឱឡារិក អធិកអធម​នៅ​ទូទាំងប្រទេស​»៕