ភ្នំពេញៈ សមា​គម​មីក្រូហិ​រញ្ញ​វត្ថុ​កម្ពុជា​បាន​ចេញ​លិខិត​អំពាវ​នាវ​ជា​ចំហ​មួយ​ដល់​អ្នក​ផលិត​មាតិកា​តាម​បណ្តាញ​សង្គម​ឱ្យ​ចៀស​វាង​ការ​ផលិត​មាតិ​កា​ពាក់​ព័ន្ធ​វិស័យ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ធ្វើជា​កម្មវត្ថុ​នៃ​វីដេអូ​កំប្លុក​កំប្លែង​ ក្នុង​ន័យ​ប​ន្ទុះ​បង្អាប់ ​ប្រាស​ចាក​ពី​ការពិត ​មាន​ភាព​អវិជ្ជមាន​ដល់​វិស័យ​ហិរញ្ញវ​ត្ថុ​។​

​សេចក្តី​អំពាវ​នាវ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ​ខែ​ឧសភា ​បាន​លើក​ឡើង​ថា សមា​គម​មីក្រូហិ​រញ្ញ​វត្ថុ​កម្ពុជា បាន​សង្កេត​ឃើញ​ជា​ញឹក​ញាប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ដោយ​យក​ប្រធាន​បទ​មន្ត្រី​ឥណ​ទាន​(CO) និង​ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​វិស័យ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ ​ធ្វើជា​កម្មវត្ថុ​នៃ​វីដេអូ​កំប្លុក​កំប្លែង​ ជា​រូបភាព​ប​ន្ទុះ​បង្អាប់​ ប្រាស​ចាក​ពី​ការ​ពិត​នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ជា​ពិសេស​បណ្តាញ​ទំនាក់​ទំនង​សង្គម​។

​ក្នុងពេល​កន្លង​មក អ្នក​ផលិត​មាតិកា​វីដេអូ​ខ្លីៗ​ដោយ​និយាយ​បែប​កំប្លែង និង​ការសម្តែង​ជា​ក្រុម​ផង រួច​បង្ហោះ​តាម​បណ្តាញ​សង្គម​ដោយ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ចូល​ចិត្ត(Likes)និង​ការ​តាម​ដាន (Follows) ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទូទៅ​។

​សមាគ​ម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​លើក​ឡើងថា​៖«​ការសម្ដែ​ង​មួយ​ចំនួន គឺ​ប្រាស​ចាក​ពី​ការពិត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គ​លិ​ក​នៅក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​។ សមា​គម សូម​សម្តែង​ការ​សោក​ស្តាយ និង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការផ្សព្វ​ផ្សាយ​ប្រាស​ចាក​ពី​ការពិត​ទាំង​នោះ​»​។

​លោក​ កាំ​ង តុង​ងី ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមា​គម​គ្រឹះស្ថាន​មីក្រូហិរ​ញ្ញវត្ថុ​កម្ពុជា ​បាន​ថ្លែងថា កន្លង​មក​អ្នក​បង្កើត​មាតិកា​ដោយ​ប្រើ​ប្រាស់​វិស័យ​ហិរញ្ញ​វត្ថុ​មិ​នទាន់​បង្ក​ភាព​អន្ត​រាយ​ណាមួ​យ​ដល់​វិស័យ​ហិរញ្ញ​វត្ថុ​នោះ​ដែ​រ ដោយ​គ្រាន់​តែ​បង្កើត​មាតិកា​ដើម្បី​ទទួល​បាន​ចំនួន​អ្នក​មើល និង​តាម​ដាន​ច្រើន​ប៉ុណ្ណោះ​។

​លោក​បាន​បញ្ជាក់​ថា​៖«​ក្នុង​ដំណាក់​កាល​នេះ យើ​ង​មាន​ការ​អំពាវនា​វ ​ក្រើនរំឭក និង​អប់រំ​ឱ្យ​គាត់​យល់ថា​​តើ អ្វីដែល​គា​ត់​​ធ្វើ​នោះ​ប៉ះពាល់​អ្វីខ្លះ​ដល់​វិស័យ​ហិរញ្ញ​វត្ថុ​នេះ​? យ៉ាង​ណា​យើង​នឹង​បន្ត​សង្កេត​តទៅ​មុខ​ទៀតថា​តើ​វា​មាន​និន្នាការ​ប្រែ​ប្រួល​យ៉ាង​ដូច​ម្តេច​ ទើប​យើង​សម្រេច​ថា​តើ ​យើង​គួរ​ធ្វើ​អ្វី​បន្ត​ទៀត​នោះ?​»​។

​សមាគម​មីក្រូហិ​រ​ញ្ញវត្ថុ​កម្ពុជាបាន​លើក​ឡើងថា​ វិស័យ​ធនា​គារ ​និង​ហិរញ្ញ​វត្ថុ គឺ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ និង​ជា​ដៃគូ​ហិរញ្ញវត្ថុ​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជា​ជន​កម្ពុជា​។ ការ​បំផុស​នូវ​មាតិកា​ដោយ​ខ្វះ​ការ​យល់​ដឹង​ពី​វិស័យ ហួស​ពី​ការ​ពិត ​នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​សាធារ​ណជន​ ព្រមទាំង​អាចជា​ការជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ងាក​ទៅ​ប្រើប្រាស់​កម្ចី​ក្រៅ​ផ្លូវការ​ ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ហួសហេ​តុ និង​គ្មាន​យន្តការ​កា​រពារ​អតិថិ​ជន​។​

​សមា​គម​បាន​បន្តថា​៖«​សូម​ម្ចាស់​[​គណនី​]​ក្នុង​បណ្តាញ​សង្គម និង​អ្នក​ផលិត​មាតិកា ​មេត្តា​ចៀសវា​ង ការ​បង្ហោះឬ​ចែក​ចាយ​នូវ​ការ​សម្តែង​ឬ​រឿង​មិន​ពិត​ដែល​អាច​បង្ក​ជា​រូបភាព​អវិជ្ជ​មាន​ដល់​វិស័យ​ហិរញ្ញ​វត្ថុ​។ សមា​គម​ពិតជា​ជឿជា​ក់និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សាធា​រណជន​និង​ម្ចាស់​[​គណនី​]​បណ្ដាញ​សង្គម ​នឹងចូល​រួម​ជា​មួយ​ស​មា​គម​ក្នុងការ​ពង្រឹង​វិស័យ​ដ៏​សំខាន់​មួយ​នេះ​»​។​

​របាយ​ការណ៍​ត្រួតពិ​និត្យ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ចុង​ត្រីមាស​ទី​៣​ឆ្នាំនេះ បាន​ឱ្យដឹ​ងថា ក្នុង​ឆ្នាំ​២០២២​កន្លង​ទៅនេះ​ ធនាគារ​ពាណិជ្ជ​​និង​ធនាគារ​ឯកទេស​នៅ​កម្ពុជា​បាន​គ្រប់​គ្រង​ទ្រព្យ​សកម្ម​ក្នុង​វិស័យ​ហិរ​ញ្ញវត្ថុ​ដែល​មាន​ចំនួន​ ២៧២ ​៧៣២​ពាន់​លាន​រៀល (៦៨,១៨៣​ពាន់​លាន​ដុល្លារ​) និង​គ្រឹះ​ស្ថាន​មីក្រូហិ​រញ្ញវត្ថុ​​និង​គ្រឹះ​ស្ថាន​ឥណ​ទាន​ជនបទ​ជាង​៣០០​ស្ថា​ប័ន គ្រប់គ្រ​ង​ទ្រព្យស​កម្ម ៤៦ ​៤២៤ ពាន់​លាន​រៀល(១១,​៦០៦ពាន់​​លាន​ដុល្លារ​)​។​

​យោ​ងតាម​ធនាគារជា​តិ​នៃ​កម្ពុជា​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វឌ្ឍន​ភាពទ​ទួលបាន​ជំនឿ​ទុកចិត្ត​ពី​សាធារ​ណជន​និង​ចូលរួម​យ៉ាងស​កម្ម​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិ​ច្ច​នានា​។ទ្រព្យ​សកម្ម​របស់​ប្រព័ន្ធ​ធនា​គារ​ក្នុង​ឆ្នាំ​២០២២​ មាន​កំណើន​១២,៦% ​ដល់​៣១៩,២​ពាន់​ពាន់​លាន​រៀល(៧៧,៥​ពាន់​លាន​ដុល្លារ​) ក្នុងនោះ​ឥណ​ទាន​អតិថិ​ជន​បាន​កើនឡើ​ង​១៨,៩ភាគរយដ​ល់​២២៦,៧ពាន់​ពាន់​លាន​រៀល(៥៥,១​ពាន់​លាន​ដុល្លារ​) ប្រាក់​បញ្ញើ​អតិថិ​ជន​មាន​កំណើន​៩,២​ភាគ​រយ​ដល់​១៧៤,៤​ពាន់​ពាន់​លាន​រៀល(៤២,៤​ពាន់​លាន​ដុល្លារ​​)និង​ដើម​ទុន​មាន​កំណើន១៣,៩​ភាគ​រយ​ ដល់​៦៣,៣ពាន់​​ពាន់​លាន​រៀល (១៥,៤ ​ពាន់​លាន​ដុល្លារ​)៕