ព្រះសីហនុៈមន្ត្រីនិងអ្នកជំនាញពាក់ព័ន្ធ បានចូលរួមសិក្ខាសាលាស្តីពីគណនេយ្យភាពសង្គម និងកិច្ចប្រជុំលើកទី៩ របស់គណ:កម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ឧសភា។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស ដោយមានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.គ.អ.ស តំណាងដៃគូអភិវឌ្ឍន៍ ក្រុមការងារគណនេយ្យភាពសង្គម ក្រុមការងារបច្ចេកទេស និងអង្គការសង្គមស៊ីវិលនានាសរុបប្រមាណ ៦៤ រូប។
បើយោងតាមផេកហ្វេសប៊ុកក្រសួងសាធារណការសិក្ខាសាលានេះផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖ បទបង្ហាញស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាសនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆ្នាំ២០២២ បច្ចុប្បន្នភាពលិខិតបទដ្ឋានពាក់ព័ន្ធ និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ បទបង្ហាញអំពីលទ្ធផលសំខាន់ៗនៃកម្មវិធីវិបស្សនាស្តីពីការអនុវត្តការងារ គណនេយ្យភាពសង្គមរបស់ក្រុមការងារបច្ចេកទេស និងការពិភាក្សាអំពីជម្រើស និងយុទ្ធសាស្ត្រនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម។
ដោយឡែកកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ផ្តោតលើរបៀបវារៈ ការពិនិត្យសម្រេច និងការអនុម័តលើឯកសារបច្ចេកទេស និងសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកផ្គត់ផ្គង់ ការពិនិត្យសម្រេចនិងអនុម័តលើឯកសារបច្ចេកទេស និងសៀវភៅណែនាំប្រតិបត្តិស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ផ្នែកតម្រូវការ និងការអនុម័តលើឯកសារស្នើសុំពន្យារពេលការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមដល់ឆ្នាំ២០២៥។
បើតាមក្រសួងសាធារណការ គណនេយ្យភាពសង្គមគឺជាឧបករណ៍ ដ៏មានសារ:សំខាន់មួយ ក្នុងការចូលរួមចំណែក ដល់ការពង្រឹង អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ផែនការអនុវត្តគណនេយ្យភាព សង្គមគឺជាផ្នែកដ៏សំខាន់មួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
ប្រសិទ្ធភាពនៃការអនុវត្ត ការងារគណនេយ្យភាពសង្គម បានឆ្លុះបញ្ចាំង តាមរយៈការលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ក៏ដូចជាការបង្កើនការយល់ដឹងរបស់សហគមន៍អំពីសិទ្ធិស្តង់ដា និង ការបំពេញការងាររបស់អ្នកផ្តល់សេវាដើម្បីចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការកែលម្អការផ្តល់សេវាដោយរដ្ឋបាលថ្នាក់ក្រោមជាតិ៕