កម្ពុជា និងវៀតណាម បាននិងកំពុងជំរុញឱ្យមានកិច្ចសហការគ្នាលើការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្មទ្វេភាគី ដើម្បីបង្កើននូវកិច្ចសហការនិងប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដោយនោះក៏មានក្នុងការផ្លាស់ប្តូរអ្នកជំនាញ និងការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមកផងដែរ។
ការជំរុញនេះធ្វើឡើងនៅក្នុងអំឡុងពេល គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែឧសភា នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ២ ក្នុងប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភ័ស្ដុភារកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងដំណើរទស្សនកិច្ចនេះលោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU) នៃប្រទេសវៀតណាម។
នាឱកាសនោះដែរ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) របស់ប្រទេសវៀតណាម ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ជាក់ស្តែង សំដៅឈានទៅជំរុញឱ្យមានឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម ជាមួយដៃគូអភិវឌ្ឍន៍នានាជាមួយគ្នា។
លោក ឈៀង ពេជ្រ បានឱ្យដឹងថា ៖« កិច្ចពិភាក្សានេះ គឺបានឈរលើគោលបំណងក្នុងការផ្លាស់ប្តូរអ្នកជំនាញ ការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមក និងការផ្តល់ការសហការលើការសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក លើសពីនេះអគ្គនាយកដ្ឋានភ័ស្តុភារកម្មកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូនវៀតណាម នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗខាងមុខថែមទៀត»។
ជុំវិញរឿងនេះដែរ តំណាងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) និងសាកលវិទ្យាល័យចំនួន ២ ទៀត ក្នុងប្រទេសវៀតណាម ក៏បានបង្ហាញការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង និងការសហការផ្តល់វគ្គបណ្តុះបណ្តាលខ្លី វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។
ឆ្លងកាត់កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-វៀតណាមរួចមក លោក ឈៀង ពេជ្រ ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) និង សាកលវិទ្យាល័យ Vietnam Maritime University (VMU) ចំពោះកិច្ចសហការរវាងគ្នា ខណៈលោកក៏សង្ឃឹមថា នឹងមានការផ្លាស់ប្តូរការសិក្សាវគ្គខ្លី និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យល្បីៗនៅប្រទេសវៀតណាមផងដែរ។
ពាក់ព័ន្ធនឹងវិស័យភ័ស្តុភារកម្មនេះដែរ លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភ័ស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកថា៖«ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភ័ស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល ១០ ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្ម នៅក្នុងតំបន់»។
ជាមួយគ្នានេះ លោកក៏បានស្វាគមន៍រាល់កិច្ចសហការនានាពីបណ្តាដៃគូពាក់ព័ន្ធ និងប្រទេសនានា លើដំណើររៀបចំ និងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មនៅកម្ពុជាផងដែរ៕