ភ្នំពេញៈ នាយកដ្ឋានកិច្ចការបច្ចេកទេស និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី១៨ ឧសភា បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងការអនុវត្តអនុក្រឹត្យលេខ ៦៩ ស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូដ និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការត្រួតពិនិត្យ។
វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប និងមានការចូលរួមពីប្រធានសាខា ប្រធានការិយាល័យត្រួតពិនិត្យផលិតផលម្ហូបអាហារ និងប្រធានការិយាល័យមន្ទីរពិសោធន៍ខ្នាតតូច រាជធានី-ខេត្ត។
បើតាមអគ្គនាយកដ្ឋាន កបប គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រី ក្នុងការត្រួតពិនិត្យផលិតផលអំបិលអ៊ីយ៉ូដ និងបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់។
ការបណ្តុះបណ្តាលនេះផ្ដោតសំខាន់លើនីតិវិធីប្រតិបត្តិ សម្រាប់ត្រួតពិនិត្យផលិតផលអំបិលអ៊ីយ៉ូដ និងបញ្ជីអង្កេតពិនិត្យអំបិលអ៊ីយ៉ូដ (SOP) ព្រោះ (SOP) នេះជាវិធានការរួម និងជាឯកសារតម្រង់ទិស សម្រាប់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប យកទៅអនុវត្តត្រួតពិនិត្យ ការយកសំណាកគំរូ ការធ្វើតេស្ត ដើម្បីកំណត់បទល្មើសនៃការធ្វើចរាចរអំបិលអ៊ីយ៉ូដក្នុងព្រះរាជាណាចក្រកម្ពុជា៕