ភ្នំពេញៈ ក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី ១៨ ខែឧសភា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ថវិកាសមិទ្ធកម្ម» ជូនដល់ថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌។
វគ្គបណ្តុះបណ្តាលស្តីពី «ថវិកាសមិទ្ធកម្ម» នេះត្រូវបានធ្វើពិធីបើកក្រោមអធិបតីលោក កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ នេះបើយោងតាមក្រសួងយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើប្រធានបទចំនួន ៦។ ក្នុងនោះរួមមាន៖ ទស្សនទាន និងគោលការណ៍ នៃថវិកាសមិទ្ធកម្ម ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ការរៀបចំគម្រោងថវិកាសមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន ការរៀបចំរបាយការណ៍ និងការតាមដាន និងការវាយតម្លៃ ការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌ និងប្រធានបទទី ៦ គឺ រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម និងសូចនាករគន្លឹះក្នុងវិស័យយុត្តិធម៌។
វគ្គបណ្តុះបណ្តាលនេះ ក៏ជាវេទិកាមួយក្នុងការជជែកពិភាក្សាប្រមូលធាតុចូល ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌កាន់តែឆ្លើយតបនឹងគោលបំណងគោលនយោបាយ និងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ក្នុងឱកាសនោះលោក កើត សេកាណូ បានលើកទឹកចិត្ត និងស្នើដល់អង្គភាពថវិកាក្នុងវិស័យយុត្តិធម៌ ត្រៀមលក្ខណៈបុរេសកម្ម និងសកម្មក្នុងការអនុវត្តនូវនីតិវិធីហិរញ្ញវត្ថុថ្មីៗ ក្នុងបរិបទនៃការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះរួមមាន៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) និងការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ដែលទើបបានប្រកាសឱ្យប្រើនាពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពដដែលនេះ៕