ភ្នំពេញៈ នៅ​ឆ្នាំ ២០២៤ ខាងមុខ សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​ ២ ​ដែលជា​សាលាដំបូង​របស់​ក្រសួងទេសចរណ៍ នឹង​បើក​ដំណើរការ ហើយ​ដែល​សាលា​នេះ​ក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​វាយតម្លៃ Center of Excellence ផងដែរ​។ នេះ​បើតាម​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក ថោង ខុន បានលើកឡើង​បែបនេះ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា​ ក្នុង​ឱកាសលោក​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង​ទេស​ចរណ៍ សាលា​វិជ្ជាជីវៈ​ទេសចរណ៍ និង​ក្រុមការងារ​គម្រោង​ចុះ​ត្រួតពិនិត្យ​ដំណើរ​ការសាងសង់​។ បើតាម​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​ថ្លែង​នាឱកាស​នោះ​ថា អគារ​សាលា​នេះ អាច​នឹង​សម្រេចបាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក ហើយ​រំពឹងថា នៅ​ឆមាស​ទី​២ ឆ្នាំ​ ២០២៤ សាលា​អាច​ជ្រើសរើស​សិស្ស​-​និស្សិត​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បាន​ហើយ​។

​លោក​ថ្លែងថា ៖ «​វិស័យ​ទេសចរណ៍ ជា​វិស័យ​ដែល​ត្រូវ​ការជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដូចនេះ​សាលា​ជាតិ​ទេសចរណ៍​មួយ​នេះ​ដែលជា​សាលាដំបូង​របស់​ក្រសួងទេសចរណ៍ នឹងចូលរួម​បណ្តុះបណ្តាល​ជំនាញ​តាម​ស្តង់ដា សំដៅ​ពង្រឹង និង​ពង្រីក​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​គុណ​ភាព​និង​បរិមាណ ឆ្លើយតប​ទៅ​ការអភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​»​។​

​បើតាម​ក្រសួងទេសចរណ៍ សាលា​វិជ្ជា​ជីវៈ​ទេសចរណ៍​នេះ​នឹងមាន​មុខវិជ្ជា​សំខាន់ៗ​ជាច្រើន​ដូចជា​ជំនាញ​សេវាកម្ម​សណ្ឋាគារ​, សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​,​សេវាកម្ម​ធ្វើដំណើរ​និង​សេវា​-​កម្ម​ទេសចរណ៍​។ ការបណ្តុះបណ្តាល​ជំនាញ​ទាំងនេះ គឺ​ស្របទៅតាម​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ និង​អាស៊ាន គឺ​ចាប់ពី​វិញ្ញាបនបត្រ​កម្រិត​ ១ ​ទៅ​កម្រិត ​៣ រៀន​រយៈពេល ​១ ​ឆ្នាំ និង​ឌី​ប្លូ​ម​កម្រិត​ខ្ពស់​រៀន​រយៈពេល ​២ ​ឆ្នាំ​។ សាលា​ក៏​នឹង​ក្លាយ​​ជា​មជ្ឈមណ្ឌល​វាយតម្លៃ Center of Excellence ផងដែរ​ដើម្បី​ទទួលស្គាល់​អ្នកមាន​បទពិសោធន៍​ក្នុង​ជំនាញ​ទេស​​ចរណ៍​។

​ជាមួយគ្នានេះ​លោក ថោង​ ខុន ក៏បាន​កោតសរសើរ​លើ​ការរៀបចំ​ការដ្ឋាន​សាងសង់​មាន​ស្តង់ដា សណ្តាប់​ធ្នាប់​ល្អ មាន​អនាម័យ មាន​ដាក់​ធុង​សម្រាប់​ញែក មាន​បន្ទប់ទឹក​សម្រាប់​បុគ្គ​លិ​ក និង​កម្មករ ប្រព័ន្ធ​សុវត្ថិភាព និង​គិតគូរ​សុខភាព និង​បានទទួល​លទ្ធផល​សំណង់​ល្អ​លើសពី​ការគ្រោងទុក​។

​សូម​រំឭក​ដែរ​ថា គម្រោង​សាងសង់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​ ២ ​នេះ មាន​មួយ​នៅ​រាជធានី​ភ្នំពេញ និង​ ១​ ទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​ជំនួយ​ឥណទាន​ហិរញ្ញប្បទាន​រវាង​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD)​។ សាលា​នេះ​ត្រូវបាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ​២០២២​។​

​លោក​ ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ថ្លែងថា នៅ​កម្ពុជា សាលា​ជំនាញ​វិជ្ជាជីវៈ​ខាង​ផ្នែក​ទេសចរណ៍​នៅមាន​តិចតួច​ហើយ​នៅតាម​សាកលវិទ្យាល័យ​គឺមាន​តែ​ទ្រឹស្តី​ប៉ុណ្ណោះ​។

«​ការបង្កើតឱ្យមាន​សាលា​វិជ្ជាជីវៈ​នេះ គឺ​ពិតជា​ជួយ​រួមចំណែក​ក្នុង​ការកសាង​មូលដ្ឋាន​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ពីព្រោះ​យើង​ឃើញថា ទេស​ចរណ៍​វា​ស្រួល មក​រៀន​តែមួយ​ឬ​ ២ ​ខែ​ចេះ ឬ​មក​ធ្វើតាម​គេ​មួយ​ឬ​ ២ ​អាទិត្យ​នឹង​ចេះ ប៉ុន្តែ​វា​មិន​ដូច​ការគិត​របស់​យើង​នោះទេ គឺ​វិស័យ​ទេសចរណ៍​នេះ​ត្រូវការ​នូវ​ការយល់ដឹង​ស៊ីជម្រៅ​ច្រើន​មែនទែន​»​។

​ការ​មាន​សាលា​វិជ្ជាជីវៈ​នេះ​គឺជា​រឿង​ចាំបាច់​សម្រាប់​កម្ពុជា ហើយ​លោក​សង្ឃឹមថា ទៅ​ពេល​ខាង​មុខ​ទៀត​នឹងមាន​សាលា​នេះ​នៅតាម​គ្រប់​ខេត្ត​ធំៗ​ជាច្រើន​ទៀត​៕​