សៀមរាបៈ ពងខ្សឹបចំនួន ២ ត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ ក្រោយពីត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប ហើយយកទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។
ACCBបានឱ្យដឹងថាពងខ្សឹបទាំង២គ្រាប់នេះបានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំង២ក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ACCBផងដែរ។
ទីជម្រកវាលស្មៅនៃតំបន់ទំនាបទន្លេសាបគឺជាជម្រករបស់សត្វខ្សឹប។ នាពេលថ្មីៗនេះ ក្រុមអ្នកភិរក្សបានអំពាវនាវកុំឱ្យមានការរំខានដល់ជម្រករបស់សត្វខ្សឹបនៅក្នុងរដូវពងកូនចាប់ពីខែមេសា ដល់ខែកញ្ញា។ សត្វខ្សឹបត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក ព្រោះថាចំនួនរបស់វាមានតិចជាង៨០០ក្បាលប៉ុណ្ណោះក្នុងពិភពលោក ខណៈដែលកម្ពុជាមានប្រមាណជា៤៣២ក្បាលនៅឆ្នាំ២០១២។
ACCBនឹងបញ្ចូលកូនទាំង២នេះទៅក្នុងចំនួនរបាយប្រជាសាស្ត្រសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។
កម្មវិធីស្តុកទុកចំនួនរបាយប្រជាសាស្ត្រសត្វខ្សឹបដើម្បីការពារកុំឱ្យផុតពូជ ត្រូវបានបង្កើតឡើងនៅ ACCB ជាមួយនឹងសត្វខ្សឹបមួយក្បាលៗដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ក៏ដូចជាការចិញ្ចឹមថែទាំសត្វខ្សឹបមួយក្បាលៗដែលបានមកពីពងខ្សឹបដែលត្រូវបានប្រមូលចេញពីជម្រកធម្មជាតិរបស់ពួកវាប្រកបដោយនិរន្តរភាព។ នេះបើយោងតាមប្រភពដដែលនេះ៕