ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះការបន្លំ QR Code ធនាគារពីជនខិលខូចដែលធ្វើការបិទ QR Code ជាន់លើ QR Code ពិតប្រាករបស់ម្ចាស់អាជីវកម្មដែលមានប្រើ QR Code ធនាគារ។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីនាយកដ្ឋានពេលថ្មីៗនេះបានទទួលព័ត៌មានស្តីពីការបន្លំ QR Code របស់ធនាគារ ពីសំណាក់ជនខិលខូច ដែលធ្វើការបិទ QR Code បែបនេះ។
នាយកដ្ឋានបានបង្ហោះសារនៅលើហ្វេសប៊ុកនាថ្ងៃទី២០ ខែឧសភា ថា៖ «សូមសាធារណជន ជាពិសេសម្ចាស់អាជីវកម្មដែលមានប្រើសេវាកម្ម QR Code របស់ធនាគារទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ»។
នាយកដ្ឋានបញ្ជាក់ថា ក្នុងករណីម្ចាស់អាជីវកម្ម ឬប្រជាពលរដ្ឋ បានទទួលរងគ្រោះ ដោយការបន្លំដូចករណីនេះអាចដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
វីដេអូដែលបង្ហោះលើហ្វេសប៊ុកនាយកដ្ឋានបញ្ជាក់ថា៖ «ខ្ញុំចង់ប្រាប់បន្តិចពាក់ព័ន្ធជាមួយនឹងកម្មវិធី QR Code។ មានចោរដែលគាត់លួចយកអាស្ទីឃ័រ (Sticker) មកបិទលើ QR Code របស់យើង។ ដូចជាករណី ម៉ូយខ្ញុំមួយ គាត់បិទ QR Code។ អ៊ីចឹង អា QR Code ដែលខ្ញុំបកនេះ វាក្លែងក្លាយ ហើយអានេះគឺពិតប្រាកដ ហើយគាត់បិទនៅលើQR Code របស់គេពិតប្រាកដហ្នឹង។ នៅពេលដែលយើងបាញ់លុយ ឬក៏អ្នកដែលគាត់ទិញអីវ៉ាន់បាញ់លុយទៅ គឺលុយចូលទៅQR Code ក្លែងក្លាយទេ។ អ៊ីចឹង សូមប្រយ័ត្នប្រយែងទាំងអស់គ្នា»៕