តាកែវៈ នាយកដ្ឋានអភិរក្សតំបន់ដីសើមនៃក្រសួងបរិស្ថានបានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសស្តីពី “ការរៀបចំកំណត់តំបន់គ្រប់គ្រង និងដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ រ៉ាមសារ។
សិក្ខាសាលានេះមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋានស្រុកបុរីជលសារនិងស្រុកកោះអណ្តែត មន្ទីរបរិស្ថានខេត្តតាកែវ នាយកដ្ឋានពាក់ព័ន្ធនិងអង្គការដៃគូប្រមាណជា៤០នាក់។ នេះបើយោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជានាថ្ងៃទី១៨ ខែឧសភា។
លោកគឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិបានថ្លែងក្នុងឱកាសនោះថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដែលសម្បូរទៅដោយធនធានជីវៈចម្រុះយ៉ាងសំខាន់។ ជាពិសេសប្រភេទសត្វស្លាបកម្រ និងពូជត្រីជាច្រើនប្រភេទផងដែរ។ ការបែងចែកតំបន់គ្រប់គ្រងនិងដាក់តំបន់ដីសើមដ៏ពិសេសនេះជាតំបន់រ៉ាមសារគឺ ដើម្បីលើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធចូលរួមគ្រប់គ្រងនិងអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃតំបន់ដីសើមនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ថា៖«សិក្ខាសាលាបានគាំទ្រដល់ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារថ្មីរបស់កម្ពុជានិងសំណូមពរឱ្យបញ្ចប់ការបែងចែកតំបន់គ្រប់គ្រងឱ្យបានលឿន»។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ការរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នៅពេលដែលតំបន់នេះត្រូវបានដាក់តំបន់រ៉ាមសារនោះ កម្ពុជានឹងមានតំបន់រ៉ាមសារសរុបចំនួន៦។ តំបន់រ៉ាមសារទាំង៥នោះរួមមាន តំបន់រ៉ាមសាស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន៕