
អ្នកជំនាញCMAC ដោះមីនតោន២គ្រាប់ដែលកសិករភ្ជួរស្រែប្រទះឃើញ នៅចំណុចបឹងឈូក ភូមិគោករកា នៅថ្ងៃទី១៩ឧសភានេះ។ រូបថត នគរបាល
បាត់ដំបងៈ មីនតោនចំនួន ២ គ្រាប់ ត្រូវបានប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញនៅថ្ងៃទី១៩ឧសភានេះ នៅឃុំដូនបា ស្រុកគាស់ក្រឡ ខណៈកាលពីថ្ងៃទី៩ឧសភា កសិករម្នាក់នៅឃុំសិរីមានជ័យ ស្រុកសំពៅលូន បានស្លាប់ នៅពេលកំពុងបើកត្រាក់ទ័រភ្ជួរស្រែប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះ។
យោងតាមផេកហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង១១ និង ៣០នាទីថ្ងៃទី១៩ឧសភា កម្លាំងប៉ុស្តិ៍នគរបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទមីនតោន ចំនួន២គ្រាប់ ជូនអង្គភាព CMAC។
មីនតោនទាំង២គ្រាប់នេះ ត្រូវបានកសិករភ្ជួរស្រែប្រទះឃើញនៅចំណុចបឹងឈូក ភូមិគោករកា ឃុំដូនបា ដែលមានចម្ងាយពីភូមិ២០០ម៉ែត្រ នៅខាងជើងភូមិ។
ទាក់ទងនឹងបញ្ហាគ្រាប់មីននេះ អង្គភាព CMAC បានចុះផ្សាយថា វិនាសកម្មដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់។
ការចុះផ្សាយនេះ បន្ទាប់ពីកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ មានករណីផ្ទុះមីនតោនដែលជាសំណល់សង្គ្រាម នៅចំណុចឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រភ្ជួរស្រែម្នាក់បានបាត់បង់ជីវិត និងបំផ្លាញត្រាក់ទ័រភ្ជួរដី១គ្រឿងផងដែរ។
ដីស្រែត្រង់ចំណុចនេះ ត្រូវបានរុករានជាដីចម្ការតាំងពីសម័យធ្វើសមាហរណកម្មខ្មែរក្រហម ក្នុងឆ្នាំ១៩៩៨-៩៩មកម្ល៉េះ។
បើតាម CMAC នេះជាករណី១ ក្នុងចំណោមករណីជាច្រើន ដែលអ្នកជំនាញបច្ចេកទេស ក្នុងវិស័យមីន ត្រូវតែកំណត់គោលនយោបាយ និងបច្ចេកទេសបន្ថែមទៀត ក្នុងការបង្ការការពាររំដោះផ្ទៃដីអតីតសមរភូមិប្រយុទ្ធ ដើម្បីធានាសុខសុវត្ថិភាពជាចម្បងសម្រាប់អ្នកប្រើប្រាស់ដីធ្លីនៅកម្ពុជា៕