សៀមរាបៈ ខេត្តសៀមរាបស្នើសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន អនាម័យ និងការបណ្តុះបណ្តាលធនធាន ដោយមន្ត្រីខេត្តនេះបញ្ជាក់ថា ខេត្តសៀមរាបនឹងបង្កើតក្រុងថ្មីចំនួន ២ និងធ្វើឱ្យក្រុងសៀមរាបបែ្រក្លាយទៅជាទីក្រុងវៃឆ្លាត។
ការស្នើនេះធ្វើឡើងក្នុងជំនួបនាថ្ងៃទី១៩ ខែ ឧសភា រវាង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងគណៈប្រតិភូ AIMF ដែលដឹកនាំដោយលោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សា AIMF។
លោក អ៊ឹង គឹមលាង ថ្លែងក្នុងជំនួបនេះថា ខេត្តសៀមរាបមានសក្តានុពលលើវិស័យ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម ប៉ុន្តែដោយជួបនូវវិបត្តិកូវីដ១៩ នៅលើពិភពលោក និយាយដោយឡែក នៅកម្ពុជា ពិសេសខេត្តសៀមរាប បានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង ហើយបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង គ្រួសារ។
លោកត្រូវបានស្រង់សម្ដីក្នុងហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី២០ ខែឧសភា ថា ក្រោមការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានធ្វើការចាក់វ៉ាក់សាំងចាប់ពីដូសមូលដ្ឋានដល់ដូសបន្តបន្ទាប់ ដោយធ្វើឱ្យកម្ពុជាមានភាពធូរស្រាលពីជំងឺកូវីដ១៩ ព្រមទាំងបានបើកប្រទេសឡើងវិញ ប៉ុន្តែសន្ទុះនៃភ្ញៀវទេសចរបរទេសក្នុងខេត្តនេះនៅមានកម្រិតនៅឡើយ តែកើនភ្ញៀវទេសចរនៅក្នុងស្រុក។
ហ្វេសប៊ុកដដែលបន្តថា៖ «ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ទៅគណៈប្រតិភូ ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបរិស្ថាន និង អនាម័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើបច្ចេកទេសដល់ខេត្តសៀមរាបផងដែរ។ ម៉្យាងទៀត នៅពេលខាងមុខនេះ ខេត្តសៀមរាបនឹងបង្កើតក្រុងថ្មីចំនួន ២ ព្រមទាំងធ្វើឱ្យក្រុងសៀមរាបបែ្រក្លាយទៅជាទីក្រុងវៃឆ្លាតទៀតផង»។
ហ្វេសប៊ុកដដែលបញ្ជាក់ថា អារីយ៉ាណា អដេសស៊ី ក៏បានធ្វើការកោតសរសើរចំពោះកិច្ចអភិវឌ្ឍន៍ក្រុងបុរាណឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ សំខាន់លើវិស័យទេសចរណ៍។
លោកស្រីត្រូវបានដកស្រង់សម្ដីក្នុងហ្វេសប៊ុកនេះថា ខេត្តសៀមរាបជាសមាជិកមួយដ៏សំខាន់របស់ AIMF និងបានធ្វើកិច្ចការងារជាមួយគ្នា AIMF ដើមី្បសហការជាមួយខេត្តសៀមរាប និងអភិវឌ្ឍន៍ខេត្តនេះ ហើយបញ្ហាប្រឈមរបស់ខេត្តសៀមរាប ដែលបានជួបប្រទះ ដែលកំពុងស្វែងរកដំណោះស្រាយនឹងយកទៅធ្វើកិច្ចពិភាក្សាដែលសំខាន់លើបញ្ហាទឹក និងការបម្រែបម្រួលអាកាសធាតុ។
លោកស្រីត្រូវបានស្រង់សម្ដីថា៖ «កិច្ចការនេះ ក៏ជាបណ្តាញជាមួយគ្នា ដែលក្រុមប្រទេសជាសមាជិកចូលរួម ដើមី្បគិតគូរដល់ការអភិវឌ្ឍ សាមគ្គីភាព និងរួមគ្នាកសាងសន្តិភាពក្នុងតំបន់ ហើយការងារនេះ យើងត្រូវគិតគូរពីសេដ្ឋកិច្ច អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន នូវអ្វីដែលមានកសិកម្ម ពាណិជ្ជកម្ម ទំនាក់ទំនង អន្តរជាតិ គឺស្ថិតនៅក្នុងគម្រោង AIMF ហើយទៅមុខ ក៏គិតគូរពីការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង»៕