ភ្នំពេញៈ គណៈរដ្ឋមន្ត្រីសម្រេចទទួលយកគម្រោងសាងសង់ផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រឆ្លងកាត់ខេត្តចំនួន ៤ ដែលត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១ ៧០០ លានដុល្លារអាមេរិក។
ការទទួលយកគម្រោងនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ក្រោយកិច្ចប្រជុំនេះថាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
គម្រោងនេះ គឺធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹកសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ ខេត្តកណ្តាល និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ចំពោះគម្រោងវិនិយោគខាងលើនេះ គណៈរដ្ឋមន្ត្រីបានសម្រេចទទួលយក ហើយប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»។
គណៈរដ្ឋមន្ត្រីក៏បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាជូនដំណឹងពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវនាវាចរណ៍ទន្លេបាសាក់នេះទៅបណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងទន្លេមេគង្គ ឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥។
គណៈរដ្ឋមន្ត្រីថែមទាំងបានសម្រេចប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំគម្រោងវិនិយោគនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង សាងសង់ស្ពានចំនួន ១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១៧០០លាន ដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្លូវទឹកនេះមាន ទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និង ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាត់សុវត្ថិភាព ០៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដាអន្តរជាតិដែលអាចធានា ភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុងជ្រោយលើផ្នែកបច្ចេកទេសនិងបរិស្ថាន សម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។
បើតាមប្រភពដដែល គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ។
គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕