ភ្នំពេញៈ​ អង្គ​ការ​យូ​សេត​ (USAID MOROdokBaitang)​ បាន​អះអា​ងថា ​ចំនួន​សត្វ​ឃ្មុំ​នៅ​កម្ពុជា​ក៏ដូច​ជា​នៅ​ជុំវិញ​ពិភព​លោក​បាន​និង​កំពុង​ធ្លាក់​ចុះ​ដោយ​សារតែ​សកម្ម​ភាព​ផ្សេងៗ​របស់​មនុស្ស​ដែល​ប្រើប្រា​ស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​ក្នុង​ចម្ការ​ជាដើម​។​ បញ្ហា​នេះ​ក៏​មាន​ការ​ទទួល​ស្គាល់​​ពី​អ្នក​ចិញ្ចឹម​សត្វ​ឃ្មុំ​នៅ​កម្ពុជា​ផង​ដែរ​។​

​យោង​តាម​គម្រោង​យូ​សេត​មរតក​បៃ​តង​នៃ​អង្គ​ការ​យូ​សេត​(USAID MOROdokBaitang)​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​កាល​ពី​ថ្ងៃទី​២០​ ឧសភា​ ឆ្នាំ​២០២៣​ បាន​សរ​សេរ​ថា ​សត្វ​ឃ្មុំ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​គ្រប់​ផ្នែក​នៃ​ប្រព័ន្ធ​អេ​កូឡូ​ស៊ី​ ជា​ពិសេស​ការលូត​លាស់​របស់​ដើម​ឈើ​ និង​រុក្ខ​ជាតិ​ផ្សេងៗ​ដែល​ផ្តល់​អាហារ​ដល់​មនុស្ស ​និង​សត្វព្រៃ​។ ពួកវា​ជា​ភ្នាក់ងារ​ឯកទេស​ដ៏​ជំនាញ​ក្នុង​ការជួយ​បន្ត​ពូជ​ និង​ការផ​លិត​របស់​រុក្ខ​ជាតិ​រាប់ពាន់​លាន​ដើម​ក្នុង​១​ឆ្នាំៗ​តាមរយៈ​ការ​ពាំ​លម្អង​ផ្កា​ពី​ដើម​ឈើ​១​ទៅកាន់​ដើម​ឈើ​ផ្សេងៗ​ទៀត​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ «ជា​អកុ​សល ​ចំនួន​សត្វ​ឃ្មុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជុំវិញ​ពិភព​លោក​កំពុង​ធ្លាក់​ចុះ​ដោយ​សារ​តែ​សកម្ម​ភាព​ផ្សេងៗ​របស់​មនុស្ស​ ដែល​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សត្វ​ឃ្មុំ ​ឧទា​ហរណ៍ ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​ក្នុង​ចម្ការ​ជា​ដើម​»​។​

​ផេ​ច​ដដែល​បានបន្ដ​​ថា​ ដើម្បី​ការពារ​ភ្នាក់​ងារ​ការពារ​បរិស្ថាន​ដ៏​សំខាន់​នេះ USAID មរត​ក​បៃតង​បាន​និង​កំពុ​ងធ្វើការ​ជាមួយ​ដៃគូ​អភិរក្ស​ដើម្បី​គាំទ្រ​ក្រុម​អ្នក​ផលិត​គ្រាប់​ស្វាយច​ន្ទី​ដើម្បី​ផ្លាស់​ប្តូរ​ពី​ការប្រើ​ប្រាស់​ថ្នាំ​

សម្លាប់​សត្វ​ល្អិត​ ទៅជា​ការអនុវត្ត​ការគ្រប់​គ្រង​សត្វ​ល្អិត​សរីរាង្គ​ដែល​មិន​ប៉ះ​ពាល់​ដល់​សត្វ​ឃ្មុំ និង​សត្វ​ល្អិត​មាន​ប្រយោជ​ន៍​ដទៃទៀ​ត​។ ការ​អនុវត្ត​បែប​នេះ​នឹង​ជួយ​ធានា​ថា​ចម្ការ​ស្វាយ​ច​ន្ទី​មាន​សុខ​ភាពល្អ​ ​ចូលរួម​ការពារ​បរិ​ស្ថាន ​និង​មាន​សុវត្ថិ​ភាព​សម្រាប់​សត្វ​ឃ្មុំ​របស់​យើង​។​

​ជុំវិញ​ការ​លើក​ឡើង​ពីការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ឃ្មុំនេះ​ ​អ្នក​ស្រី ​ទិ​ត សុធា​រ៉ា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ឃ្មុំ​នៅ​ភូមិ​កោះ​តូច ​ឃុំ​ពាម​ជីកង​ ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២១​ ឧសភា​ ដោយ​បានយល់​ស្រប​នឹង​ការ​អះអាង​របស់​គ​ម្រោ​ង​អង្គការ​USAID ​ថា​ ពិតជា​ត្រឹម​ត្រូវ ​ព្រោះ​ការប្រើ​ប្រាស់​សារធាតុ​គីមី​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សត្វ​ឃ្មុំ​ខ្លាំង​ណាស់​។​

​អ្នក​ស្រី​ បាន​បញ្ជាក់​ថា​៖ «​ខាង​ខ្ញុំ​បើ​ដាក់​ចម្ការ​នៅក្បែរ​កន្លែង​គេ​ប្រើ​គីមី​គឺ​សត្វ​ឃ្មុំ​ដែល​ខ្ញុំ​ចិញ្ចឹម​ត្រូវ​ងាប់​អស់​តែម្តង​។​ បញ្ហា​នេះ​ខ្ញុំ​គាំទ្រ​ហើយ​ចូល​រួម​អភិ​រក្ស​សត្វ​ឃ្មុំ​»​។​

​បើ​តាម​ម្ចាស់​ចម្ការ​ចិញ្ចឹម​ឃ្មុំ​រូបនេះ ​បច្ចុប្បន្ន​ក៏មាន​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​ច្រើន​ដែរ​នៅ​កម្ពុជា​ដែល​គាត់​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ រីឯ​ទីផ្សារ​លក់​ទឹកឃ្មុំ​វិញ​ក៏​មិនមាន​ដែរ​ ដោយសារ​ថា​ទឹកឃ្មុំ​ផលិត​បាន​ហើយ​លក់​មិនបាន​ច្រើន​។​ ភាគ​ច្រើន​សម្បូរ​តែ​អ្នក​ចិញ្ចឹម​មិន​សូវ​មាន​អ្នក​ចែក​ចាយ​ទេ​ តែ​ពួក​គាត់​មិន​ដឹង​វិធី​សាស្ត្រ​ត្រូវ​បញ្ចេញ​ទៅ​ខាង​ណា​។​

​អ្នក​ស្រី​ទិ​ត សុធា​រ៉ា​ បាន​បន្ត​ទៀត​ថា​ ជា​ទូទៅ​អ្នក​ចិញ្ចឹម​ឃ្មុំ​ក្រោយ​ពេល​ផលិត​ទឹកបាន គឺ​​យក​ទៅដាក់​លក់​នៅ​តាម​ទីផ្សារ​ដែរ ​តែ​ភាគ​ច្រើន​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លាច​ថា​ជា​ទឹកឃ្មុំ​ក្លែង​ក្លាយ​។ ​ថ្វីដ្បិត​តែ​អ្នក​ចិញ្ចឹម​ឃ្មុំ​មាន​ច្រើន​ទីតាំង​ក្តី​ តែ​ទឹកឃ្មុំ​ដែល​បាន​ដាក់​លក់​នោះ​គ្មាន​ប្រេនដ៍​ គ្មាន​ម៉ាក​ច្បាស់លា​ស់​ និង​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ជា​ដើម​។​

​អ្នកស្រី​ថ្លែងថា​​៖«​ខាង​ទឹកឃ្មុំ​ចិញ្ចឹម​បែប​ធម្ម​ជាតិ​ហ្នឹង​នៅ​មិន​ទាន់​មាន​សមា​គម​ទេ​ តែ​ខាង​ឃ្មុំ​ព្រៃ​មាន​ហើយ​។​បច្ចុប្បន្ន​ខ្ញុំ​កំពុង​តែ​ចូល​រួម​ជាមួយ​អ្នក​ចិញ្ចឹម​ឃ្មុំ​ផ្សេង​ទៀត​ដើម្បី​កសាង​ជា​ក្រុម​១​ចង​ក្រង​ឱ្យទៅ​ជា​សមាគម​»៕