ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន បាន​សម្រេច​ឱ្យ​មេធាវី​របស់​លោក​រៀបចំ​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់​លើ​លោក​ ជា ប៉ូច ដែល​ជា​សមា​ជិក​គណៈ​កម្មាធិកា​រ​អចិន្ត្រៃយ៍​គណ​បក្ស​ភ្លើង​ទៀន​ហើយ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជាក៏បាន​បដិ​សេធ​លើ​ការ​សុំទោស​​របស់​លោក​ ជា ប៉ូច ផងដែ​រ​។​

​លោក​ ហ៊ុន ​សែន ​បាន​សរសេរ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​នៅ​ល្ងាច​ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ​២០២៣​ថា៖ «​ខ្ញុំ​សុំ​មេធាវី​របស់​ខ្ញុំ​ត្រៀម​រៀបចំ​ដំណើរ​ការ​តាមផ្លូវ​ច្បាប់​ទាំង​២​ករណី ​ទាំង​ករណី​ ជា ប៉ូច ​ទាំង​​ករណី​លិខិត​បដិសេធ​តែ​ត្រូវ​រង់ចាំ​រហូត​ថ្ងៃ​៣០ ​ឧសភា​២០២៣​ដើម្បី​ ជា ប៉ូ​ច​ ធ្វើកា​រ​សម្រេចចិ​ត្ត​និង​គណ​បក្ស​ធ្វើការ​ប​កស្រាយ​អំពី​លិខិត​បដិ​សេធ​​»​។​

​លោក​នាយ​ក​រដ្ឋ​មន្ត្រី បាន​បន្តថា​ ករណី​លោកជា​ ប៉ូច​ បាន​កើត​ឡើង​​ច្រើន​ថ្ងៃ​ហើយ​រាប់​ទាំ​ង​លោក ​ជា ប៉ូច ​សរសេរ​លិខិត​មកសុំ​​ទោស​លោកនា​​យក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ​ខែឧស​ភា ឆ្នាំ​២០២៣​ ទាំង​សារ​សំឡេ​ង និង​លិខិត​រប​ស់លោក​ ជា ប៉ូច ​ដែល​សុទ្ធតែ​ទទួលស្គា​​ល់​ពាក្យ «​ទម្លាក់​ហ៊ុន ​សែន​» ឱ្យ​បាន​។​

​លោក​ហ៊ុន សែ​ន បាន​បញ្ជាក់​ថា៖ «​ប្រាប់​ទៅ ជា​ ប៉ូច​ ថា​ ពាក្យ​ទម្លាក់​មាន​វិធី​ច្រើនយ៉ា​ង​តាម​របៀប​បោះ​ឆ្នោត​ដូច​ការ​ពន្យល់​របស់​ប៉ូច​ ក្នុង​លិខិត​ថ្ងៃ​១៥​ ឧសភា​ ២០២៣​។​តាម​វិធី​រដ្ឋប្រ​ហារ​យោធា តា​ម​ការ​ប្រើ​ប្រាស់​បដិវត្តន៍​ពណ៌​ដែល​គេ​ប្រើ​នៅ​ច្រើន​កន្លែង ច្រើ​ន​ប្រទេស​ដែលមាន​ឈ្មោះ​ខុសគ្នា​ តែមាន​គោល​ដៅ​ទម្លាក់ ​ឬ​ផ្តួល​រលំ​ដូចគ្នា​រហូតដល់​ការធ្វើឃាត​ឬ​គ្រប់​សក​ម្មភាព​ឱ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវ​កម្ចាត់​ឱ្យ​ខាងតែបាន​»​។​

​លោក​បាន​បន្តថា៖«​ប៉ូច​អាច​ប្រើពាក្យ​ផ្សេងទៀត​ក្រៅពី​ពាក្យ​ទម្លាក់​តែ​ ប៉ូច​និង​បក្ស​របស់ខ្លួន​វា​មាន​ចរិត​បែបនេះ​ជា​រៀងរហូត​មកហើយ​ក្លាយជា​វប្បធម៌​សងសឹក​មិនចេះចប់​ ទាំង​មេ​ទាំង​កូន​។​ខ្ញុំ​មិន​ទទួលយក​ការសុំ​ទោស​នោះឡើយ​ ប៉ូច​គិត​ខ្លួនឯង​ទៅ​តើ​គួរ​ធ្វើ​បែបណា​?​ដើម្បី​ខ្លួន​និង​ក្រុមគ្រួសារ​ឬ​សុខចិត្ត​សែង​ខ្មោច​អា​ក្បត់ជាតិ​៣​ជំនាន់​យកទៅ​កប់​»​។​

លោកជា ប៉ូច បាន​និយាយ​តាមរយៈ​សំឡេង​សារ​ពី​ការទម្លាក់​លោកហ៊ុន សែន ថា ៖ «​តាំងពី​ខ្ញុំ​ធ្វើ​នយោបាយ​តាំងពី​អាយុ​១៩​ឆ្នាំ​មក សហការី និង​មេ​ខ្ញុំ ស្លាប់​មិនតិច​ទេ​។ ការឈឺចាប់​នេះហើយ​ទោះបីជា​គេ​ធ្វើបាប​យើង​យ៉ាងណាក៏ដោយ យើង​ដឹង​គោលដៅ​យើង​យ៉ា​ង​ម៉េច​?ខ្ញុំ​និយាយ​ត្រង់ គោលដៅ​របស់ខ្ញុំ គឺ​ត្រូវតែ​ទម្លាក់ ហ៊ុន សែន ឱ្យបាន​»​។​

​យោងតាម​លិខិត​ចំហរបស់លោកជា ប៉ូច ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ចុះ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ពី​ប្រទេស​ថៃ លោក​បានធ្វើ​ការប្រកាស​បដិសេធ យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News កាលពី​រាត្រី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ដែល​បាន​ចោទប្រកាន់​រូបលោក​ថា មានបំណង​ផ្តួលរំលំ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​។​

​លោកជា ប៉ូច បានសរសេរថា រយៈពេល២៧ឆ្នាំ​នៃ​សកម្មភាព​នយោបាយ​រប​ស់លោក​ជាមួយ​គណបក្សប្រឆាំងគឺ​ក្នុង​គោលបំណង​ជំរុញនិង​លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និង​ការគោរព​សិទ្ធិមនុស្សនៅក្នុង​ប្រទេស​កម្ពុជាដោយ​ប្រកាន់ខ្ជាប់​នូវគោលការណ៍​អហិង្សានិង​សន្តិវិធីស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ រដ្ឋធម្មនុញ្ញនិង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា៖ «​ខ្ញុំ​សូម​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News កាលពី​រាត្រី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៣ និង​ឃ្លី​ប​វីដេអូ​កាត់ត​រយៈពេល២២វិនាទី ថា គោលដៅ​ខ្ញុំ​គឺ​ត្រូវ​ទម្លាក់ហ៊ុន សែន ឱ្យបាន​។ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិនដែល​មានគំនិតឬ​សូម្បីតែ​គិត​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​ទេ​»​។

«​អ្វីដែល​ខ្ញុំ​បាន​និយាយ​កន្លងមកគឺ​ដើម្បី​ធ្វើការ​ពង្រឹង​ជំហរ​សកម្មជន​របស់​គណបក្សប្រឆាំងដើម្បី​ចូលរួម ប្រកួតប្រជែងនិង​យកជ័យ​ជម្នះ​លើ​គណបក្សកាន់អំណាចគឺ​គណបក្ស​ប្រជាជន​កម្ពុជាដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោតាមរយៈ​ការបោះឆ្នោតដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក ជា ប៉ូច តាមរយៈ​លិខិត​បើកចំហ​នេះ​។​

​ជាមួយគ្នា​នោះដែរ លោក ជា ប៉ូច បាន​សរសេរ​លិខិត​បំភ្លឺ​មួយ​ផ្សេងទៀត​ជូនលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៣ លោក​បាន​បញ្ជាក់ថា៖ «​ខ្ញុំបាទ​បាន​និយាយ​នេះ មានការ​ឆ្គាំឆ្គង ប៉ះពាល់​ដល់​សម្តេច​តេ​ជោ ខ្ញុំបាទ​សូម​អភ័យទោស​សម្តេច​តេ​ជោពី​ចម្ងាយ​»​។​

​ក្នុង​លិខិត​នោះដែរ លោក ជា ប៉ូច ក៏បាន​ស្នើសុំ​អនុញ្ញាតឱ្យ​លោកនិង​គណៈប្រតិភូ​គណបក្ស​ភ្លើងទៀន ចូលរួម​សម្តែង​ការគួរសម ហើយ​លោក​នឹង​ធ្វើការ​សុំទោស​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់​ផងដែរ​៕