
ពលរដ្ឋពេលចុះចាប់ត្រីដែលពុលនៅស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៩ ឧសភា ។ រូបថត ហ្វេសប៊ុក
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា ករណីត្រីពុលក្នុងស្ទឹងព្រែកត្នោតបានកើតឡើងដោយសារមូលហេតុ ២ យ៉ាង គឺកត្តាធម្មជាតិ និងការហៀរកាកសំណល់រាវកខ្វក់ចេញពីរោងចក្រផលិតតំណាប់ស្វាយដែលនៅផ្នែកខាងលើ ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ថ្ងៃទី ២១ ខែឧសភា ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានស្អាតឡើងវិញ និងលែងមានការពុលដល់ត្រីទៀតហើយ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២១ ខែឧសភា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ចំពោះកត្តាធម្មជាតិ ត្រីតែងតែពុលដោយសារភ្លៀងធ្លាក់ខ្លាំងដំបូងដែលនាំឱ្យទឹកហូរពីទីផ្សេងៗចូលក្នុងស្ទឹងនាំឱ្យសភាពទឹកមានការប្រែប្រួលភ្លាមៗ។ ចំណែកកត្តាមួយទៀតដែលនាំឱ្យត្រីពុលគឺកើតឡើងដោយសារការហៀរកាកសំណល់រាវកខ្វក់ចេញពីរោងចក្រផលិតតំណាប់ស្វាយ ដែលនៅផ្នែកខាងលើ។ លោកបានបន្ថែមថា ក្រោយពីមន្ត្រីជំនាញបានបង្ហូរទឹកពីទំនប់ផ្សេងៗនៅផ្នែកខាងលើចូលមកទឹកស្ទឹងរួច ទឹកស្ទឹងក៏បានប្រែក្លាយជាធម្មតាវិញ និងលែងមានការពុលបន្តទៀត។
លោកថ្លែងថា៖«ការពុលហ្នឹងវាពុលតែ១ភ្លែតទេ តែឥឡូវវាទៅជាធម្មតាវិញហើយ ដោយឡែកបើទោះបីជាអ៊ីចឹងក៏ដោយគឺយើងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យរោងចក្រខាងលើៗហ្នឹងគាត់មានការប្រុងប្រយ័ត្នដោយធ្វើអាងប្រព្រឹត្តិកម្មឱ្យបានត្រឹមត្រូវ»។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថា តាមការចុះត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង រោងចក្រផលិតតំណាប់ស្វាយពុំបានរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវបានគ្រប់គ្រាន់ ជាហេតុនាំឱ្យមានការហៀរកាកសំណល់រាវពីរោងចក្រផ្ទាល់ដោយពុំមានការសម្អាត ចូលតាមប្រឡាយ តាមអូរផ្សេងៗ និងតាមស្ទឹងតូច បន្តបន្ទាប់រហូតចុងក្រោយហូរធ្លាក់ដល់ស្ទឹងព្រែកត្នោត។
លោកបញ្ជាក់ថា៖«ការហូរកាកសំណល់រាវចេញពីរោងចក្របានធ្វើឱ្យទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង ឡើងពណ៌ខ្មៅ និងមានក្លិនស្អុយព្រោះពុំមានចរន្តទឹកហូរពីផ្នែកខាងលើមកផ្នែកខាងក្រោម ព្រោះផ្នែកខាងលើនៃដងស្ទឹងតូច ត្រូវបានគេទប់ទឹកសម្រាប់ធ្វើការស្រោចស្រព»។
លោកបានបន្ថែមថា ស្ថានភាពទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោតដែលមានប្រវែងសរុបប្រមាណ១៥ គីឡូម៉ែត្រមានពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់និងពុំអាចប្រើប្រាស់បានឡើយ ។
តាមរបាយការណ៍របស់មន្ទីរបរិស្ថាន រោងចក្រដែលបានបំពុលបរិស្ថានរហូតងាប់ត្រីនេះគឺ Boengket Planting & Industrial Co., Ltd ផលិតតំណាប់ស្វាយ។ ចំណែកប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់រួមមាន នៅភូមិពាមទុង ស្ថិតក្នុងឃុំត្រែងត្រយឹង និង នៅភូមិកុមារពេទ្យ-ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច។
បើតាមលោកឱម ម៉ាក់ធារី ក្រុមការងារជំនាញបានស្នើសុំគោលការណ៍ទៅក្រសួងបរិស្ថានអនុវត្តវិធានការរដ្ឋបាលចំពោះរោងចក្រនេះ ដោយធ្វើការពិន័យអន្តរការណ៍ ផាកពិន័យតាមច្បាប់ សងថ្លៃការស្ដារ និងការខូចខាតបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំង រៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានគ្រប់គ្រាន់កុំឱ្យមានការហៀរកាកសំណល់រាវកខ្វក់ចូលទឹកស្ទឹងព្រែកត្នោតជាថ្មី។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភាថា បញ្ហានេះក្រសួងបរិស្ថាននឹងពិនិត្យមើលឱ្យបានច្បាស់លាស់ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់នៅពេលទទួលបានលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង។
លោកបានបញ្ជាក់ថា៖«មន្ត្រីជំនាញនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានបានចុះពិនិត្យនិងធ្វើការស៊ើបអង្កេតករណីនេះយ៉ាងហ្មត់ចត់ដើម្បីដឹងពីមូលហេតុពិតប្រាកដនៃករណីពុលត្រីនៅក្នុងស្ទឹងព្រែកត្នោតនេះ ហើយនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ ពេលទទួលបានលទ្ធផលជាក់លាក់»។
តាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺបានឱ្យដឹងថា ពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់ស្ន និងខ្លះកាន់កញ្ច្រែង ដើម្បីចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោតខណៈត្រីនៅក្នុងស្ទឹងនេះកំពុងពុលទឹកនៅព្រឹកថ្ងៃទី១៩ ខែឧសភា។ ប្រភពបន្តថា ប្រជាពលរដ្ឋជាអ្នកនេសាទចាប់បានត្រីយ៉ាងច្រើនក្នុងម្នាក់ៗដែលមានទាំងត្រីតូចនិងធំៗ៕