បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តការពារ និងថែរក្សាសុខសន្តិភាព ខណៈលោកលើកឡើងថា នៅកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន នៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២០ ខែឧសភា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែងមានប្រសាសន៍ថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវឌ្ឍប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
លោកបានគូសបញ្ជាក់ថា៖ «ទន្ទឹមនឹងការវិវឌ្ឍប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជាក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមាន ភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ»។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកលោក ស ខេង។
យ៉ាងណាក៏ដោយលោក ស ខេង មិនបានបញ្ជាក់លម្អិតថាតើក្រុមជ្រុលនិយម ឬក្រុមអគតិដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចលសង្គមនោះជានរណានោះទេ។ ទោះបីជាបែបនេះក្តីលោក ស ខេង បញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពី មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុករតនមណ្ឌលផងដែរ។
ទន្ទឹមនេះ លោក ស ខេង បានថ្លែងអំណរគុណ ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ ក្នុងស្រុករតនមណ្ឌល ដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃនេះ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុករតនមណ្ឌល ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យស្រុករតនមណ្ឌល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជាការពិតប្រជាពលរដ្ឋកម្ពុជា នៅមូលដ្ឋាននិងទីប្រជុំជនក្តី ជារួមការទទួលព័ត៌មានអាចមិនទាន់ចេះផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយគ្រប់គ្នានោះទេ ដូច្នេះព័ត៌មានដែលទទួលបានមកមិនបានផ្ទៀងផ្ទាត់គ្រប់ជ្រុងជ្រោយអាចនឹងងាយជឿទៅលើអ្នកនយោបាយឃោសនាបែបអវិជ្ជមាន ខណៈពេលដែលកម្ពុជាជិតបោះឆ្នោតផង។
លោកបន្តថា ដូច្នេះការអំពាវនាវឱ្យកងកម្លាំងបន្តថែរក្សាធានាសណ្តាប់ធ្នាប់សន្តិសុខសង្គមនាពេលនេះគឺជាការចាំបាច់ណាស់ ពីព្រោះកាលណាប្រជាពលរដ្ឋជឿលើព័ត៌មានខុសឬវិភាគខុសហើយយកទៅអនុវត្តនាំឱ្យមានបញ្ហាដល់សង្គម។
លោកថា៖ «យើងដឹងហើយ រាជរដ្ឋាភិបាលទើបតែធ្វើពិធីរំឭកទិវាជាតិនៃការចងចាំ ២០ ឧសភា នេះជាអ្វីដែលធ្លាប់ឆ្លងកាត់សង្គ្រាម អ៊ីចឹងការធានានូវសុខសន្តិភាពសណ្តាប់ធ្នាប់សង្គម គឺជាបញ្ហាចាំបាច់ ដើម្បីធានានូវសុខុមាលភាពសង្គម ឱ្យយើងមានឱកាសអភិវឌ្ឍបន្តទៀត»។
គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ និងថែរក្សានូវសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក៕