ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងបោះពុម្ពបណ្ណព័ត៌មានបោះឆ្នោតជាង ៩,៧ លានបណ្ណ សម្រាប់អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ និងត្រៀមចុះចែកបណ្ណនេះនៅថ្ងៃទី ២៨ ខែឧសភា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។
លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.បបានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែឧសភាថា ចំនួនបណ្ណព័ត៌មាននៃអ្នកបោះឆ្នោតដែលគ.ជ.បកំពុងតែបោះពុម្ពគឺស្មើនឹងចំនួនអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលមានចំនួន៩លាន៧សែន១០ម៉ឺន៦៥៥សន្លឹក។
លោកបានបន្តថា ក្រោយបោះពុម្ពរួចចប់សព្វគ្រប់ គ.ជ.បនឹងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេស។ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះនឹងបង្ហាញអំពីអត្តសញ្ញាណសាមីខ្លួន លេខរៀង និងការិយាល័យបោះឆ្នោតដែលពួកគេនឹងទៅបោះឆ្នោត។
លោកបានថ្លែងថា៖«គ.ជ.បនឹងបោះពុម្ពឱ្យបានរួចរាល់នៅមុនថ្ងៃចែកជូនប្រជាពលរដ្ឋដែលគ្រោងនឹងចាប់ផ្តើមចែកបណ្ណនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ»។
លោកបានបន្ថែមថា ការបោះពុម្ពបណ្ណព័ត៌មាននៃអ្នកបោះឆ្នោតនេះមិនមានការលំបាកនោះទេព្រោះមន្ត្រីបច្ចេកទេសរបស់គ.ជ.បគ្រាន់តែស្រង់ទិន្នន័យយកចេញពីបញ្ជីបោះឆ្នោតផ្លូវការបស់គ.ជ.បប៉ុណ្ណោះ។
បើតាមលោកហង្ស ពុទ្ធា សម្រាប់ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមន្ត្រី គ.ជ.ប នឹងសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននៅតាមភូមិនិងឃុំ ហើយយកទៅចែកជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានដឹងពីកាលបរិច្ឆេទ និងទីតាំងការិយាល័យបោះឆ្នោតនៅពេលខាងមុខ។
បើតាមមន្រ្តីអ្នកនាំពាក្យ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនោះទេ គឺគ្រាន់តែជាបណ្ណផ្តល់ព័ត៌មានលេខរៀង និងការិយាល័យរបស់អ្នកបោះឆ្នោតប៉ុណ្ណោះ ខណៈឯកសារដែលអាចចូលរួមបោះឆ្នោតបានគឺអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ពាក់ព័ន្ធការចែកបណ្ណព័ត៌មាននេះ លោកស្រីហេង ស្រីពៅ មេឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់នៅថ្ងៃទី២២ ខែឧសភាថា អាជ្ញាធរឃុំតែងតែមានកិច្ចសហការល្អជាមួយនឹងមន្ត្រីគ.ជ.ប ក្នុងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ។
លោកស្រីបន្តថា ក្រោយទទួលបានបណ្ណព័ត៌មាននេះ ទាំងមន្ត្រីគ.ជ.ប មន្ត្រីឃុំ និងមេភូមិ នឹងជួបប្រជុំគ្នា ដើម្បីយកបណ្ណទាំងអស់នោះជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ។
លោកស្រីហេង ស្រីពៅ បញ្ជាក់ថា៖«បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះបានបញ្ជាក់ពីឈ្មោះ ទិន្នន័យផ្សេងៗពាក់ព័ន្ធអ្នកបោះឆ្នោត និងលេខរៀងការិយាល័យបោះឆ្នោត។ អ៊ីចឹង នៅពេលដែលគាត់ទទួលបានបណ្ណព័ត៌មាននេះ គាត់មានភាពងាយស្រួលរកការិយាល័យ និងលេខរៀងបោះឆ្នោត អត់ស្មុគស្មាញទេ»។
បើតាមប្រតិទិនរបស់គ.ជ.ប ដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានរយៈពេល៣០ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមន្រ្តី គ.ជ.ប. នឹងសហការជាមួយមន្រ្តីនៅតាមមូលដ្ឋាននីមួយៗ ចុះចែកបណ្ណព័ត៌មាននៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕