កំពង់ស្ពឺៈ យ៉ាងហោចណាស់មានផ្ទះចំនួន ៥៧ ខ្នង នៅឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានរងការខូចខាត ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២១ ខែឧសភា ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬសត្វទេ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលស្រុកថ្ពង។

លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភាថា ក្រោយទទួលបានព័ត៌មានអំពីករណីនេះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើម្បីពិនិត្យមើលនិងស្រង់ស្ថិតិលំនៅឋានប្រជាពលរដ្ឋរងគ្រោះ។ លោកបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋសរុបចំនួន៥៧ខ្នងរងការខូចខាតដួលរលំ នៅក្នុងភូមិចំនួន៣នៃឃុំរុងរឿងគឺភូមិចំបក់ស១២ខ្នង ភូមិរលាំងថ្លើង១៨ខ្នង និងភូមិថ្មីមាន២៧ខ្នង ។

លោកបានឱ្យដឹងថា៖«យើងបានស្រង់ស្ថិតិហើយកាលពីម្សិលមិញ ចំណែកថ្ងៃនេះមិនមានបាតុភូតអីកើតឡើងទៀតទេ។ ខ្យល់កន្ត្រាក់ម្សិលមិញកើតឡើងលឿនណាស់មួយភ្លែតម្សិលមិញនេះ អត់មាននរណាចាប់អារម្មណ៍ផង ស្រាប់តែម៉ោង៤រសៀល កើតឡើងព្រឹបប្រាវតែម្តង»។

លោកអធិការនគរបាលស្រុកថ្ពង បានឱ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា អាជ្ញាធរមូលដ្ឋានកំពុងរៀបចុះសួរសុខទុក្ខ និងយកអំណោយសប្បុរសធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានោះលោកអធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបសូមមានការប្រុងប្រយ័ត្នក្នុងពេលមានមេឃភ្លៀងមានខ្យល់ខ្លាំងម្ដងៗ ដែលអាចកើតមានគ្រោះធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្ត្រាក់ដែលអាចកើតឡើងជាយថាហេតុណាមួយ។

ដោយឡែក លោក ស គឹមឡុង អធិការស្រុកមោងឫស្សី ខេត្ដបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា បានប្រាប់ថា កាលពីថ្ងៃទី២០ ខែឧសភាក៏មានករណីខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងបានកើតឡើងនៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង និងធ្លាក់ពីលើជើងតាង១ខ្នង។ លោកបន្តថា រហូតមកដល់ថ្ងៃទី២២ ខែឧសភា អាកាសធាតុធម្មតាមិនមានភ្លៀងខ្យល់កន្ត្រាក់កើតឡើងបណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបន្ថែមទៀតទេ។

យោងតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា មានភ្លៀងធ្លាក់រាយប៉ាយដោយកន្លែងនៅតាមបណ្តាខេត្តផ្សេងៗដូចជា នៅពេលល្ងាចមានភ្លៀងធ្លាក់កម្រិតខ្សោយមកមធ្យមនៅស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពេលថ្ងៃត្រង់មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមក្នុងស្រុកបទុមសាគរ(ក្រៅតម្រង)និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅពេលរសៀលថ្ងៃដដែលនោះ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ-តិច នៅស្រុកពញាក្រែក និងអូររាំងឪ ខេត្តត្បូងឃ្មុំ ខណៈ ភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ក្រុងបាវិត ស្រុកស្វាយជ្រំ និងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រៅពីនេះក៏នៅមានភ្លៀងធ្លាក់នៅមានភ្លៀងធ្លាក់បន្តកម្រិតខ្សោយទៅតិចនៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងផងដែរ។

កាលពីឆ្នាំ២០២២ កន្លងទៅ មានករណីខ្យល់កន្ត្រាក់កើតឡើងចំនួន២១០លើកនៅរាជធានី ខេត្តទាំង២៥ ដែលបានធ្វើឱ្យមនុស្សស្លាប់៣នាក់ របួស និងជួយសង្គ្រោះ៧១នាក់ ចំណែកផ្ទះរលំ និងខូចខាត ១ ១១០ខ្នង ខូចតូបលក់ដូរ១៣តូប ផ្ទះរបើកដំបូល និងខូចខាតមធ្យម៩ ៥៣៣ខ្នង របើកដំបូលសាលារៀន៦៤អគារ អគារដ្ឋបាល២៥ ព្រះវិហារ និងកុដិលោក៤កន្លែង ដួលរលំ ឃ្លាំងកំពុងសាងសង់១កន្លែង និងលិចទូកនេសាទ៨គ្រឿង៕