រតនគិរីៈ កម្ពុជា-វៀតណាម-ឡាវ កំពុងរៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទី១ នៅតំបន់ព្រំដែនត្រីកោណមរតក ឬកន្ទុយនាគ ដែលជាចំណុចប្រសព្វនៃប្រទេសទាំង ៣ ក្នុងគោលបំណងឱ្យយោធានៃភាគីទាំង ៣ អាចពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
យោងតាមក្រសួងការពារជាតិនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងកំពុងចូលរួមពិភាក្សាការងាររៀបចំប្រារព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រីលើកទី១ កម្ពុជា-វៀតណាម-ឡាវ ដែលដឹកនាំដោយ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាមួយភាគីកងទ័ពប្រជាជនឡាវ និងភាគីវៀតណាម នាទីរួមខេត្តកន្ទុម ប្រទេសវៀតណាម កាលពីល្ងាចទី១៨ ខែឧសភាកន្លងមក។
ក្រសួងបានបន្តថា នៅថ្ងៃបន្ទាប់ ក្រុមការងារកម្ពុជាក៏បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីដោយផ្ទាល់ ដែលភាគីទាំង៣ ប្រទេសបានកំណត់យកតំបន់ព្រំដែនត្រីកោណមរកត ឬតំបន់ កន្ទុយនាគ ដែលជាបង្គោលព្រំដែនគោកទី១ នៃចំណុចប្រសព្វគ្នា របស់ប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ ជាទីតាំងប្រារព្ធពិធីជំនួបនោះ។
ជាមួយគ្នានោះ លោកឥត សារ៉ាត់ ដែលជាប្រធានក្រុមការងារភាគីកម្ពុជា បានលើកឡើងថា៖ «ជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី១ នៃប្រទេសទាំង៣កម្ពុជា-វៀតណាម-ឡាវ ជាការផ្ដល់ឱកាសដល់ក្រុមការងារកងទ័ពប្រទេសទាំង៣ បានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ នូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ ពីគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកបន្ថែមថា តាមរយៈការចុះពិនិត្យទីតាំងដោយផ្ទាល់ដល់តំបន់ព្រំដែនគោកត្រីកោណមរកត ឬតំបន់កន្ទុយនាគនេះ នឹងធ្វើឱ្យភាគីទាំង៣ ប្រទេស មើលឃើញកាន់តែច្បាស់ពីការពួតដៃគ្នា ពូនជ្រំកសាងខ្សែបន្ទាត់នៃតំបន់ប្រទេសទាំង៣ ប្រកបដោយស្ថិរភាពនយោបាយ សន្តិសុខ សន្តិភាព និងការអភិវឌ្ឍ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិរវាងកម្ពុជា វៀតណាម និងឡាវ មានសារៈសំខាន់ណាស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងអាចបង្ការលើឧបទ្ទវហេតុណាមួយរួមគ្នាក្នុងពេលខាងមុខ។
លោកបានថ្លែងនៅថ្ងៃទី២២ ខែឧសភា ថា៖ «ការពង្រឹងមិត្តភាពកងទ័ពទាំង៣ នេះបង្ហាញពីសាមគ្គីភាព និងទំនាក់ទំនងល្អជាប្រពៃណី និងបង្ហាញពីកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រាប់ទាំងវិស័យយោធា»។
លោក គិន ភា បានបន្ថែមថា ការពង្រឹងទំនាក់ទំនងសន្តិសុខ និងយោធា រវាងប្រទេសជិតខាងគ្នាជារឿងសំខាន់ ដើម្បីអាចជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍នានាទៀតរវាងប្រទេសទាំង៣ ជាពិសេសក្នុងក្របខ័ណ្ឌតំបន់តាមបណ្តោយព្រំដែន។
សម្រាប់លោកសេង វណ្ណលី សាស្ដ្រាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានកិច្ចការតំបន់ យល់ថា ជំនួបពិភាក្សាលើកដំបូងរវាងថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង៣ នេះ ដើម្បីពង្រឹងសន្តិសុខបណ្តោយព្រំដែន ខណៈចំណុចប្រសព្វរវាងកម្ពុជា-វៀតណាម-ឡាវ ដែលកន្លងមក ធ្លាប់កើតមានបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន តួយ៉ាង ពាណិជ្ជកម្មខុសច្បាប់ បញ្ហាអន្តោប្រវេសន៍ ជាដើម ហើយសព្វថ្ងៃជាចំណុចតំបន់អភិវឌ្ឍន៍។
លោកសេង វណ្ណលី ប្រាប់ថា៖ «ជំនួបប្រជុំរវាងថ្នាក់ដឹកនាំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣ បង្ហាញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់និងសន្តិសុខក្នុងតំបន់ប្រសព្វនោះ និងដើម្បីជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យសេដ្ឋកិច្ច ព្រោះមានភាពអសន្តិសុខ វាអាចប៉ះពាល់ដល់ការវិនិយោគក្នុងតំបន់នោះ»៕