ព្រះសីហនុៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការដែល​លោក​មិន​ធ្វើលិខិត​ទូល​សុំ​ព្រះមហាក្សត្រ​ឱ្យ​លើក​លែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១ ​រូប ឱ្យ​រួច​ផុតពី​សំណាញ់​ច្បាប់ គឺ​ដោយសារតែ​លោក មិន​ទុកចិត្ត​ទៅលើ​ទូត​បរទេស ដែល​នៅ​ពីក្រោយ និង​តែងតែ​ជួបពិភាក្សា​ជាមួយ​ជន​នោះ​។​

​ការគូសបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី ធ្វើឡើង​ដោយ​មិនបាន​បញ្ចេញ​ឈ្មោះ​បុគ្គល​រូប​ណា​ឡើយ​ប៉ុន្តែ​ត្រូវបាន​គេ​ដឹងថា គឺ​លោក​សំដៅលើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​តាម​អំណាច​សាល​ក្រម​របស់​តុលាការ ហើយ​ជា​​មួយ​នោះ​លោក​ហ៊ុន សែន ក៏​មិនបាន​និយាយ​សំដៅ​ទៅលើ​ទូត ឬ​ជនបរទេស​ណាមួយ​នោះដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជា​​មួយ កម្មករនិយោជិត នា​តំបន់​​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ ​២០២៣ លោក ហ៊ុន សែន ​បាន​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​អាចធ្វើ​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​លើក​​លែង​ទោស​ឱ្យ​អ្នក​នោះបាន ប៉ុន្តែ​លោក​មិន​ទុកចិត្ត​ជនបរទេស​ទាំង​ឡាយ​ឡើយ​។ ករណីនេះ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា មាន​ទូត​បរទេស​ខ្លះ បាន​ប្រមាថ ទៅលើ​រូបលោក ដែល​បានធ្វើការ​ជាមួយនឹង​រូបលោក​ក្នុងនាម​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់​ហើយ តែ​បែរ​ទៅធ្វើ​ការ ឬ​ជួប​ជាមួយនឹង​គេ ដែលជា​ជនជាប់ចោទ​បន្ថែមទៀត​។​

​ជុំវិញ​ករណីនេះ លោក ​ហ៊ុន​ សែន ក៏បាន​ផ្ដាំ​ទៅ​បណ្ដា​ទូត​នៅ​ភ្នំពេញ គួរ​យល់​ពី​ច្បាប់​នៃ​ន​យោ​បាយ​ការបរទេស ហើយ​លោក​សង្ឃឹមថា មិត្ត​បរទេស​ទាំងឡាយ គោរព​ទៅលើ​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា មិនមែនជា​រឿង​របស់​អ្នក​ទេ រឿង​ផ្ទៃក្នុង​របស់​កម្ពុជា ទុកឱ្យ​កម្ពុជា ជា​អ្នក​ដោះ​​ស្រាយ​។

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​សុំ​និយាយ​តែម្តង មាន​ស្តង់ដា​ហើយ​មក​សង្កត់​តែ​កម្ពុជា​ឱ្យធ្វើ​ដូចនេះៗ ដល់ពេល​ទៅជា​មួយ​គេ​អ្នកខ្លាំង​អត់​ហ៊ាន​ដែរ​។ ចុងក្រោយ​ព្រលះ​យកតែ​ម្តង ហ្នឹងហើយ​បាន​រឿង​ជាប់គុក មកពី​អ្នកឯង​ស្រឡាញ់​អ្នក​ហ្នឹង​ពេក​។ ទៅសួរសុខទុក្ខ​ដល់ផ្ទះ នាំ​អ្នក​​ហ្នឹង​ទៅ​ស្ថានទូត​ជួប ក្នុងពេលដែល​គេ​កំពុង​ស្រាវជ្រាវ​រឿង​ឃុ​ប​​ឃិត​ជាមួយ​បរទេស​»​។​

​លោក ហ៊ុន សែន បន្តថា​៖ «​បន្ទាប់មក​វា​ផ្តល់​មក​ហ៊ុន សែន​។ បើ​សាលក្រម​នោះ ហ៊ុន សែន ចង់​ធ្វើ ហ៊ុន សែន អាចធ្វើ​បានតែ​ ហ៊ុន សែន មិន​ទុកចិត្ត​អ្នកឯង ព្រោះ​អ្នកឯង​លេង​ខូច ចាប់ដៃ​ជាន់​ជើង​ខ្ញុំ​។ អ្នកឯង​មក​ធ្វើការ​ជាមួយ​ខ្ញុំ បន្ទាប់មក​អ្នកឯង​ទៅ​ជួប​ជាមួយនឹង​អ្នកផ្សេង​។ ខ្ញុំ​មិនមែនជា​ក្មេង​បៀម​ដៃ​ទេ​។ អ៊ីចឹង ហ៊ុន សែន មិន​លើកលែងទោស​ឱ្យ​ទេ​។ អ្នកឯង​ធ្វើ​អី​ខ្ញុំ​»​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នាពេល​កន្លងទៅ លោក កឹម សុខា បាន​ភ្លេចខ្លួន ដោយ​មិនបាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ហាម​មិនឱ្យ​ជួប​មន្ត្រី​ទូត ឬ​ជនបរទេស ឬ​សកម្ម​ជន របស់ខ្លួន​។ លោក​បាន​បន្តថា ប៉ុន្តែ​គាត់​នៅតែ​ទទួល​ជួប និង​ទៅ​ជួប​មន្ត្រី​ទូត​នៅ​កម្ពុជា និង​មន្ត្រី​បរទេស​មកពី​ប្រទេស​ជា​ដើម​ព្រមទាំង​មន្ត្រី​អង្គការ​មួយចំនួន បានធ្វើឱ្យ​ប៉ះពាល់​ច្បាប់​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​លោក យង់ ពៅ បាន​ថ្លែងថា​៖ «​ជា​សេចក្តីសន្និដ្ឋាន​របស់ខ្ញុំ ខ្ញុំ​យល់ឃើញថា យើង​ត្រូវតែ​អនុវត្តតាម​វិធាន​ច្បាប់​ផ្ទៃក្នុង​របស់​រដ្ឋ​នីមួយៗ ទើប​ធ្វើឱ្យ​រដ្ឋ​នោះ​មាន​អធិបតេយ្យ​ដឹកនាំ​រដ្ឋ​បានល្អ មាន​សណ្តាប់ធ្នាប់ មិនមាន​ការ​បំពាន​អធិបតេយ្យ​របស់​រដ្ឋ​»​។

​សូមបញ្ជាក់ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ឱ្យ​ឃុំខ្លួន នៅក្នុង​គេហដ្ឋាន​រយៈពេល ២៧​ ឆ្នាំ​ពីបទ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជ​រដ្ឋា​​ភិ​បាល​ឬ​ពីបទ ​«​ក្បត់ជាតិ​»​ កាល​​ពីថ្ងៃ​ទី ​៣ ខែមីនា ឆ្នាំ​ ២០២៣៕