ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ប្រាប់បរទេសជាថ្មីម្តងទៀតថា កម្ពុជាមិនមានវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកនៅឆ្នេរសមុទ្ររាមនោះទេ។ ជាមួយគ្នានេះលោកបានលើកឡើងថា ចិនក៏មិនបានមកបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើអ្វីស្រេចតែចិត្តនោះដែរ។
លោកថ្លែងថា៖ «បើអ្នកមិនជឿខ្ញុំ ខ្ញុំក៏អត់ជឿអ្នកដែរ។ វាមិនមែនមានសិទ្ធិតែរបស់អ្នកឯងទេ។ វាជាសិទ្ធិរបស់ខ្ញុំដែរ។ ត្រូវយល់អំពីបញ្ហាហ្នឹង។ ពេលប្រជុំអាស៊ានខ្ញុំនិយាយច្បាស់ទៅលើបញ្ហាហ្នឹង ហើយៃម្ង៉ៗនិយាយណាស់ អារឿងបញ្ហារាម។ ខ្ញុំបានប្រាប់ថា រាមនៅលើគោក តែអ្វីដែលយើងពិបាកនោះ គឺអានៅក្រោមទឹកនោះ វានុយក្លេអ៊ែរអត់?»។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ ១ ផ្លូវ ១ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅថ្ងៃទី ២២ ខែឧសភា ក្រោមវត្តមានលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផងដែរ។
លោកបញ្ជាក់ថា លោកបានលើកឡើង ៣ ដងរួចមកហើយ នៅក្នុងអាស៊ានពីរឿងនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ ដោយលោកបន្ថែមថា នេះជាចំណុចចាប់ផ្តើម ហើយបើមិនគ្រោះថ្នាក់ដល់អាស៊ានទេ ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកណាចង់ថាអីថាទៅ អាហ្នឹងជាគំនិតរបស់កម្ពុជា។ កម្ពុជានៅលើគោកសោះ! ពន្យល់មិនព្រមយល់។ បើអ៊ីចឹង កម្ពុជាក៏មានសិទ្ធិមិនយល់នូវការពន្យល់របស់អ្នកទាំងឡាយផងដែរ។ បើខ្ញុំពន្យល់អ្នកឯងនៅលើគោកសោះ អ្នកឯងអត់ព្រមយល់ រឿងអីទៅខ្ញុំយល់អ្នកឯងនៅក្នុងទឹក។ មិនដឹងអ្នកឯងដាក់អាវុធនុយក្លេអ៊ែរ ឬមិននុយក្លេអ៊ែរ។ ខ្ញុំក៏អត់យល់ដែរ។ អាហ្នឹងគឺត្រូវតែនិយាយគ្នា»។
លោកបានបន្តថា៖ «មិនមែនមកដល់ចំពោះមុខចិនហើយ មិនមែនចិនមកបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើអីស្រេចតែចិត្តទេ» ហើយថា លោក វ៉ាង វិនធៀន ក៏មិនដែលប្រាប់កម្ពុជាថា «កុំធ្វើនេះ! កុំទៅធ្វើនោះ»។ កម្ពុជាមិនអាចទទួលបាននោះទេ ហើយសូម្បីតែប្រធានាធិបតីចិន លោក ស៊ី ជីនភីង ក៏មិនដែលបានប្រាប់កម្ពុជាថា «កុំទំនាក់ទំនងប្រទេសនេះ ប្រទេសនោះ» ដោយលោកបន្ថែមថា៖ «អាហ្នឹងគឺថានយោបាយឯករាជ្យរបស់កម្ពុជាដែលមានអ្នកខ្លះគឺលើកអ៊ីចេះ លើកអ៊ីចុះ កម្ពុជាអាយ៉ងចិន អាយ៉ងវៀតណាម។ អ្នកឯងថាអីថាទៅ! លើការជាក់ស្ដែង កម្ពុជាអនុវត្តនយោបាយឯករាជ្យដោយផ្អែកលើច្បាប់»។
កាលពីខែមីនា លោក ហ៊ុន សែន ធ្លាប់បានថ្លែងដោយរំឭកថា បរទេសមួយចំនួនបានខិតខំ ដើរពន្យល់បណ្តាប្រទេសអាស៊ានឱ្យយល់អំពីនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ តែ មិនមែនជាអាវុធនុយក្លេអ៊ែរក្នុងពេលដែលតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់គ្មាននុយក្លេអ៊ែរ ហើយលោកចោទជាសំណួរថា ហេតុអីបានជាពួកគេមក ពន្យល់លោកហើយលោកក៏ទទួលការយល់ ឯលោកពន្យល់ពួកគេវិញ តែពួកគេមិនព្រមយល់។
លោកថ្លែងថា៖ «ថ្ងៃមុនខ្ញុំនិយាយជាមួយទូតអូស្ត្រាលីយ៉ាងច្បាស់។ ខ្ញុំថាខ្ញុំយល់ខ្ញុំថាអាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែរទេ គឺនាវាមុជទឹកដើរដោយនុយក្លេអ៊ែរទេ។ ខ្ញុំយល់តើអាហ្នឹង!ប៉ុន្តែហេតុអីបានពួកអ្នកឯងអត់ព្រមយល់ពីខ្ញុំវិញនូវការដែលខ្ញុំពន្យល់ថា ខ្ញុំមានការចាំបាច់ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជា»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែឧសភាថា បញ្ហាសមុទ្ររាមនេះគឺជារបៀបវារៈនយោបាយ ដែលជារឿងដដែលៗ ដែលតែងតែកើតមានឡើង ហើយមែនទែនទៅ រដ្ឋាភិបាលនៃប្រទេសមួយត្រូវតែមានលទ្ធភាពអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួនកុំថាឡើយត្រូវអភិវឌ្ឍកំពង់ផែរាមនោះ ប៉ុន្តែក៏ត្រូវអភិវឌ្ឍវិស័យការពារជាតិខ្លួនទាំងមូលតែម្ដង ពីព្រោះគ្មានប្រទេសណាមួយដែលមិនមានវិស័យការពារជាតិខ្លួនរឹងមាំនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹង មិនគួរអីប្រទេសជឿនលឿនមហាអំណាចមកឈឺឆ្អាលរឿងយើងការពារខ្លួនយកសមត្ថភាពទៅការពារខ្លួនទេ។ អ៊ីចឹង វាជារបៀបវារៈនៃភូមិសាស្ត្រនយោបាយរបស់បណ្ដាប្រទេសទាំងអស់ហ្នឹង។ ខ្ញុំមិនថា ប្រទេសណាទេ។ អ្នកណាអ្នកនិយាយគឺអ្នកហ្នឹង ហើយខ្ញុំសំដៅអ្នកហ្នឹងហើយ»៕