កោះកុងៈ កូនអណ្តើកហ្លួងចំនួន ១២២ ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ ហើយនេះជាលើកទី ៣ ផងដែរ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ ឱ្យដឹងថា អង្គការ WCS និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្សរីករាយក្នុងការប្រកាសពីភាពជោគជ័យដ៏អស្ចារ្យស្ដីពីការទទួលបានកូនអណ្តើកហ្លួងនេះ។
អង្គការ WCS បានបញ្ជាក់ថា ក្នុងរដូវពងកូនឆ្នាំ ២០២៣ នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបាន ២១ សម្បុក ស្មើ ២៧២ ពង ហើយញាស់បានចំនួន ១២២ កូន។
បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ ២០២២ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពេលនោះញាស់បានតែ ៣០ កូនក្នុងចំណោមពង ៩ សម្បុកដែលមាន ៨១ ពង។ នេះបើតាមការបន្ថែមពីអង្គការ WCS។
ប្រធានមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងនៃអង្គការ WCS លោក Christopher Poyser បានលើកឡើងថា ការកើនឡើងនូវចំនួនពងក៏ដូចជាចំនួនកូនអណ្ដើកហ្លួងក្នុងរដូវពងកូនលើកនេះ គឺបានបង្ហាញពីលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វដ៏កម្រជិតផុតពូជនេះកន្លងទៅ។
លោកបានថ្លែងថា៖ «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្នុងរដូវពងកូនក្នុងឆ្នាំបន្ទាប់ចំនួនកូនអណ្ដើកហ្លួងនឹងកាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ»។
ជាមួយគ្នានេះដែរ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលក៏បានលើកឡើងដែរថា លោកពិតជាមានមោទនភាពណាស់ដែលទទួលបានកូនអណ្ដើកហ្លួងយ៉ាងច្រើនក្នុងរដូវពងកូនក្នុងឆ្នាំ ២០២៣ នេះ។ លោកបានបញ្ជាក់ថា៖ «នេះជាក្ដីសង្ឃឹមដ៏ធំធេងរបស់យើងដើម្បីស្ដារចំនួនប្រភេទសត្វដ៏កម្រជិតផុតពូជនេះក្នុងប្រទេសកម្ពុជា»។
លោកអ៊ុក វិបុល បានបន្តថា៖ «រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង ក្នុងការបន្ដនូវកម្មវិធីបង្កាត់ពូជក៏ដូចជា ជំរុញឱ្យមានការសហការកាន់តែជិតស្និទ្ធរវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីអភិរក្សសត្វប្រភេទនេះឱ្យកាន់តែមានភាពប្រសើរឡើង ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
ទាក់ទងនឹងអណ្តើកហ្លួងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជានេសាទ ឱ្យចូលរួមជួយអភិរក្សអណ្តើកហ្លួង ឬអណ្តើកសរសៃ ដែលជាពូជអណ្តើកកម្រ និងប្រឈមនឹងការផុតពូជនៅកម្ពុជាដើម្បីឱ្យសត្វនេះមានលទ្ធភាពបង្កើនវត្តមានក្នុងជម្រកធម្មជាតិ ចៀសវាងបាត់បង់ដែលពិបាកស្តារឡើងវិញ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាសហគមន៍ ជាពិសេសប្រជានេសាទ សូមចូលរួមជាមួយរដ្ឋាភិបាល និងអាជ្ញាធរដើម្បីអភិរក្សសត្វអណ្តើកហ្លួង និងសត្វកម្រដទៃៗទៀតដោយកុំនេសាទ បរបាញ់ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ ដើម្បីឱ្យចំនួនសត្វកម្រកើនឡើងតួយ៉ាងសត្វអណ្តើកហ្លួងជាដើម ដែលអាចផ្តល់ជាសក្តានុពលផ្នែកទេសចរណ៍ផង»។
សូមបញ្ជាក់ដែរថា អណ្ដើកហ្លួង ដែលមានឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Bataguraffinis) ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជាដែលបានកំណត់ក្នុងព្រះរាជក្រឹត្យកាលពីឆ្នាំ ២០០៥។
បើតាមអង្គការ WCS ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ២៨១ ក្បាល ក្នុងនោះអណ្តើកហ្លួងមេពូជសម្រាប់កម្មវិធីបង្កាត់ពូជចំនួន ៥០ ក្បាល និងអណ្ដើកហ្លួងវ័យជំទង់ និងទើបតែញាស់ចំនួន ២៣១ ក្បាល។
ចាប់តាំងពី ២០១៥ មក អង្គការសមាគមអភិរក្សសត្វព្រៃបានលែងអណ្ដើកហ្លួងវ័យជំទង់ និងពេញវ័យចូលទីជម្រកធម្មជាតិវិញចំនួន ១៦៦ ក្បាល ដើម្បីបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ៕