សៀមរាបៈ អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) មន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប និងដៃគូពាក់ព័ន្ធ បានប្រកាសផ្ដល់ការវះកាត់ឥតគិតថ្លៃ ជូនដល់អ្នក ដែលមានបញ្ហាបបូរមាត់ឆែប ឬក្រអូមឆែប និងអ្នកដែលមានបញ្ហាមុខខុសប្រក្រតីផ្សេងៗនៅដើមខែមិថុនាខាងមុខ ក្នុងខេត្តសៀមរាប។
ការរៀបចំវះកាត់ឥតគិតថ្លៃនេះនឹងធ្វើឡើងនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាបដោយទទួលបានការសហការពីមូលនិធិ BEAM ប្រចាំទីក្រុងហុងកុងមូលនិធិ Future Smile ប្រចាំនៅប្រទេសចិន មូលនិធិ The Smile Mission ប្រចាំនៅសង្ហិបុរីមូលនិធិ Bright Faces ប្រចាំនៅសហរដ្ឋអាមេរិក និងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
លោក ឈុត ចាំ មន្ត្រីផ្នែករដ្ឋបាលប្រចាំអង្គការស្នាមញញឹមកម្ពុជា ហៅជាភាសាអង់គ្លេសថា ស្មាយ ខេមបូឌា (SmileCambodia) បានឱ្យដឹងថា កម្មវិធីវះកាត់ឥតគិតថ្លៃនេះ ខាងអង្គការបានធ្វើជាច្រើនលើកមកហើយក្នុងមន្ទីរពេទ្យខេត្តសៀមរាបប៉ុន្តែលើកនេះខាងអង្គការបានរៀបចំកម្មវិធីវះកាត់ឥតថ្លៃនេះនៅក្នុងបរិវេណមន្ទីរពេទ្យយោធាវិញម្ដង។
លោកបន្តថា ការវះកាត់ឥតគិតថ្លៃនេះ ធ្វើឡើងសម្រាប់អ្នកដែលមានបញ្ហាមាត់ឆែប ឬក្រអូមឆែប និងអ្នកដែលមានស្ថានភាពមុខមាត់ ខុសប្រក្រតីផ្សេងៗផងដែរ ដោយមិនប្រកាន់ថាជាកុមារ មនុស្សចាស់ឡើយ គឺសុទ្ធតែទទួលបានការវះកាត់ និងព្យាបាលលើបញ្ហាទាំងអស់នេះ។
លោក ឈុត ចាំ បានឱ្យដឹងទៀតថា កម្មវិធីវះកាត់នេះ នឹងរៀបចំរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយចាប់ផ្ដើមទទួលចុះឈ្មោះអ្នក ដែលមានបញ្ហាជំងឺនេះនៅថ្ងៃទី១៣ មិថុនា នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។ ក្រៅពីការវះកាត់ដោយឥតគិតថ្លៃ ហើយការស្នាក់នៅសម្រាកព្យាបាល ក៏មិនមានការចំណាយលើសេវាអ្វីដែរ។
លោកបានបន្ថែមថា ចំពោះលក្ខខណ្ឌនៃការទទួលបានការវះកាត់បញ្ហាមុខ មាត់ ឬក្រអូមឆែបនេះ សម្រាប់មនុស្សចាស់ឬមនុស្សពេញវ័យ មិនមានលក្ខខណ្ឌតម្រូវអ្វីទេ ឱ្យតែមានសុខភាពល្អ ប៉ុន្តែសម្រាប់ទារក ឬកុមារគឺត្រូវមានលក្ខខណ្ឌខ្លះទើបអាចទទួលការវះកាត់បាន។
លោកបានបញ្ជាក់ថា៖«សម្រាប់ទារក ត្រូវមានអាយុចាប់ពី ៣ ខែ ឡើងទៅ និងតម្រូវឱ្យមានទម្ងន់គ្រប់ចំនួន ៦ គីឡូក្រាម និងចាប់ពី ១០ ខែ ឡើងទៅ ក៏តម្រូវឱ្យមានទម្ងន់ឱ្យគ្រប់ចំនួន ១០ គីឡូ ផងដែរ ទើបអាចទទួលបានការព្យាបាល និងវះកាត់បាន»។
លោក ឈុត ចាំ បានបន្តថា ៖ «ការវះកាត់ឥតគិតថ្លៃនេះដែរ សម្រាប់អ្នកដែលធ្លាប់ធ្វើការវះកាត់បញ្ហាមាត់ឆែប ឬក្រអូមឆែបពីមន្ទីរពេទ្យផ្សេងកន្លងមក ហើយមិនបានស្អាតល្អ ពួកគាត់ក៏អាចមកកែ និងទទួលសេវាវះកាត់ឥតគិតថ្លៃនេះបានដែរ»។
សូមបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានអាជ្ញាប័ណ្ណផ្តល់ការថែទាំវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលកើតមកមានបបូរមាត់ឆែប ក្រអូមមាត់ឆែប និងបញ្ហាពិការភាពមុខមាត់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។
អង្គការនេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល កាលពីនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ដោយមានមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀតជាដៃគូដ៏រឹងមាំ ដែលអាចធ្វើទៅបានសម្រាប់អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការវះកាត់ប្រចាំខែ នៅមជ្ឈមណ្ឌលស្នាមញញឹម។
ចាប់តាំងពីឆ្នាំ២០១៦ កន្លងមក អង្គការស្នាមញញឹមកម្ពុជា បានពិនិត្យនិងព្យាបាលជំងឺឆែបមាត់ ឆែប ក្រអូមមាត់ ជូនពលរដ្ឋបានចំនួន៥លើកនៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា៕