កំពង់ចាម: ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបើកយុទ្ធនាការតាមកម្រិតវិទ្យាល័យ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សក្នុងសម័យឌីជីថល ខណៈដែលក្រសួងនេះក៏បានដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិផងដែរ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងនាថ្ងៃទី២២ ខែឧសភាថា យុទ្ធនាការតាមកម្រិតវិទ្យាល័យបានចាប់ផ្តើមអនុវត្តជាលើកដំបូងកាលពីថ្ងៃទី២២ខែឧសភា ដោយធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ហើយនិងបន្តទៅកាន់វិទ្យាល័យគោលដៅតាមខេត្តមួយចំនួនរួមនឹងរាជធានីភ្នំពេញផងដែរ។

ការអនុវត្តនូវយុទ្ធនាការតាមកម្រិតវិទ្យាល័យនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធី«លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ»ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរនិងប្រកបដោយគុណភាពក្នុងយុគសម័យឌីជីថល។

យុទ្ធនាការនេះគឺយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយបានធ្វើការចុះជួបផ្ទាល់ជាមួយនឹងសិស្សានុសិស្សនៅថ្នាក់ទី១០ដល់ថ្នាក់ទី១២ដោយបានផ្តល់ការបណ្តុះបណ្តាលដល់តំណាងសិស្សថ្នាក់ទាំងនេះនៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងទាំងនោះអាចយកទៅបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់របស់ខ្លួនបាន។

ក្រសួងបានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលទាំងនោះទាក់ទងនឹងចំណុចមួយចំនួនដូចជាការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថា សិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀននិងមុខវិជ្ជានីមួយៗក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន»។

ក្រសួងអប់រំក៍បានឱ្យដឹងផងដែរថាចំណុចមួយទៀតគឺការរៀនដោយស៊ីជម្រៅ(Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចម្រុះ ដែលមានន័យថាសិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ។

ក្រសួងអប់រំបានបញ្ជាក់ថា៖«ចំណុចសំខាន់មួយទៀតដែរនោះគឺការបណ្តុះបណ្តាលការរៀនតាមបែបពន្លឿន(Accelerated Learning)សម្រាប់សិស្សថ្នាក់ទី១២ដែលលទ្ធផលនៃការសិក្សានៅទាបហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅបានប្រាប់ថា បច្ចុប្បន្ននេះ មិនថាតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសផ្សេងៗនៅក្នុងពិភពលោកទាំងមូល ប្រសិនបើដើរមិនទាន់សម័យឌីជីថលទេ វាពិបាកក្នុងការអភិវឌ្ឍខ្លាំងលើគ្រប់វិស័យទាំងអស់។

លោកមានប្រសាសន៍ថា៖«ការបញ្ចូលការបណ្ដុះបណ្ដាលលើកកម្ពស់សិស្សានុសិស្សតាមប្រព័ន្ធឌីជីថលនេះ វាគឺជារឿងចាំបាច់ទាន់សម័យកាលហើយខ្ញុំលើកទឹកចិត្តឱ្យក្រសួងធ្វើគ្រប់វិទ្យាល័យសិក្សាគ្រប់ខេត្ត ភូមិ តំបន់ ដើម្បីឱ្យសិស្សទទួលយកការអប់រំបែបនេះ»។

ដោយឡែកក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ក៏បានសម្ពោធដាក់ឱ្យដំណើរការគម្រោងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិផងដែរ នៅថ្ងៃទី២៣ ខែឧសភានៅវិទ្យាស្ថានជាតិអប់រំ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ជួន ណារ៉ុន បានថ្លែងនាឱកាសនោះថា គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជាហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីដែលត្រូវបានចុះកិច្ចព្រព្រៀងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

លោកហង់ជួន ណារ៉ុនបានបញ្ជាក់ថា៖«គ្រប់គម្រោងគាំទ្រពីដែគូអភិវឌ្ឍន៍ទាំងអស់ដើរតួនាទីស្នូលក្នុងកំណែទម្រង់វិស័យអប់រំ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។

គម្រោងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនេះត្រូវអនុវត្តរយៈពេល៦ឆ្នាំចាប់ពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ដែលគម្រោងចូលជាធរមាន រហូតដល់ខែធ្នូឆ្នាំ២០២៨ដោយផ្តល់ការគាំទ្រដល់វិទ្យាល័យគោលដៅចំនួន២៥៩សាលា។

សាលាទាំងនោះរួមមាន៖វិទ្យាល័យធនធានចំនួន៥០ វិទ្យាល័យបណ្តាញចំនួន១០២ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសចំនួន៤ និងវិទ្យាល័យទូទៅ១០៣ ដែលត្រូវបានបំពាក់ឧបករណ៍ស្ទែម និងបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការបណ្តុះបណ្តាល លើចំណេះដឹងគរុកោសល្យនិងវិធីសាស្រ្តបង្រៀនប្រកបដោយនវានុវត្តន៍ ការបញ្ចូលបច្ចេកវិទ្យាទៅក្នុងការបង្រៀនមុខវិជ្ជាស្ទែម និងសហគមន៍សិក្សាវិជ្ជាជីវៈ៕